បណ្ដាញទំនាក់ទំនងសង្គម Twitter បានយល់ព្រមបន្ថែមមុខងារ «Edit» ចូលទៅក្នុងបណ្ដាញសង្គមរបស់ខ្លួន ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ អាចធ្វើការ Edit នូវអ្វីដែលគេបានបង្ហោះ ដោយបានបន្ថែមមុខងារនេះ ត្រូវបានធ្វើឡើងក្រោយពេលមានការស្នើសុំ និងលើកឡើងពីសំណាក់តារាសម្ដែង Kim Kardashian ភរិយារបស់តារាចម្រៀងរ៉េប Kanye West នេះបើយោងតាមការចុះផ្សាយរបស់ Business Insider ចុះផ្សាយនៅថ្ងៃអាទិត្យនេះ។
លោក Jack Dorsey សហស្ថាបនិក និងជានាយកប្រតិបត្តិ Twitter បណ្ដោះអាសន្ន បានឲ្យដឹងថា សំណើរបស់ Kim Kardashian គឺជាចំណុចមួយដែលល្អបំផុត ខណៈដែលក្រុមហ៊ុនកំពុងតែសំឡើងរកវិធីសាស្ត្រទាក់ទាញអ្នកប្រើប្រាស់។ Kim Kardashian បានបង្ហោះសារនៅលើ Twitter របស់នាងថា «បើសិនជា Twitter អនុញ្ញាតឲ្យអ្នកប្រើអាចធ្វើការកែប្រែនូវសារដែលបង្ហោះនោះពិតជាល្អ»។
គួរបញ្ជាក់ផងដែរថា មានបុគ្គលិកដែលបម្រើការងារនៅក្នុងបណ្ដាញ Twitter ក៏ធ្លាប់បានលើកយកចំណុចនេះទៅប្រាប់លោក Jack Dorsey ផងដែរ កាលពីឆ្នាំ ២០១៣ ហើយមានអ្នកប្រើជាច្រើនក៏បានរអ៊ូពីបញ្ហានេះ ប៉ុន្តែទើបតែពេលនេះ នៅពេលដែល Kim Kardashian បង្ហោះសារ លោក Jack Dorsey ក៏បានទទួលយក និងនិយាយថា វាគឺជាគំនិតដ៏អស្ចារ្យបំផុត៕