បញ្ហមុន អាចជាដើមហេតុ នាំឲ្យមានការឈឺចាប់ខ្លាំង និងបង្កជំងឺលើស្បែកគួរឲ្យខ្មាសអៀន ហើយក៏បង្កើតជាស្លាកស្នាម ក្រោយពីជំងឺមុនជាទៅវិញដែរ។ ខណៈពេលដែលស្លាកស្នាមរបស់វា ភាគច្រើននឹងបាត់ទៅវិញដោយខ្លួនឯង ក្នុងរយៈពេលច្រើនខែក្រោយនោះ វាក៏មានរឿងជាច្រើន ដែលអ្នកអាចធ្វើបាន ដើម្បីបង្កើនល្បឿនរបស់វា ហើយក៏គួរចៀសវាង ការមានស្នាមពណ៌ខ្លាំងបន្ថែមទៀតដែរ។ ការពិតនោះគឺថា អ្នកនឹងមិនអាចធ្វើឲ្យស្លាកស្នាមដោយសារជំងឺមុន បាត់ទៅវិញក្នុងរយៈពេលតែមួយយប់នោះទេ តែការព្យាបាលដោយខ្លួនឯង អាចនឹងជួយដល់អ្នកបាន។
លាបទឹកក្រូចឆ្មាស្រស់ៗ
ទឹកក្រូចឆ្មារ មានសមាសធាតុ ជួយឲ្យស្បែកភ្លឺថ្លាតាមបែបធម្មជាតិ ហើយក៏អាចជួយផ្តល់ភាពសស្អាតវិញ ទៅលើស្លាកស្នាមដោយសារជំងឺមុនដែរ។ ចូរលាយទឹកក្រូចឆ្មារនឹងទឹកធម្មតា ហើយយកវាមកលាបលើស្នាមទាំងនោះដោយផ្ទាល់ទៅ ប៉ុន្តែ ចូរចៀសវាងស្បែកធម្មតា ដែលនៅជុំវិញនោះផង។ ចូរលាងជម្រះចេញ ក្រោយពីលាបបាន ១៥ ទៅ ២០ នាទី ឬអ្នកក៏អាចប្រើទឹកក្រូចឆ្មារ ធ្វើជាម៉ាសបិទមុខពេញមួយយប់ក៏បានដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែទឹកក្រូចឆ្មារមានកម្រិត pH ២ ហើយ pH របស់ស្បែក មានរហូតដល់ ៤ ទៅ ៧ ដូច្នេះ បើសិនជាលាបទឹកក្រូចឆ្មារលើស្បែកយូរពេក វាអាចនឹងបង្កឲ្យមានការរលាកស្បែកបាន។ ទឹកផ្លែឈើដែលមានរសជាតិជូរៗ មានសារធាតុគីមីម្យ៉ាងឈ្មោះថា Bergapten ដែលទៅតោងភ្ជាប់នឹង DNA ហើយក៏អនុញ្ញាតិឲ្យកាំរស្មី UV អាចបំផ្លាញស្បែកបានយ៉ាងងាយ។ ចូរចាំថា ត្រូវផ្តល់សំណើមដល់ស្បែកភ្លាមៗ ក្រោយពីលាងជម្រះទឹកក្រូចឆ្មាររួច ព្រោះសារធាតុ Citric Acid ក្នុងទឹកក្រូចឆ្មារ អាចធ្វើឲ្យស្បែកស្ងួតខ្លាំងបាន។
ប្រើទឹកឃ្មុំ
ទឹកឃ្មុំ គឺជាសូលុយស្យុងធម្មជាតិដ៏ល្អមួយ សម្រាប់លាងជម្រុះស្នាមមុន និងកាត់បន្ថយកន្ទួលក្រហមៗ ដែលសល់ពីជំងឺមុន។ នេះដោយសារតែទឹកឃ្មុំ ផ្ទុកទៅដោយសារធាតុប្រឆាំងនឹងបាក់តេរី និងអាចជួយសម្អាតដល់ស្បែក និងកាត់បន្ថយការរលាកបាន។ ទឹកឃ្មុំ គឺជាជម្រើសដ៏ល្អមួយ សម្រាប់អ្នកដែលមានបញ្ហាស្បែក ព្រោះវាអាចជួយផ្តល់សំណើមដល់ស្បែក និងមិនបង្កការរលាកទៀត។
សាកល្បងជាមួយប្រទាលកន្ទុយក្រពើ
រុក្ខជាតិប្រភេទប្រទាលកន្ទុយក្រពើនេះ គឺជាសារធាតុលាងសម្អាតបែបធម្មជាតិមួយ ដែលអាចបំបាត់ស្លាកស្នាម ចាប់តាំងពីការរលាក រហូតដល់របួស ដោយសារជំងឺមុនទៀតផង។ វាជួយបង្កើនកោសិកាស្បែកឡើងវិញ និងផ្តល់សំណើមដល់ស្បែក ជំរុញដល់ការលុបបំបាត់ស្លាកស្នាមដោយសារជំងឺមុន។ អ្នកក៏អាចយកទឹកប្រទាលកន្ទុយក្រពើនេះ លាបលើស្នាមមុន ដោយមិនបាច់លាងជម្រះចេញក៏បានដែរ។
ប្រើដុំទឹកកបួនជ្រុង
ដុំទឹកកក គឺជារបៀបព្យាបាលដោយខ្លួនឯង បែបសាមញ្ញបំផុត ដែលអាចជួយអ្នកលុបបំបាត់ស្លាកស្នាម ដោយសារជំងឺមុនបាន តាមរយៈលុបបំបាត់ស្បែកដែលរលាក និងកាត់បន្ថយភាពឡើងក្រហម។ ដើម្បីអាចប្រើប្រាស់វាបាន អ្នកគ្រាន់តែខ្ចប់ដុំទឹកកកបួនជ្រុង ក្នុងក្រណាត់ស្អាតមួយ ហើយយកវាទៅស្អំ លើស្បែកដែលមានស្នាម រយៈពេលមួយទៅពីរនាទី រហូតដល់មានអារម្មណ៍ថា កន្លែងនោះស្ពឹក។ អ្នកក៏អាចយកទឹកតែបៃតងក្លាសេឲ្យកក ហើយធ្វើដូចគ្នាក៏បានដែរ ព្រោះតែបៃតង មានសារធាតុប្រឆាំងនឹងការរលាក ដែលអាចផ្តល់ប្រសិទ្ធភាពកាន់តែល្អ៕