បើសិនជាលោកអ្នកធ្លាប់បានឃើញ ឬបានប្រើប្រាស់ Mac, iPhone, iPod ឬ iPad នោះលោកអ្នកប្រហែលជាបានស្គាល់រួចមកហើយចំពោះបុគ្គលដ៏ល្បីល្បាញដែលជាប្រធានក្រុមហ៊ុននៃផលិតផលទាំងអស់នេះ គឺលោក Steve Jobs។ លោក Steve Jobs ជាស្ថាបនិកមួយរូបរបស់ក្រុមហ៊ុន Apple ដែលមានមនុស្សម្នាជាច្រើន ឬស្ទើរតែពាសពេញពិលោកទៅហើយ ដែលតែងតែចងចាំ និងទទួលស្គាល់ពីភាគជោគជ័យរបស់លោក។ ទោះបីជាលោក Steve Jobs បានលាចាកទៅកាន់បរលោកហើយយ៉ាងណាក្តី ក៏ស្នាដៃរបស់លោកនៅតែបន្តរក្សាបាននូវភាពល្បីល្បាញរហូតមកដល់ពេលបច្ចុប្បន្ននេះ។ តើលោកអ្នកចង់ដឹងទេថា លោក Steve Jobs បានប្រើប្រាស់ពេលវេលាដូចម្តេចខ្លះសម្រាប់ជីវិតដ៏ខ្លីរបស់លោក? ខាមក្រោមនេះ ពាណិជ្ជកម្ម កម្ពុជា នឹងលើកយកមកបកស្រាយខ្លះៗអំពីដំណើរការនៃការប្រើប្រាស់ពេលវេលារបស់លោក Steve Jobs៖
១.កុំចំណាយពេលរស់នៅក្នុងជីវិតអ្នកដទៃ៖ ពិតណាស់ដែលមនុស្សគ្រប់រូបចង់រស់នៅជាមួយអ្វីដែលខ្លួនស្រលាញ់ និងចង់បាន។ ប៉ុន្តែលោកអ្នកក៏ត្រូវតែដឹងផងដែរថា ពេលវេលាសម្រាប់ជីវិតមនុស្សម្នាក់ៗ គឺវមានរយៈពេលខ្លីណាស់។ ស្របពេលដែលលោកអ្នកមិនអាចដឹងថា តើថ្ងៃណាមួយលោកអ្នកនឹងត្រូវស្លាប់នោះទេ ដូច្នេះលោកអ្នកមិនត្រូវឃុំខ្លួនឯងអោយរស់នៅក្នុងគំនិតរបស់អ្នកដទៃឡើយ។ ព្រោះពេលវេលាមានខ្លីណាស់ ម្លោះហើយសូមកុំអោយគំនិតរបស់អ្នកដទៃលុបលើគំនិតដែលមាននៅក្នុងចិត្តរបស់លោកអ្នកបានអោយសោះ។ លើសពីនេះទៀត លោកអ្នកត្រូវតែមានសេចក្តីក្លាហានដើម្បីដើរតាមអ្វីដែលបេះដូងរបស់លោកអ្នកចង់បង្ហាញ និងធ្វើនូវអ្វីដែលលោកអ្នកជឿជាក់ថាពិតជាត្រឹមត្រូវ។
២. របស់មានតំលៃបំផុតនៅក្នុងជីវិត គឺពេលវេលា៖ដើម្បីអោយជីវិតកាន់តែមានន័យ គឺលោកអ្នកត្រូវចេះចំណាយពេលវេលាអោយមានតំលៃបំផុត។ ពោល គឺត្រូវធ្វើយ៉ាងណាអោយអ្វីៗដែលលោកអ្នកចង់បានវាមានដំណើរការទៅបានលឿន និងមានប្រសិទ្ធិភាពបំផុតទៅតាមលទ្ធភាពដែលលោកអ្នកអាចធ្វើទៅបាន