គជប នឹងស្នើកែរអនុក្រឹត្រលេខ៦០ ដើម្បីបើកផ្លូវឲ្យព្រះសង្ឃមានអត្តសញ្ញាណប័ណ្ណចុះឈ្មោះបោះឆ្នោត

media
គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​ហៅ​កាត់​ថា គជប ​គ្រោង​នឹង​ដាក់​សំណើរ​ទៅ​កាន់​​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ស្នើសុំ​កែរ​ប្រែ​ខ្លឹមសារ​នៃ​អនុ​ក្រឹ​ត្រ​លេខ៦០ ចុះ​កាលបរិច្ឆេទ​ឆ្នាំ​២០០៧ ​ដែល​បាន​កំណត់ថា បុគ្គល​កំពុង​បំពេញ​បុព្វ​ជិត​ក្នុង​ព្រះពុទ្ធសាសនា​នឹងមិន​ត្រូវ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​នោះទេ។ បើតាម គជប បើ​ព្រះសង្ឃ​មិនមាន​អត្ត​សញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ នោះ​មានន័យថា ព្រះសង្ឃ​នឹង​អាច​ចុះឈ្មោះ​បោះឆ្នោត​តាម​ច្បាប់​​ថ្មី​បាន​នោះទេ។ 

សំណើរ​នេះ គ្រោង​នឹង​បញ្ជូន​ទៅកាន់​រដ្ឋាភិបាល​នៅពេលឆាប់ៗខាងមុខនេះ បន្ទាប់ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា​(គ.ជ.ប)បាន​ជួបប្រជុំគ្នា កាលពី​ថ្ងៃទី១៧កញ្ញា កន្លងទៅ ដោយបាន​បង្ហាញ​ការព្រួយបារម្ភ​ថា បុព្វ​ជិត​ក្នុង​ព្រះពុទ្ធសាសនា ព្រះសង្ឃ នឹង​មិនអាច​ចុះឈ្មោះ​បោះឆ្នោត​បាន​នោះទេ បើ​យោងតាម​ច្បាប់បោះឆ្នោត​ថ្មី។

បើ​យោងតាម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ថ្មី​នៅត្រង់​ជំពូក៦ ដែល​បាន​ចែង​ពី​ការចុះឈ្មោះ​បោះឆ្នោត និង​បញ្ជី​បោះឆ្នោត​ត្រង់​មាត្រា៥១បានចែង​អំពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ដោយ​ប្រើប្រាស់​តែ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​តែមួយគត់។ ប៉ុន្តែ​ផ្ទុយ​ពីនេះ នៅក្នុង​ខ្លឹមសារ​នៃ​អនុ​ក្រឹ​ត្រ​លេខ៦០ ចុះ​កាលបរិច្ឆេទ​ថ្ងៃទី១២ខែមិថុនា​ឆ្នាំ២០០៧ បាន​ចែង​ថា បុគ្គល​ទាំងឡាយណា​ដែល​ស្ថិតនៅក្នុង​ភេទ​ជា​បុព្វ​ជិត​នៅក្នុង​វិស័យ​ព្រះពុទ្ធសាសនា នឹង​មិន​ត្រូវ​បានផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​នោះទេ។
 
បើតាម​លោក គួ​យ ប៊ុន​រឿន អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត បើ​​ព្រះសង្ឃ​​មិនមាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ទេ នោះ​មានន័យថា ព្រះសង្ឃ​នៅ​ទូទាំង​ប្រទេស​ជាង៥ទៅ៧ម៉ឺន​អង្គ នឹង​មិនអាច​ចុះឈ្មោះ​បោះឆ្នោត​ឡើយ។ ប្រឈម​នឹង​ករណីនេះ លោក គួ​យ ប៊ុន​រឿន បាន​បញ្ជាក់ថា គជប នឹង​ស្នើសុំ​ទៅ​រដ្ឋាភិបាលដើម្បី​កែរ​ប្រែ​ខ្លឹមសារ​នៃ​អនុ​ក្រឹ​ត្រ​លេខ៦០នេះ ដើម្បី​បើកផ្លូវ​ឲ្យ​ព្រះសង្ឃ​អាចធ្វើ​អត្តសញ្ញាណប័ណ្ណ និង​អាច​ចុះ​ឈ្មោះ​​បោះឆ្នោត​បាន ព្រោះថា ព្រះសង្ឃ​ក៏​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ផងដែរ។
 
លោក ម៉ៅ ច័ន្ទ​តារា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អត្ដ​សញ្ញាណ​កម្ម​ក្រសួងមហាផ្ទៃ មិន​អត្ថាធិប្បាយ​ចំពោះ​សំណើរ​សុំ​កែរ​ប្រែ​ខ្លឹមសារ​នៃ​អនុ​ក្រឹ​ត្រ​លេខ៦០នេះ​ទេ ព្រោះថា វា​ហួស​ពី​សមត្ថកិច្ច​របស់លោក។ លោក​បាន​បញ្ជាក់ថា ក្រសួង​នៅតែ​បន្ត​អនុវត្ត​ទៅតាម​ខ្លឹមសា​នៃ​អនុ​ក្រឹ​ត្រ នេះ ប្រសិនបើ​មិនមាន​ការកែរ​ប្រែ។ បើតាម​លោក ម៉ៅ ច័ន្ទ​តារា គិត​មកដល់ពេលនេះ ក្រសួងមហាផ្ទៃ​បានធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ចំនួន​៥លាន៥សែន​នាក់ រួចហើយ ក្នុងចំណោម​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​អាយុប្រមាណ​ជាង១០លាន​នាក់៕ KHMER RFI