បុគ្គលដែលមានបទពិសោធន៍ ជំនាញ ការខិតខំប្រឹងប្រែង និងឆន្ទៈក្នុងការបំពេញការងារគឺជារឿងទូទៅមួយដែលមនុស្សទូទៅយល់ឃើញថា អាចធ្វើសម្រេចបានភាពជោគជ័យសម្រាប់ខ្លួនឯងផង និង សម្រាប់ស្ថាប័នផ្សេងៗទៀតផង។ យ៉ាងណាមិញ នៅក្នុងវិស័យអាជីវកម្មខ្នាតតូចថ្វីត្បិតតែបុគ្គលទាំងនេះមានសក្ដានុពល ក៏ប៉ុន្តែអ្នកដឹកនាំអាជីវកម្ម ឬ សហគ្រិនមិនត្រូវមើលរំលងចំណុចសំខាន់ៗចំនួន៥ ខាងក្រោមនេះនោះឡើយ។ តើអាជីវកម្មខ្នាតតូចត្រូវមានចំណុចអនុវត្តអ្វីខ្លះក្នុងអាជីវកម្មរបស់ខ្លួន?
១)បង្កើតបេសកកម្មយ៉ាងជាក់លាក់សម្រាប់ខ្លួនឯង (Set the Mission)
បេសកកម្មប្រៀបដូចជាក្បាលម៉ាស៊ីនយ៉ាងសំខាន់មួយដើម្បីដឹកនាំលោកអ្នកឆ្ពោះទៅរកគោលដៅដែលបានដៅទុកថា ហេតុអ្វីបានជាអ្នកចង់ទៅទីនោះ? តើអ្នកត្រូវកាន់ទីនោះដោយរបៀបណា? ឬ មានមធ្យោបាយអ្វីខ្លះដែលអាចធ្វើឲ្យអ្នកអាចសម្រេចគោលដៅរបស់អ្នកបាន? នៅពេលដែលអ្នកមានបេសកកម្មច្បាស់លាស់ មនុស្សឯទៀត ឬ ក្រុមការងាររបស់អ្នកនឹងមានទំនុកចិត្តអាចកសាងភាពជឿជាក់ និង សុទិដ្ឋិនិយមបម្រើការងាររបស់អ្នកដោយឥតងាករេ។ លើសពីនេះទៅទៀត វាក៏ជួយឲ្យមានភាតរភាព ឬ ការសហការល្អមួយកើតមានឡើងនៅក្នុងការងារអាជីវកម្មប្រចាំថ្ងៃទៀតផង។
២) ស្វែងរកបុគ្គលិកឲ្យត្រូវនឹងការងារ (Find The Right People)
ជាទូទៅអ្នកប្រហែលជាគិតថា បុគ្គលិកដែលវ័យឆ្លាត មានជំនាញច្បាស់លាស់ ឬ មានបទពិសោធន៍ច្រើនឆ្នាំទើបជាមនុស្សមានសក្ដានុពលបំផុតសម្រាប់ការងាររបស់អ្នក។ នេះអាចជាគំនិតល្អមួយ ប៉ុន្តែរឿងដែលត្រូវយកចិត្តទុកដាក់បំផុតនោះគឺអ្នកមិនចាំបាច់ស្វែងរកបុគ្គលិកល្អឥតខ្ចោះនោះទេ ពោលគឺស្វែងរកអ្នកណាម្នាក់ដែលត្រូវនឹងជំនាញ ឬ មានសមត្ថភាពធ្វើការងារដែលអ្នកត្រូវការ។ ទន្ទឹមនឹងនេះបុគ្គលនោះក៏គួរតែជាប្រភេទមនុស្សដែលចូលចិត្តធ្វើការងារជាក្រុម ឬ ការផ្លាស់ប្ដូរដើម្បីភាពវិជ្ជមាន ខណៈដែលមានមនុស្សឆ្លាត និង មានសមត្ថភាពមួយចំនួនបានមើលរំលងចំណុចទាំងនេះ។
៣) រៀបចំគោលដៅអាជីវកម្មឲ្យច្បាស់លាស់ (Set clear Goals)
