(ក្រុងម៉ូស្គូ)៖ សហព័ន្ធ FIFA បានចេញសេចក្តីសម្រេច ជាផ្លូវការនាពេលថ្មីៗនេះ សម្រាប់រៀបចំ ព្រឹត្តិការណ៍ដ៏មហា អស្ចារ្យបាល់ទាត់ពិភពលោក លើកទី២១ គឺពុំមានការ កែប្រែនោះទេ ដែលធ្វើឡើងនៅ ប្រទេសរុស្ស៊ីតែមួយគត់ ចាប់ពី ថ្ងៃទី១៤ ខែមិថុនា រហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ មានរយៈពេល១ខែពេញ ។
ប្រធាន FIFA លោក Sepp Blatter បានថ្លែងក្នុងអង្គប្រជុំតាមរយៈ សារព័ត៌មានស៊ីនហួរ ថា «យើងបានសម្រេចជាឯកច្ឆ័ន្ទហើយ ហើយក៏សម្រេច បានជាលទ្ធផល ចុងក្រោយដែរសម្រាប់ World Cup 2018 នឹងត្រូវធ្វើឡើងដូចសព្វដង គឺ ចន្លោះខែមិថុនា និងខែកក្កដា ចំពេលដែលលីកបាល់ទាត់ប្រទេសនីមួយៗសម្រាក ឬបិទរដូវកាល ហើយចាប់ផ្តើម ចេញដំបូងពីទីក្រុងម៉ូស្គូ ដែលជាទីក្រុងធំរបស់រុស្ស៊ី» ។
បុរសជនជាតិស្វីស វ័យ៧៩ឆ្នាំបានបន្តថា FIFA សម្រេចយកពហុកីឡដ្ឋានចំនួន១២ ដែលស្ថិតក្នុងទីក្រុងចំនួន១១ ដើម្បីដំណើរការនៃយុទ្ធនាការដែលមាន៤ឆ្នាំម្តង ដោយចាប់ផ្តើមចេញដំណើរពីកីឡដ្ឋានធំជាងគេ Luzhiniki ដែលអាច ផ្ទុកអ្នកទស្សនាបានដល់ ៨៩០០០នាក់ ពេលម្ចាស់ផ្ទះរុស្ស៊ីប្រកួតបើកឆាកមុនគេពីក្នុងពូល A ក្នុងចំណោម៣២ក្រុម ដែលឡើងមកដល់វគ្គផ្តាច់ព្រ័ត្រនេះ ។
ផ្អែកតាមសេដ្ឋកិច្ចកំពុងជួបវិបត្តិនាពេលថ្មីនេះ រាជរដ្ឋាភិបាលរុស្ស៊ីបានអនុម័តថវិកា សម្រាប់ដំណើរការរៀបចំ World Cup 2018 ចំនួន ១១.៨ ពាន់លានដុល្លារ បន្ថែមពីលើលុយក្នុងគម្រោងរបស់ FIFA ចំនួន ៥៦០លានដុល្លារទៀត ។ នេះជាលើកទី១ហើយដែលរុស្ស៊ី ឈ្នះសិទ្ធិធ្វើម្ចាស់ផ្ទះ World Cup ក្នុងនាមជា ប្រទេសមិនធ្លាប់ឈ្នះជើងឯក និងរងជើងឯកនោះទេ តែធ្លាប់ជាប់ចំណាត់ថ្នាក់លេខ៤ម្តងដែរ កាលពីឆ្នាំ១៩៦៦ កាលអង់គ្លេសធ្វើម្ចាស់ផ្ទះ ៕