សួស្ដី ខ្ញុំបាទឈ្មោះ សក្ដា សព្វថ្ងៃរស់នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ការពិតខ្ញុំជាកូន អ្នកខេត្តកំពង់ធំទេ ហើយថ្ងៃនេះខ្ញុំមានរឿងខ្លះចង់ចែកចាយដល់អ្នកទាំងអស់គ្នា។ ខ្ញុំចាំពាក្យមួយគឺ មានថ្ងៃជួប គង់តែមានថ្ងៃបែក ក៏ប៉ុន្ដែមុននឹងបែកពីគ្នាក៏គួរតែផ្ដល់ឪកាសអោយយើងបានបង្កើតអនុស្សាវរីយ៍អោយបានច្រើនដែរ។
កាលខ្ញុំអាយុបាន៧ឆ្នាំ គឺមិនទាន់ដឹងពីអ្វីឱ្យពិតប្រាកដទេ តែអ្វីដែលដក់ជាប់ក្នុងចិត្តខ្ញុំរហូត ដល់សព្វថ្ងៃនេះគឺ ក្ដីស្រឡាញ់ដែលខ្ញុំមិនអាចបំភ្លេចបាន។ ពុករបស់ខ្ញុំតែងប្រាប់ខ្ញុំថា «គាត់ចង់ឃើញខ្ញុំក្លាយជាមនុស្សល្អ ចេះជួយដល់អ្នកដទៃដែលមានទុក្ខលំបាក» នៅពេលដែលខ្ញុំនឹកឃើញដល់ពាក្យពេចន៍របស់ពុកខ្ញុំ ខ្ញុំតែងតែហូរទឹកភ្នែក ហើយខ្ញុំតែងតែសួរពិភពលោកថា ហេតុអ្វី ក៏ពេលវេលារបស់ខ្ញុំ និងពុករបស់ខ្ញុំមានតិចម្ល៉េះ តើមកពីអ្វី? ខ្ញុំមិននឹកស្មានថា នៅពេលខ្ញុំអាយុ៩ឆ្នាំ ពុករបស់ខ្ញុំត្រូវចាកចេញពីខ្ញុំ ទាំងខ្ញុំមិនទាន់មានឱកាសធ្វើអ្វីម្យ៉ាងសម្រាប់គាត់ទាល់តែសោះ។
រូបថតលោកសក្តា និងក្រុមគ្រួសារកាលលោកនៅតូច
ខ្ញុំសង្ឃឹមថាវិញ្ញាណក្ខន្ធរបស់ពុកនឹងមើលឃើញអ្វីដែលកូនម្នាក់នេះកំពុងធ្វើ។ ខ្ញុំចង់មានពុក ហៅនឹងគេតែខ្ញុំគ្មានឱកាសទៀតនោះឡើយ ពេលវេលាមិនអាចថយក្រោយសម្រាប់ខ្ញុំ និងពុក របស់ខ្ញុំបានទេ។ សព្វថ្ងៃក្រៅពីមើលរូបថត ហើយនិងយំ ខ្ញុំមិនអាចនិយាយពាក្យថា «កូនស្រឡាញ់ពុក» នៅនឹងមុខគាត់បាននោះឡើយ គឺគ្មានឪកាសអស់មួយជីវិត ។
ខ្ញុំសង្ឃឹមថា មិត្តទាំងអស់គ្នាដែលបានអានរឿងរ៉ាវរបស់ខ្ញុំ នឹងគិតសារឡើងវិញ ពេលវេលា មិនរង់ចាំយើងទេ ជីវិតរបស់មនុស្សក៏ដូចគ្នា មិនទៀងទាត់នោះទេ អ្វីដែលត្រូវធ្វើ សូមប្រញាប់ធ្វើទៅ កុំឱ្យអស់ឱកាសដូចជារូបខ្ញុំ។ មានម៉ែមានពុកហៅ អ្នកគួរតែធ្វើអោយពួកគាត់សប្បាយចិត្ត ដើម្បីគាត់បានបង្ហាញកម្លាំងចិត្តដល់អ្នក សម្រាប់ខ្ញុំ ខ្ញុំនៅតែម្ដាយជាទីស្រឡាញ់តែម្នាក់គត់ គ្មានឪពុកហៅនឹងគេទៀតឡើយ៕