មានគោលដៅដ៏ជាក់លាក់ក្នុងរយៈពេលខ្លី និង រយៈពេលវែងមួយគឺជាកម្មវត្ថុយ៉ាងសំខាន់សម្រាប់គាំទ្រដល់បេសកកម្មរបស់អ្នក ត្បិតអីវានឹងជួយជំរុញឲ្យក្រុមការងារទាំងមូលអាចធ្វើដំណើរយ៉ាងត្រឹមត្រូវតាមគោលដៅដែលបានកំណត់។ សំនួរដ៏សំខាន់នៅពេលនេះនោះគឺថា តើអ្វីទៅជាគោលដៅអាជីវកម្មរបស់អ្នក? ការសួរបែបនេះដើម្បីឲ្យប្រាកដថា អ្នកពិតជាចង់សម្រេចវត្ថុបំណងមួយយ៉ាងពិតប្រាកដដែលត្រូវការក្រុមការងារជួយជ្រោមជ្រែង។ សូមចាំថា គោលដៅអាជីវកម្មខ្នាតតូចរបស់អ្នកអាចជោគជ័យលុះត្រាតែក្រុមការងារទាំងនោះមានឆន្ទៈបំពេញការងារនោះស្របតាមទិសដៅតែមួយបាញ់ឆ្ពោះទៅរកគោលដៅដែលបានកំណត់ បើមិនដូច្នេះទេអាជីវកម្មរបស់អ្នកប្រៀបបានដូចជាទូកនៅកណ្តាលទន្លេដូច្នេះដែរ។
៤) វាយតម្លៃសមិទ្ធផលការងារ (Measure progress)
ការរៀបចំគោលដៅនឹងក្លាយទៅជារឿងមួយគ្មានប្រយោជន៍ ដរាបណាអ្នកមិនបានធ្វើរបាយការណ៍វាយតម្លៃលើសមិទ្ធផលការងាររបស់អ្នក។ គន្លឹះមួយដ៏ខ្លី និង សាមញ្ញងាយស្រួលសម្រាប់ជួយអ្នកនៅទីនេះ គឺរៀបចំរបាយការណ៍តាមដានការចំណាយ ការអនុវត្តផែនការការងារ និង សកម្មភាពអនុវត្តការងាររបស់បុគ្គលិកនីមួយៗថា តើពួកគេទទួលបានសមិទ្ធផលក្នុងកម្រិតណា? ស្របតាមកម្មវត្ថុ ឬ ឆ្ពោះទៅរកគោលដៅដែលបានកំណត់ហើយឬនៅ? អ្នកត្រូវធ្វើរបាយការណ៍វាយតម្លៃការងារទាំងនេះឲ្យមានតម្លាភាព និង ប្រសិទ្ធភាព ព្រោះថាចំណុចខ្វះខាត ឬ ការធ្វេសប្រហែសនឹងជះឥទ្ធិពលជាអវិជ្ជមានលើគោលដៅអាជីវកម្មរបស់អ្នក។
៥) ត្រៀមខ្លួនដោះស្រាយបញ្ហាអាជីវកម្ម (Be prepared to resolve problems)
មិនចំពោះថាក្រុមហ៊ុនរបស់អ្នកបានបោះជំហានទៅមុខយ៉ាងប្រសើរ មានបុគ្គលិកល្អៗពូកែៗមានសមត្ថភាពខ្ពស់ ឬ មានធនធានគ្រប់គ្រាន់យ៉ាងណាក៏ដោយ បញ្ហាជាច្រើនរមែងកើតមានឡើងចំពោះមុខអាជីវកម្មរបស់អ្នក។ ការពិត ការតាមដាន ឬ វាយតម្លៃសមិទ្ធផលការងារនៅចំណុចទី៤ ខាងលើវាមានសារសំខាន់ខ្លាំងណាស់ដើម្បីដឹងពីប្រសិទ្ធភាពអនុវត្តការងារនៃក្រុមការងាររបស់អ្នក។ វាអាចបញ្ជាក់បានថា ហេតុអ្វីបានការងារនោះអនុវត្តមិនជោគជ័យ? តើមានគន្លឹះណាខ្លះអាចដំណោះស្រាយបញ្ហាទាំងនោះបាន? ជាគោលការណ៍មុននឹងឈានទៅរកដំណោះស្រាយ អ្នកត្រូវរកឲ្យឃើញឫសគល់នៃបញ្ហា បន្ទាប់មកលើកយកពិភាក្សាជាមួយក្រុមការងារ ដើម្បីស្វែងរកច្រកចេញរួមមួយសម្រេចឡើង សម្រាប់ដោះស្រាយបញ្ហានោះ៕