បណ្ដាញទំនាក់ទំនងយក្ស Facebook បានប្រកាសឲ្យដឹងថា ខ្លួនកំពុងតែតេស្ដទៅលើការបង្កើត Video Channel សម្រាប់ផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ ហើយវានឹងផ្ដល់ដល់ម្ចាស់វីដេអូនូវប្រាក់ចំណូលវិញ នេះបើយោងតាមការចុះផ្សាយរបស់ Wall Street Journal ចេញផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៥នេះ។
Facebook បានប្រកាសឲ្យដឹងថា Video Channel នឹងត្រូវបញ្ចូលទៅក្នុង Home Page របស់អ្នកប្រើប្រាស់ ដោយក្នុងនោះ អ្នកប្រើប្រាស់អាច Save វីដេអូដែលមាននៅក្នុង News Feed ចូលទៅកាន់ Channel ផ្ទាល់ខ្លួនបាន ហើយ Facebook នឹងណែនាំនូវវីដេអូល្អដល់អ្នកប្រើប្រាស់ ដែលវីដេអូទាំងនោះគឺជាវីដេអូទាំងឡាយណាដែល Friends នៅក្នុង Facebook បានបង្ហោះ។
លោក Will Cathcart អនុប្រធានជាន់ខ្ពស់ទទួលបន្ទុកផ្នែកផលិតផលរបស់ Facebook បានថ្លែងឲ្យដឹងថា ក្នុងមួយឆ្នាំមានក្រុមហ៊ុនជាច្រើនបានចំណាយលុយប្រមាណ ២០០ពាន់លានដុល្លារអាមេរិក ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មតាម TV ប៉ុន្តែសម្រាប់អនាគត ប្រព័ន្ធអនឡាញនឹងក្លាយជាប្រព័ន្ធផ្សព្វផ្សាយពាណិជ្ជកម្មជាវីដេអូខ្លាំងជាង TV ហើយលោកជឿជាក់ថា ជាង ៣០ភាគរយនៃក្រុមហ៊ុន ទាំងនោះនឹងងាយមកចាប់យក Facebook ជាដៃគូវិញ។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នមានជាង ៤ពាន់លានវីដេអូត្រូវបានអ្នកប្រើប្រាស់ Facebook ទស្សនាជារៀងរាល់ថ្ងៃ៕