បើទោះជាការងារមួយចំនួនមានការកំណត់ក៏ដោយ ចូរលោកអ្នកកុំបន្ធូរការខិតខំប្រឹងប្រែងរបស់លោកអ្នកទៅតាមពេលវេលាដែលលោកអ្នកមានឲ្យសោះ។ ផ្ទុយទៅវិញ គឺលោកអ្នកត្រូវធ្វើយ៉ាងណា ដើម្បីបញ្ចប់វាតាមដែលលោកអ្នកអាចធ្វើទៅបាន។ ហើយសម្រាប់ពេលវេលា ដែលនៅសេសសល់ គឺលោកអ្នកអាចទុកវាធ្វើការងារផ្សេងៗបន្ថែមទៀតអោយបានច្រើន ដើម្បីពង្រីកពីគុណតម្លៃនៃជីវិតរស់នៅរបស់លោកអ្នក។
៣. ប្រសិនបើថ្ងៃនេះជាថ្ងៃចុងក្រោយនៃជីវិតរបស់លោកអ្នក តើលោកអ្នកអាចធ្វើនូវអ្វីដែលលោកអ្នកបំរុងនឹងធ្វើបានទេ?៖ តើលោកអ្នកធ្លាប់សួរខ្លួនឯងទេ ថាលោកអ្នកបានចំណាយពេលត្រឹមត្រូវហើយ ឬនៅសំរាប់ជីវិតរបស់អ្នក? តើលោកអ្នកពេញចិត្តនឹងការចំណាយពេលទាំងអស់នោះទេ? ប្រសិនបើលោកអ្នកដឹងខ្លួនថា លោកអ្នកមិនពេញចិត្តនឹងការចំណាយពេលរបស់លោកអ្នកដូចពេលរាល់ថ្ងៃនេះទេ លោកអ្នកគួរតែធ្វើការផ្លាស់ប្តូរអ្វីមួយហើយ។ ព្រោះដើម្បីធ្វើយ៉ាងណាអោយលោកអ្នកអាចពេញចិត្តនឹងការចំណាយពេលរបស់លោកអ្នក ហើយព្រមទាំងមានអារម្មណ៍តស៊ូរស់នៅតទៅមុខទៀតដោយភាពសប្បាយរីករាយ និងជៀសវាងការស្តាយក្រោយក្នុងឆាកជីវិត។
៤. លើលោកនេះគ្មានទេជីវិតអមត៖ គ្មាននរណាម្នាក់អាចគេចផុតពីសេចក្តីស្លាប់នោះឡើយ ហើយចំពោះលោកអ្នកវិញ ក៏មិនត្រូវខ្លាចបាត់បង់អ្វីមួយនោះផងដែរ ព្រោះលោកអ្នកត្រូវតែច្បាស់ថា ទីបញ្ចប់នៃជីវិតរបស់លោកអ្នក គឺទទេសូន្យសុង (សូន្យឈឹង)។ ដូច្នេះហើយលោកអ្នកមិនត្រូវខ្លាចនឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីបំពេញក្តីសុបិនរបស់លោកអ្នកនោះឡើយ បើទោះបីជាលោកអ្នកត្រូវបរាជ័យ ឬជួបភាពខ្មាសអៀនម្តងហើយម្តងទៀតយ៉ាងណាក្តី គឺទីបំផុតរបស់វាគង់តែរលាយសាបសូន្យទៅតាមក្រោយនៃជីវិតរបស់លោកអ្នកដដែលទេ។ ម្លោះហើយអ្វីដែលសំខាន់ គឺលោកអ្នកត្រូវធ្វើនូវអ្វី ដែលមានន័យសំរាប់ជីវិតរបស់លោកអ្នក ហើយក៏គ្មានហេតុផលណាមួយ ដែលហាមលោកអ្នកមិនអោយដើរតាមចង្វាក់បេះដូងរបស់លោកអ្នកបាននោះដែរ៕