NASA រក​ឃើញ​ភព​ថ្មី​ មាន​រូបរាង​ស្រដៀង​​​នឹង​ភព​ផែនដី​អាច​មាន​ទឹក​នៅ​ទី​នោះ

បើ​តាម​ក្រុម​អ្នកវិទ្យាសាស្ត្រ​មកពី​អង្គការ ណា​សា (NASA) មកពី​វិទ្យាស្ថាន SETI និង​មកពី​សាកលវិទ្យាល័យ Cambridge ​បាន​បង្ហាញ​ពី​ការ​រក​ឃើញ​នូវ​ភព​ដែល​មាន​​សណ្ឋាន​ភព​ប្រហាក់ប្រហែល​នឹង​ភព​​ផែនដី​​​នូវ​អ្វី​ដែល​ខ្លួន​ជឿជាក់​ថា អាច​មាន​ទឹក​នៅ​ទី​នោះ​ ។


​អ្នកវិទ្យាសាស្ត្រ​បា​ន​ប្រើ​ពេល​ជាង ២០ ឆ្នាំ​ដើម្បី​​រ​ស្រាវជ្រាវ​ហើយ​ទី​បំផុត​ពួកគេ​បាន​រក​ឃើញ​ភព​ថ្មី​នេះ​ដែល​មាន​ឈ្មោះថា Kepler 452b ។


ក្រុម​អ្នកវិទ្យាសាស្ត្រ​ជឿ​ថា​ ពួកគេ​អាច​នឹង​​រក​ឃើញ​ជីវិត​រស់នៅ​ក្រៅ​ភព​ផែ​ន​ដី ប្រសិនបើ​ពួក​គេ​អាច​ស្រាវជ្រាវ​ឲ្យ​បាន​ដិតដល់​​​ទៅ​កាន់​ចក្រវាឡ​​នៅ​​ក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ ។ ពួកគេ​ក៏​បាន​​​ជឿជាក់​ផង​ដែរ​ថា ​ផែនដី​នៅ​ក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ​គឺ ​ពិតជា​មាន ហើយ​ពួកគេ​បាន​ហៅ​ភព​ទាំងនោះ​ថា Exoplanets ដែល​ពួកគេ​បាន​រក​ឃើញ​ជា​លើក​តំបូង​ក្នុង​ឆ្នាំ ១៩៩៥ ។


​ក្រុម​អ្នកវិទ្យាសាស្ត្រ​មិនដែល​រក​ឃើញ​ភព​ណា​ដែល​មាន​លក្ខណៈ​ដូច​ទៅ​នឹង​ភពផែន​ដី​នោះ​ទេ​នៅ​ពេល​គន្លង​មក​​ដែល​ការ​រក​ឃើញ​នោះ​​ច្រើន​ជា​ផ្កាយ​តែ​ប៉ុណ្ណោះ​ ។ ពេលនេះ​ពួកគេ​បាន​ស្វែង​រក​ឃើញ​ភព Kepler 452b ដែល​អ្នកវិទ្យាសាស្ត្រ​ហៅថា​ ភព​ផែ​នដី​ទី ២ ឬ​អង្គការ NASA ហៅថា Earth 2.0 ។



Earth 2.0 មាន​លក្ខណៈ​ពិសេស​ដូចជា​៖ 
– Earth 2.0 មាន​ទំហំ​ធំ​ជាង​ផែនដី ៦០% ។​
– Earth 2.0 មាន​សណ្ឋាន​ដូច​ដុំថ្ម ដែល​សុទ្ធតែ​ផ្ទៃ​រឹង ប៉ុន្តែ​វា​មាន​ស្រទាប់​បរិយាកាស​ផ្នែក​ខាងក្រៅ​ដ៏​ស្រស់​ស្អាត  ដូចជា ភព​ព្រហស្បតិ៍ ។ 
– Earth 2.0 ​វា​មាន​​ចម្ងាយ​​ប្រមាណ ១ ៤០០ ឆ្នាំ​​ពន្លឺ​ពី​ផែនដី​ (រយៈ​ពេល ១ វិនាទី​ពន្លឺ​អាច​រត់​បាន​ ៣ សែន​គីឡូម៉ែត្រ)
– Earth 2.0​ វា​វិល​ជុំវិញ​គន្លង​ផ្កាយ​ខ្លួនឯង​រៀងរាល់ ៣៨៥ ថ្ងៃ​​ដែល​មាន​លក្ខណៈ​ស្រដៀង​នឹង​ភព​ផែនដី ​
– Earth 2.0 និង​គន្លង​តារាវិថី​របស់​វា​មាន​អាយុ​៦ ពាន់​លាន​ឆ្នាំ ចាស់​ជាង​ព្រះអាទិត្យ​ដល់​ទៅ ១,៥ ពាន់​លាន​ឆ្នាំ៕​