វិធីសាស្ត្រ​ទាំង​៥នេះ ជួយ​ឲ្យ​អ្នកអាន​សៀវភៅ​ឆាប់​យល់ ​និង មិន​ខ្ជះខ្ជាយ​ពេលវេលា​!


វិធីសាស្ត្រ​ទាំង​៥នេះ ជួយ​ឲ្យ​អ្នកអាន​សៀវភៅ​ឆាប់​យល់ ​និង មិន​ខ្ជះខ្ជាយ​ពេលវេលា​!     wordhoard.ie 

ការ​អាន​សៀវភៅ គឺជា ទម្លាប់​ល្អ​បំផុត​សម្រាប់​មនុស្ស​គ្រប់​រូប ព្រោះ​វា​ផ្តល់​នូវ​ចំណេះដឹង​ជា​ច្រើន ដែល​មិន​អាច​មើល​រំលង​បាន​ឡើយ។ មនុស្ស​ដែល​អស្ចារ្យ​ជាច្រើន​លើ​ពិភពលោក សុទ្ធតែ​មាន​ប្រភព​ពី ការ​ចូលចិត្ត​អាន​សៀវភៅ។ ជុំវិញ​ ប្រធានបទ​នៃ​ការ​អាន​សៀវភៅ​នេះ ត្រូវ​បាន​អ្នកខ្លះ​លើក​ឡើង​ថា ពួកគេ​ពិត​ជា យល់​យ៉ាង​ច្បាស់​អំពី​សារៈសំខាន់​នៃ​ការ​អាន​សៀវភៅ ប៉ុន្តែ អ្វី​ដែល​សំខាន់​នោះ គឺ មាន​ការ​លំបាក​ក្នុង​ការ​ឆាប់​ចាប់​យក​អត្ថន័យ ឬ គំនិត​សំខាន់​ក្នុង​អត្ថបទ ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​ធុញទ្រាន់ ហើយ​ពេលខ្លះ​ក៏​សម្រេចចិត្ត​ឈប់​អាន​បន្ត។

 

ដើម្បី​អាន​ឆាប់​យល់ នឹង​ចំណាយ​ពេល​ខ្លី​នោះ អ្នក​អាច​ប្រើ​គន្លឹះ​សំខាន់ៗ​ខាងក្រោម​នេះ៖

 

​១) អាន​សេចក្តី​បញ្ចប់​មុន ( Read the conclusion first)

ក្នុង​ជំពូក ឬ មេរៀន​នី​មួយៗ តែង​ត្រូវ​បាន​អ្នក​និពន្ធ​សរសេរ​រៀប​រាប់​យ៉ាង​វែង​ឆ្ងាយ ដើម្បី​បកស្រាយ​ឲ្យ​អស់​សេចក្តី។ ចំពោះ​អ្នក​ដែល​ចូលចិត្ត​អាន​សៀវភៅ​វិញ គឺ​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ ប៉ុន្តែ​ចំពោះ​អ្នក​ដែល​មិនសូវ​មាន​ទម្លាប់​អាន​សៀវភៅ​ គ្រាន់តែ​ឃើញ​បែបនេះ​ក៏​លែង​ចង់​អាន​ទៅ​ហើយ។ ដូច្នេះ ដើម្បី​ធ្វើ​ឲ្យ​អ្នក មាន​គំនិត​ខ្លះៗ មុន​ពេល​ចាប់ផ្តើម​អាន​អត្ថបទ​ទាំង​មូល អ្នក​គួរ​អាន​សេចក្តី​បញ្ចប់​សិន ព្រោះ រាល់​សេចក្តី​បញ្ចប់​ទាំង​អស់ តែងតែ​រៀបរាប់​ឡើង​វិញ​ជា​សង្ខេប ជាមួយ​​​គំនិត​សំខាន់ៗ នៅ​ក្នុង​អត្ថបទ​ទាំងមូល។

 

២) ប្រើ​ប៊ិច​ពណ៌​គូសចំណាំ ( Use a highlighter)

នៅ​ក្នុង​អត្ថបទ​មាន​ឃ្លា​មួយ​ចំនួន​ដែល​អ្នក​បាន​ដឹង​រួច​ទៅ​ហើយ ដែល​ឃ្លា​ខ្លះ​ទៀត​ពិតជា​មាន​សារៈសំខាន់​ក្នុង​ការ​ចង​ចាំទុក។ សូម​កុំ​ជឿជាក់​ទៅ​លើ​ការ​ចងចាំ​របស់​អ្នក ព្រោះ​ថ្ងៃ​ណា​មួយ​អ្នក​នឹង​ភ្លេច​ជា​មិន​ខាន ដូច្នេះ​រាល់​ពេល​អាន​អត្ថបទ អ្នក​គួរ​តែ​ប្រើ​ប៊ិច​ពណ៌​គូសចំណាំ រាល់​ចំណុច​ដែល​សំខាន់ៗ ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ស្វែងរក នៅ​ពេល​ចាំបាច់។

