ការបែកបាក់គឺ ជៀសមិនផុត។ គ្រាន់តែការបែកគ្នា ដោយហេតុផលផ្សេងៗគ្នា ប៉ុន្តែការឈឺចាប់មិនខុសគ្នាទេ។ ពាក្យថា «បំភ្លេច និង កាត់ចិត្ត» គឺងាយស្រួលក្នុងការនិយាយ ប៉ុន្តែវាពិបាកណាស់ នៅពេលដែលអ្នកអនុវត្តន៍។ ទោះជាយ៉ាងណា, ក៏អ្នកត្រូវតែទទួលយកការពិតដែរ ហើយមានតែខ្លួនអ្នកទេ ទើបអាចជួយខ្លួនអ្នកបាន។ ប្រសិនបើអ្នកចង់អោយរបួសអ្នកឆាប់ជា អាចសាកល្បងអនុវត្តន៍វិធីទាំង ៣ ខាងក្រោមនេះ៖
១. កុំគេចវៀសការពិត
ធ្វើតាមធម្មតា, កុំគេចវៀសការពិត។ អ្នកឈឺ អ្នកត្រូវទទួលស្គាល់ អ្នកចង់យំត្រូវតែយំ។ បញ្ចេញអារម្មណ៍ឈឺចាប់របស់អ្នកអោយអស់។ កុំបង្ខំខ្លួនឯង អោយគេចវៀសការពិត កុំព្យាយាមសើចនៅចំពោះមុខគេ។ ពេលណាដែលអ្នកបញ្ចេញវាមកក្រៅអស់ហើយ ខាងក្នុងរបស់អ្នកនឹងធូរស្រាលជាងមុន។
២. សិក្សាពីការឈឺចាប់របស់អ្នក
ជាធម្មតាទេ អ្នកដែលចាកចេញ អាចចាត់ទុកថាខុស។ ខុសព្រោះធ្វើអ្នកឈឺចាប់ ប៉ុន្តែអ្នកក៏ត្រូវសិក្សាអំពីស្នេហាចាស់មួយនោះដែរ ថាតើអ្នកមានកំហុសទេ ហើយកំហុសនោះមកពីអ្វី? មនុស្សយើងម្នាក់ៗគ្មានអ្នកណាដែលមិនធ្លាប់ខុសទេ អ្នកអាចខុសត្រង់អ្នកឆាប់ជឿទុកចិត្តគេពេក អ្នកខុសត្រង់អ្នកស្រលាញ់គេពេក បញ្ចេញអារម្មណ៍ស្រលាញ់ជ្រុលពេក ធ្វើអោយគេបានចិត្ត រហូតធ្វើអោយគេគិតថាការស្រលាញ់របស់អ្នកគឺ គ្មានតំលៃទាល់តែសោះសំរាប់គេ។ ដូច្នេះវាជាមេរៀនមួយសំរាប់អ្នក លើកក្រោយពេលជួបអ្នកថ្មី អ្នកមិនគួរឆាប់ទុកចិត្តគេពេកទេ រឹតតែមិនគួរប្រគល់អ្វីៗគ្រប់យ៉ាងអោយទៅគេ ព្រោះពេលដែលគេចាកចេញទៅ អ្នកនឹងមិនសល់អ្វី។
៣. ឈប់កុហកខ្លួនឯង
បន្ទាប់ពីបែកគ្នារួច អ្នកច្បាស់ជារំពឹងថា «គេនឹងត្រលប់មករកអ្នកវិញ នៅពេលដែលគេគិតឃើញពីកំហុសរបស់គេ រឺពេលដែលគេដឹងថាអ្នកជាមនុស្សសំខាន់សំរាប់គេ» បំភ្លេចចោលនូវគំនិតនេះទៅ។ រឿងដែលអ្នកត្រូវធ្វើនោះគឺ អ្នកត្រូវរស់នៅអោយបានល្អប្រសើរ ជាជាងរស់នៅតោកយាក រង់ចាំតែគេម្នាក់នោះ។ អ្នកត្រូវតែប្រាប់ខ្លួនឯងថា អត់គេក៏អ្នកអាចរស់បានដែរ ហើយអាចរស់នៅយ៉ាងមានក្តីសុខទៀតផង។ មានគេទើបអ្នកលំបាក ព្រោះគេធ្វើអោយអ្នកខ្វល់ចិត្តស្ទើររាល់ថ្ងៃ។ អ្នកព្រួយពីគេ តែគេវិញសោយសុខជាមួយគូកនរបស់គេ។ ដូច្នេះអ្នកត្រូវតែរៀនរស់នៅដោយគ្មានគេ។