ស្នេហាពេលខ្លះផ្អែមល្ហែមដូចទឹកឃ្មុំ តែពេលខ្លះទៀតបែរជាល្វីងជូរចត់ រហូតបែកបាក់គ្នាដោយសារមូលហេតុតូចមួយក៏មាន។ ក្រោយចែកផ្លូវគ្នា នារីភាគច្រើនតែងទម្លាក់កំហុសទៅលើខាងប្រុស ទាំងធាតុពិតខ្លួនឯងសោះជាអ្នកបង្កឡើង។
បើមិត្តនារីទាំងឡាយមានភាពរកាំរកូសក្នុងរឿងស្នេហា ឬកំពុងនៅឯកាម្នាក់ឯង សាកល្បងគិតលមើល៍ថាមានកំហុសទាំង១០ ខាងក្រោមឬអត់?
១. ព្យាយាមផ្លាស់ប្ដូរបុរសដែលខ្លួនស្រលាញ់
មនុស្សស្រីភាគច្រើនចង់គ្រប់គ្រងបុរសដែលខ្លួនស្រលាញ់ ចង់ឲ្យគេធ្វើអ្វីតាមខ្លួនចង់បានដោយបង្ខំ។ ចំណុចនេះមិនត្រឹមតែគ្មានប្រយោជន៍ប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យទំនាក់ទំនងឈានទៅរកការប្រេះឆាទៀតផង។ បើទោះបីផ្លាស់ប្ដូរក៏មិនមែនចេញពីចិត្ត ដូចនេះគួរបង្ហាញផ្លូវហើយទុកឲ្យគេជ្រើសរើសដោយខ្លួនឯង។
២. មើលលុយធំជាងទឹកចិត្ត
លុយពិតជាសំខាន់ព្រោះអាចទិញអ្វីៗគ្រប់យ៉ាងបាន ប៉ុន្តែវាមិនអាចទិញយកសុភមង្គលបានទេ។ ត្រូវមើលទឹកចិត្តពេលដាក់បេះដូងថាស្រលាញ់បុរសណាម្នាក់ ហើយក៏មិនត្រូវចាត់ទុកលុយជាត្រីមុខដែរ ព្រោះវាអាចធ្វើឲ្យអ្នកបាត់បង់ស្នេហ៍ ទៅប៉ះចំមនុស្សបោកប្រាស់។
៣. រអ៊ូរទាំច្រើនពេក
គ្មានបុរសណាម្នាក់ អាចទ្រាំស្ដាប់ពាក្យរអ៊ូរទាំរបស់មនុស្សស្រីគ្រប់ពេលវេលាឡើយ។ មនុស្សពីរនាក់តែងមានគំនិតផ្សេងគ្នា ហើយក៏មានការគិតរៀងៗខ្លួនដែរ។ ពេលខ្លះគួរចំណាយពេលសរសើរចំណុចល្អរបស់គេជំនួសភាពរអ៊ូរទាំ នោះគេនឹងព្យាយាមកែប្រែចំណុចអាក្រក់។
៤. ប្រៀបធៀបបុរសដែលខ្លួនស្រលាញ់ជាមួយអ្នកផ្សេង
មនុស្សប្រុសរស់ក្នុងភាពប្រកួតប្រជែង តែងគិតថាខ្លួនឯងល្អជាងអ្នកដទៃ មិនចង់ឲ្យមានឈ្មោះក្នុងលេខរៀងទីពីរទេ។ ប្រសិនបើអ្នកប្រៀបធៀបចំណុចខ្សោយរបស់មនុស្សប្រុសដែលខ្លួនស្រលាញ់ ទៅនឹងបុរសដទៃ គេប្រាកដជាអន់ចិត្តខ្លាំង។ ជាពិសេសបើយកទៅធៀបនឹងអតីតសង្សារទៀត ស្នេហាប្រាកដជាបែកបាក់លឿនបំផុត។
៥. គិតតែរឿងអាក្រក់