 

​៣) អាន​តារាង​មាតិកា និង ចំណង​ជើង​រង ( Read the table of contents and subheadings)

មនុស្ស​ភាគច្រើន​តែងតែ​អាន​រឿង​គ្រប់យ៉ាង​នៅ​ក្នុង​សៀវភៅ។ នេះ​មិនមែន​ជា​រឿង​អាក្រក់​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ នៅ​ត្រង់​ថា អ្នក​មិន​អាច​អាន​សៀវភៅ​បាន​ច្រើន​នោះ​ទេ ប្រសិន​បើ​គ្មាន​ពេល​វេលា​គ្រប់គ្រាន់ ហើយ​នៅ​ក្នុង​សៀវភៅ​ទាំងនោះ មិនមែន​សុទ្ធតែ​មាន​ចំណុច​ដែល​អ្នក​ត្រូវការ ឬ ពេញ​ចិត្ត​នោះ​ដែរ។ ក្នុង​ស្ថានភាព​នេះ ដើម្បី​ជា​គន្លឹះ​ដ៏​ល្អ ក្នុង​ការ​ធ្វើ​ឲ្យ​ចំណេញពេលវេលា និង ឆាប់​ទទួល​បាន​ចំណុច​ដែល​អ្នក​ពេញចិត្ត​នោះ គឺ​ត្រូវ​អាន តារាង​មាតិកា និង ចំណង​ជើង​រង​សិន។ តារាង​មាតិកា និង ចំណង​ជើង​រង​សិន​តែង​បង្ហាញ​ពី​ចំណុច​គោល​សំខាន់ៗ​នៅ​ក្នុង​សៀវភៅ ឬ អត្ថបទ ដូច្នេះ​អ្នក​អាច​ស្វែង​រក​ចំណុច​ដែល​ពេញចិត្ត ហើយ​ចាប់​ផ្តើម​អាន​តែ​ម្តង។

 

៤) ចោទ​ជា​សំនួរ​នៅ​ពេល​អាន (Question while reading)

ដើម្បី​​ជំរុញ​ឲ្យ​ខ្លួន​របស់​អ្នក​​មាន​ចំណាប់​អារម្មណ៍​កាន់តែ​ខ្លាំង​លើ​អត្ថបទ​ដែល​អ្នក​កំពុង​អាន​នោះ ជម្រើស​ដ៏​ល្អ​គឺ គួរតែ​ចោទ​ជា​សំនួរ​ខ្លីៗ​ និង សំខាន់​ជា​ប្រចាំ​ ។ មិនមែន​គ្រប់​ផ្នែក​ទាំង​អស់​នៃ អត្ថបទ អ្នក​ត្រូវ​តែ​យល់​ស្របតាម​ឡើយ​ ដូច្នេះ សំនួរ​ទាំងនោះ​ នឹង​ជួយ​តម្រង់​ផ្លូវ​​ឲ្យ​អ្នក​អាច​ស្រាវជ្រាវ​រក​អ្វី​ដែល​អ្នក​​មិន​ច្បាស់។

 

៥) ពិភាក្សា​អ្វី​ដែល​អ្នកអាន​ជា​មួយ អ្នក​ដទៃ (Discuss what you read with others)

ផ្នែក​នីមួយៗ ក្នុង​អត្ថបទ​តែង​មាន​​អត្ថន័យ​ដែល​ពិបាក​យល់ ហើយ​មាន​លក្ខណៈ​ស្មុគស្មាញ។ ដើម្បី ឲ្យ​ប្រាកដ​ថា ​អ្វី​ដែល​យល់​ឃើញ​ក្រោយ​ការ​អាន​នោះ ត្រឹមត្រូវ និង ច្បាស់លាស់​ អ្នក​គួរតែ​ឆ្លៀត​ពេល​ពិភាក្សា​ជា​មួយ​នឹង អ្នក​ជុំវិញ​ខ្លួន ឬ មនុស្ស​ដែល​មាន​ចំណេះ​ដឹង​ខ្ពស់។ ការ​ធ្វើបែប​នេះ អាច​ជួយ​ឲ្យ​អ្នក​អាច​ចង​ចាំ​បាន​កាន់​តែ​យូរ ហើយ​​អាច​​ស្តាប់​ការ​យល់ឃើញ​របស់​មនុស្ស​ដទៃ​ផង​ដែរ ដើម្បី​ធ្វើការ​ផ្លាស់ប្ដូរ​យោបល់​គ្នា​ទៅ​វិញ​ទៅ​មក៕