ជីវិតមនុស្សយើងនេះ នរណាជាសត្រូវក៏ដោយ ក៏មិនកាចអាក្រក់ឲ្យដូចជាខ្លួនឯងធ្វើជា សត្រូវនឹងខ្លួនឯងទេ។ ក្នុងធម្មជាតិនេះ គ្មានអ្នកណាម្នាក់អាចជួយសង្គ្រោះយើងស្មើនឹងខ្លួនឯងឡើយ ហើយក៏គ្មានអ្នកណាម្នាក់បំផ្លាញយើងដូចនឹងខ្លួនយើងដែរ។
អ្នកដទៃជាសត្រូវអាចមានផ្លូវនឹងគេចចៀសបាន។ ខ្លួនឯងត្រូវរត់គេចយ៉ាងណា មានញាតិមិត្តជួយការពារផង ពឹងពាក់អាជ្ញាធរផង ក៏ល្មមផុតភ័យទៅបាន ទោះបីថាសត្រូវ នោះមកបៀតបៀនប្រទូសរ៉ាយបានយ៉ាងណាអស់ខ្លាំងត្រឹមស្លាប់ប៉ុណ្ណោះ។ បើយើងជាមនុស្ស ប្រព្រឹត្តល្អ ស្លាប់ហើយមិនបានទៅអបាយភូមិឡើយ។
ប៉ុន្តែ បើយើងជាសត្រូវនឹងខ្លួនឯង ដោយការប្រព្រឹត្តលះបង់អំពើល្អចោលដោយខ្លួនឯងហើយ គឺមិនមាននរណាអាចជួយបានឡើយ។ មានទំនងដូចគ្នាដែរ ក្នុងការដែលមានអ្នកដទៃទំនុកបម្រុង ជួយធ្វើអ្វីៗឲ្យយើង គឺមិនដូចជាយើង ធ្វើដោយខ្លួនឯងទេ ។
ឪពុកម្តាយ ញាតិមិត្តបងប្អូន លោកគ្រូអាចារ្យបានត្រឹមតែទូន្មាន ប្រៀន ប្រដៅអប់រំ ណែនាំប៉ុណ្ណោះ ចំណែកការចុះដៃធ្វើ ជារឿងរបស់យើង។ គុណធម៌ សេចក្តីល្អក្នុងខ្លួន មនុស្សយើងត្រូវសាងដោយខ្លួនឯង ក្នុងលោកនេះ មិនមានព្រះណាអាចសាងឲ្យយើងបានឡើយ៕
ប្រភព៖ ដកស្រង់ពីគេហទំព័រព្រះពុទ្ធសាសនាខ្មែរ