បើ​ធ្វើ​នយោបាយ ថា​មិន​ចង់បាន​អំណាច គឺ​កុហក


ដោយ៖ ថ្មីៗ
អ្នកនយោបាយ​សុទ្ធតែ​ត្រូវការ​អំណាច។ អ្នក​ទាំងអស់នោះ​អាច​ភូតភរ បោក​បញ្ឆោតប្រជាពលរដ្ឋ​បាន តែ​មិនអាច​ភូតភរ​បោកប្រាស់​ខ្លួនឯង​បានឡើយ។ ក្នុង​ពាក្យ​ប្រជាប្រិយ​គេ​តែងនិយាយថា ខ្លឹម​នៃ​ស្ក​គឺ​ផ្អែម ខ្លឹម​នៃ​អំបិល​គឺ​ប្រៃ ខ្លឹម​អ្នកនយោបាយ​គឺ​អំណាច។ ដូច្នេះ​ប្រឡូក​ក្នុង​វិស័យ​គណបក្សនយោបាយ​ថា​មិន​ត្រូវការ​អំណាច វា​ជាការ​ភូតកុហក។    
 
សម្រាប់​ប្រទេស​កម្ពុជាដែល​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស ប្រជាពលរដ្ឋ​មាន​សិទ្ធិសេរីភាព​ក្នុងការ​បង្កើត​គណបក្ស​នយោបាយ​បាន ដូចជា​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានចែង​ក្នុង​មាត្រា៤២ ។ ដោយយោង​កត្តា​នេះ មាន​ប្រជាពលរដ្ឋ​ចូលរួម​បង្កើត គណបក្សនយោបាយ​សារជាថ្មី ចាប់តាំងពី​ឆ្នាំ១៩៩៣មក​ម្លេះ ។
 
ការចូលរួម​ក្នុង​សកម្មភាព ឬ​ជីវ​ភាពជា​អ្នកលេង​គណបក្សនយោបាយ (Politician Game) គឺជា​ការលះបង់​មួយ​យ៉ាង​ធំ​ក្នុងការ​ចូលរួម​ជួយ​ប្រជាពលរដ្ឋ​និង​ប្រទេសជាតិ​ឲ្យ​រស់​នៅបាន​សន្តិភាព​និង​សុភមង្គល។ ក៏ប៉ុន្តែ​សកម្ម​ភាពជា​អ្នកលេង​គណ​ប​ក្យ​នយោបាយ នឹង​បង្ក​ជា​គ្រោះកាច​សម្រាប់​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​វិញ បើ​ល្គឹកណា​អ្នកលេង​គណបក្សនយោបាយ​ណា​ពុំមាន​បេះដូង​ល្អ​ពិតប្រាកដ​ក្នុងការ​បម្រើ​ប្រជាពលរដ្ឋ​និង​ប្រទេសជាតិ​ដោយ​ឃ្លាត​ចាក​ពី​គោល​ការ​ណ៏ សីលធម៌​របស់​អ្នកនយោបាយមួយៗ ដែល​បានចែង​ក្នុងការ​ឃោសនា​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​របស់​បក្ស​ខ្លួន។  
 
យើងទាំងអស់គ្នា​ត្រូវ​ដឹងថា បង្កើត​គណបក្សនយោបាយ គឺ​ដើម្បី​ឆ្ពោះទៅ​កាន់អំណាច​ចាត់ចែង ដឹកនាំ​ប្រទេសជាតិ​ដែល​គេ​តែង​ហៅថា អំណាច​នយោបាយ។ ព្រោះ​ក្នុង​រដ្ឋនីមួយៗ បើ​អំណាច​នយោបាយ​មាន​លក្ខណៈ​ល្អ គឺ​ប្រជាពលរដ្ឋ​និង​ប្រទេសជាតិ​មាន​សុខសន្តិភាព និង​សម្បូរ​សប្បាយ ផ្ទុយ​មកវិញ​បើ​អំណាច​នយោបាយ​មាន​បញ្ហា​មិនល្អ ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​ក៏​កើតមាន​ទុក្ខលំបាក​វេទ​នា និង​រង​ប៉ះពាល់​ចុះខ្សោយ​លើ​គ្រប់​វិស័យ​ផងដែរ។  
 
ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា  ក៏​ដូច​ប្រទេសមួយ​ចំនួន​ក្នុង​ពិភពលោក អំណាច​នយោបាយ​ជួប​គ្រោះថ្នាក់​ដែល​បណ្ដាលមកពី​អ្នកលេង​នយោបាយ​បង្កឡើង។ គេ​តែង​សង្កេតឃើញថា​អ្នកលេង​គណបក្សនយោបាយ​ដែលមាន​ឧ​ត្ត​ម​គតិ​ល្អ និង​សកម្ម​ភាពល្អ​តែងតែ​ដឹកនាំ​អំណាច​នយោបាយ​អោយមាន​ការរីកចម្រើន​ជា​លំដាប់​សម្រាប់​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​ដូចជា​ការលើកឡើង​ទស្សនវិទូ​ក្រិ​ក គឺ​លោក​អា​រី​ស្តូ​ត ដែល​និយាយថា នយោបាយ​ជាការ​រស់នៅក្នុង​សុភមង្គល​សម្រាប់​ប្រជាពល​រដ្ន និង​សង្គម​ទាំងមូល។
 
ផ្ទុយ​មកវិញ បើ​ចូលរួម​បង្កើត​គណបក្សនយោបាយ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ឬ​បក្ស​ពួកខ្លួន​នោះ គឺ​ប្រាស់ចាក​ទាំងស្រុង​នូវ​ខ្លឹមសារ​ល្អ​របស់​គណបក្សនយោបាយ។  អ្នកលេង​នយោបាយ​បែបនេះ​គេត្រូវដាក់​ឈ្មោះថា ជា​អ្នក​ជួញ​គណបក្សនយោបាយ​វិញ​ទើប​ស័​ក្ត​សម។  ត្រូវ​ចងចាំ​ថា បើ​មាន​ជំពូក​ក្រុម​អ្នក​ជួញ​គណបក្សនយោបាយ​ច្រើន​កាលណា គឺ​គ្មានទេ​សន្តិភាព គ្មានទេ​ការអភិវឌ្ឍន៍ និង​គ្មានទេ​សុភមង្គល​សម្រាប់​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ។
 
សរុបមក ការចូលរួម​បង្កើត​គណបក្សនយោបាយ​ជា​សិទ្ធិសេរីភាព​មែន តែ​គេ​មិនអាច​យក​សេរីភាព​នេះ​មក​ធ្វើជា​ល្បែង  ដោយសារ​គ្រាន់តែ​ប្រកាន់​នូវ​ទស្សនៈ​ថា   ខ្លួន និង​ក្រុម​ខ្លួន មាន​ឧត្ដមគតិ​ល្អ​ស្រឡាញ់    ប្រជាពលរដ្ឋ និង​ប្រទេសជាតិ ហើយ​នាំគ្នា​អនុវត្ត​សកម្មភាពផ្សេងៗទៅតាម​យុទ្ធសាស្ត្រ​របស់ខ្លួន​ទាំង​ងងឹត​ងងុល ហើយ​ដែល​សកម្មភាព​យុទ្ធសាស្ត្រ​ទាំងនោះ​ត្រូវបាន​គេ​សង្កេតឃើញថា វា​កំពុងតែ​បង្ក​មហន្តរាយ​ដល់​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​នោះទេ។
 
ជំពូក​អ្នកលេង​គណបក្សនយោបាយ​មួយចំនួន ដើម្បី​ចង់​ឈ្នះ​ឈានទៅ​កាន់អំណាច​ពួកគេ​នឹងមិន​ខ្លាច​ឡើយ​នួវ​ល្បិច​កិ​ច​កល​ក្នុង​ការយក​ប្រជាប្រិយភាព​ពី​ប្រជាពលរដ្ឋ​ទោះជា​ប្រទេសជាតិ​ត្រូវ​ជួប​វិបត្តិ​ពេលបច្ចុប្បន្ន​និង​អនាគត​យ៉ាងណាក្ដី។ ផ្ទុយទៅវិញ ប្រសិនជា​រាល់​អ្នកលេង​នយោបាយ​ទាំងអស់ ប្រកួតប្រជែង​គ្នា​ដើម្បី​កាន់អំណាច​ច​ក្នុង​ផលប្រយោជន៍​ប្រទេសជាតិ វា​នឹង​មិនអាច​កើតឡើង​ទេ​ទំនាស់​នយោបាយ ហើយ​បើទោះជា​កើតមាន​ទំនាស់​នយោបាយ គេ​ក៏មាន​លទ្ធភាព​ដោះស្រាយ​បានដែរ៕
 
(ដោយសាស្ត្រាចារ្យ អ៊ិត សាន)