ថ្មីៗនេះរូបថតរបស់ លោកស្រី Victoria Donda Perez ដែលជាតំណាងរាស្ត្រមួយរូប នៅប្រទេសអាហ្សង់ទីន ត្រូវបានគេបង្ហោះ និង ចែករំលែកតៗគ្នាក្នុង ប្រព័ន្ធសង្គមផ្សេងៗ។
រូបថតមួយសន្លឹកដែលបង្ហាញពី លោកស្រី Perez បំបៅដោះកូន ក្នុងពេលប្រជុំសភា ត្រូវបានសារពត៌មានក្នុងស្រុកមួយមានឈ្មោះថា Infobae បង្ហោះទៅក្នុងបណ្តាញសង្គម Twitter។ នៅក្នុងរូបនោះផងដែរ យើងសង្កេតឃើញមាន របស់ក្មេងលេង ជាច្រើនលើតុធ្វើការរបស់លោកស្រី។
លោកស្រី Perez មិនទាន់បញ្ចេញមតិផ្ទាល់ខ្លួនរបស់លោកស្រីជាសាធារណៈនៅឡើយទេ ក៏ប៉ុន្តែមតិរបស់អ្នកមើលភាគច្រើនបង្ហាញពីការគាំទ្រនូវអ្វីដែលលោកស្រីបានធ្វើនៅក្នុងរូបថតនោះ។ ជាក់ស្តែកលោកស្រី Susan Crowe ប្រធានផ្នែក Outpatient breastfeeding medicine services នៅមន្ទីរពេទ្យ Lucile Packard Children’s Hospital Stanford បានសម្តែងការសាទរ យ៉ាងខ្លាំងចំពោះរូបថតមួយសន្លឹកនេះ។ លោកស្រីបានបន្ថែមថា “នេះជាឧទាហរណ៏ ស្តីពីតួនាទីរបស់ស្ត្រី មួយដ៏ល្អ សម្រាប់ស្ត្រី និង អ្នកដឹកនាំផ្សេងទៀត។ ស្ត្រីអាចរួមចំណែកក្នុងការងារបានច្រើន ដោយក្នុងពេលតែមួយ នាងអាចបម្រើជាតិ ហើយអាចមើលថែទាំកូនរបស់នាងបានទៀតផង”។
ទោះបីជាយ៉ាងណាក៏ដោយ នៅតែមានមតិមួយចំនួនដែលសម្តែងការមិនពេញចិត្ត ចំពោះទង្វើ របស់លោកស្រី Perez។ ពួកគេបានបញ្ចេញមតិថា រដ្ឋសភាគឺជាស្ថាប័នខ្ពស់បំផុតរបស់ ប្រទេសទាំងមូល មិនមែនជា បន្ទប់ដេកផ្ទាល់ខ្លួនរបស់លោកស្រី Perez ទេ។ វាមានកន្លែងដែលសមរម្យជាងនេះក្នុងការបំបៅកូនបែបនេះ។
គួរបញ្ជាក់ផងដែរថា នៅប្រទេស អាហ្សង់ទីននេះផងដែរ ទារក ៥៤% ត្រូវបានបំបៅដោះដល់អាយុ ៦ខែ ហើយ ២៨%ទៀត ត្រូវបានបំបៅដោះដល់អាយុ ២ឆ្នាំ។ ម្តាយលើសពី ៥០% ដែលមានកូនក្រោមអាយុ ១២ខែ បានកំពុងតែនឹងធ្វើការនៅក្រៅផ្ទះ។ នេះជារឿងដ៏គួរឲ្យកោត សរសើរ មួយសម្រាប់ស្រី្តអាហ្សង់ទីន ដែលអាចធ្វើការផង មើលកូនផងបាននោះ។