យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី២៣ វិច្ឆិកា ដែលចុះហត្ថលេខាដោយលោករដ្ឋមន្ត្រី លឹម គានហោ បានឱ្យដឹងថា ស្ថានភាពអាកាសធាតុនៅប្រទេសកម្ពុជា និងកើនទ្បើងអតិបរិមាដល់៤០ទៅ៤១អង្សាសេ ស្របទៅតាមកម្រិតសីតុណ្ហភាពនៅលើផ្ទៃសមុទ្រ ដែលមានការកើនទ្បើងសម្រាប់ឆ្នាំ២០១៦ ខ្ពស់ជាងឆ្នាំ២០១៥នេះ ។
សេចក្តីជូនដំណឹងបានឱ្យដឹងថា បន្ទាប់ពីបានធ្វើការតាមដានទៅលើស្ថានភាពទូទៅនៃអាកាសធាតុ ពិសេសការតាមដានទៅលើកម្រិតសីតុណ្ហភាពនៅលើផ្ទៃសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច និងផ្ទៃសមុទ្រចិនខាងត្បូង (ដែលការប្រែប្រួលសីតុណ្ហភាព នៅតំបន់ទាំង២នេះ មានឥទ្ធិពលខ្លាំងមកលើស្ថានភាពអាកាសធាតុព្រះរាជាណាចក្រកម្ពុជា)រួចមក ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ឱ្យបានជ្រាបព័ត៌មានដូចខាងក្រោម៖
១-មហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិចៈ ចាប់តាំងពីខែមីនា ឆ្នាំ២០១៥មក កម្រិតសីតុណ្ហភាពនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិក មានការកើនទ្បើងពី០,៥-០,៧អង្សាសេ ហើយបើយោងទៅតាមការព្យាករ នៅក្នុងឆ្នាំ២០១៦ខាងមុខនេះ វាមាននិន្នាការកើនទ្បើងបន្តិចថែមទៀត ។
២-សមុទ្រចិនខាងត្បូងៈ យោងតាមការព្យាករ ចាប់ពីខែកុម្ភៈ ឆ្នាំ២០១៦ទៅ កម្រិតសីតុណ្ហភាពមានការកើនទ្បើងពី០,៥-១អង្សាសេ ពោលគឺកើនទ្បើងខ្ពស់ជាងដើមឆ្នាំ២០១៥កន្លងទៅ (ដើមឆ្នាំ២០១៥កំណើនសីតុណ្ហភាព មានត្រឹមតែ០,២-០,%អង្សាសេប៉ុណ្ណោះ) ។
ការកើនទ្បើងនៃកម្រិតសីតុណ្ហភាព ដូចបានជម្រាបជូនខាងលើ អាចនឹងធ្វើឱ្យស្ថានភាពអាកាសធាតុនៅក្នុងព្រះរាជាណាចក្រកម្ពុជា (ចាប់ពីខែធ្នូ ឆ្នាំ២០១៥ ដល់ខែឧសភា ឆ្នាំ២០១៦) មានដូចខាងក្រោម ៖
-សម្រាប់រដូវប្រាំងឆ្នាំ២០១៦នេះ ពិសេសក្នុងខែមេសា និងឧសភា អាកាសធាតុអាចនឹងមានសភាពក្តៅហួតហែង សីតុណ្ហភាពអតិបរមានឹងកើនដល់៤០-៤១អង្សាសេ ។
-រដូវវស្សាឆ្នាំ២០១៦ អាចនឹងមកដល់យឺត ហើយនៅដើមរដូវមានភ្លៀងធ្លាក់តិច ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ជ្រាបជាព័ត៌មាន និងសូមចូលរួមថែរក្សាទឹកទុកឱ្យបានល្អ សម្រាប់បម្រើដល់ការប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចជាសម្រាប់វិស័យកសិកម្ម ៕