រករឿងមនុស្សប្រុសដែលខ្លួនស្រលាញ់ ប្រចណ្ឌដោយគ្មានភស្តុតាង គិតតែរឿងអាក្រក់ ទាំងការពិតផ្ទុយទាំងស្រុង។ ទាំងនេះ ជាមូលហេតុដែលធ្វើឲ្យស្នេហារកាំរកូសមិនចេះចប់ និងជាមូលហេតុធ្វើឲ្យបុរសម្នាក់ចាកចេញ ព្រោះទ្រាំលែងបាន។
៦. ធ្វើខ្លួនដូចព្រះនាងតូច
បុរសដែលអ្នកស្រលាញ់ចាត់ទុកអ្នកដូចព្រះនាងតូច និងអ្នកចាត់ទុកខ្លួនឯងជាព្រះនាងតូច គឺជារឿងពីរខុសគ្នាស្រលះ។ បុរសដែលអ្នកស្រលាញ់ មិនមែនជាអ្នកលួងលោម មិនមែនជាអ្នកតាមយកចិត្ត ហើយក៏មិនមែនជាអ្នកបម្រើដែរ…។ ប្រសិនបើគេចាត់ទុកអ្នកដូចព្រះនាងតូច ត្រូវគោរពគេវិញដូចព្រះអង្គ។
៧. មិនដែលទទួលយក
មិនទទួលយកអ្វីដែលបុរសម្នាក់ធ្វើ ឬសម្រេចចិត្ត នឹងធ្វើឲ្យស្នេហារបស់អ្នកបរាជ័យយ៉ាងឆាប់រហ័ស។ មនុស្សប្រុស តែងមានការគិតវែងឆ្ងាយ ហើយចង់ឲ្យគេទទួលយកគំនិតរបស់ខ្លួន ដូចនេះត្រូវចេះសម្របតាមគេខ្លះ។
៨. មិនប្រៀបធៀបភាពខុសគ្នារវាងបុរស និងនារី
មនុស្សប្រុសគិត និយាយ បញ្ចេញសកម្មភាព ឆ្លើយតប និងធ្វើអ្វីៗខុសគ្នាពីមនុស្សស្រី បើទោះបីស្ថិតក្នុងស្ថានភាពធម្មតាក៏ដោយ។ ដោយសារពេលខ្លះ អ្នកភ្លេចពីភាពខុសគ្នានេះហើយ ទើបធ្វើឲ្យបុរសដែលខ្លួនស្រលាញ់ចាកចេញទាំងមិនទាន់ដាច់អាល័យ។
៩. មិនស្គាល់តម្លៃខ្លួនឯង
រូបរាងស្អាត មានចរិតលក្ខណៈល្អ និងទេពកោសល្យពីកំណើត ព្រមទាំងមានគោលដៅច្បាស់លាស់ដើម្បីសម្រេចក្ដីស្រមៃទៅអនាគត…។ បើអ្នកល្អយ៉ាងនេះហើយ ហេតុអ្វីត្រូវបន្ទាបខ្លួនស្រលាញ់បុរសម្នាក់ដែលមិនស័ក្ដិសម? ពិតណាស់ ស្នេហាមិនប្រកាន់អ្វីទាំងអស់ ប៉ុន្តែក៏ត្រូវស្គាល់តម្លៃខ្លួនឯងដែរ។ មិនគួរបណ្ដោយឲ្យមានគម្លាតខ្លាំងពេក រហូតបុរសម្នាក់ចាកចេញទាំងនៅស្រលាញ់។
១០. នៅមិនទាន់យល់ពីអត្ថន័យស្នេហាពិត
ស្នេហាមិនមែនត្រឹមពាក្យមួយឃ្លារៀបរាប់អស់នោះទេ ហើយក៏មិនត្រឹមជាការបារម្ភ និងយកចិត្តទុកដាក់ដែរ។ ដោយសារនារីមួយចំនួន មិនទាន់យល់ពីអត្ថន័យស្នេហាពិត ទើបធ្វើឲ្យនាងបាត់បង់មនុស្សដែលខ្លួនស្រលាញ់។ ស្នេហាមិនមែនជាការនិយាយថាស្រលាញ់រាល់ថ្ងៃទេ វាជាសកម្មភាពអត់ធ្មត់ អត់ឱន លើកទឹកចិត្ត មិនអាត្មានិយម ជម្នះ និងស្មោះត្រង់…៕