កំហុស ៩​យ៉ាង​ធ្វើ​ឲ្យ​បុរស​ម្នាក់​បាត់បង់​នារី​ដែល​ខ្លួន​ស្រលាញ់

មនុស្ស​ស្រី​ជា​អ្នក​ពូកែ​ទ្រាំ​បំផុត​ក្នុង​រឿង​ស្នេហា សុខ​ចិត្ត​ឈឺ​ចាប់​ខ្លោច​ផ្សា​មុន​សម្រេច​ចិត្ត​ជ្រើស​រើស​ផ្លូវ​មួយ​ដើរ​ម្នាក់​ឯង។ ភាព​ផិត​ក្បត់​ប្រាកដ​ណាស់​ថា​នឹង​ធ្វើ​ឲ្យ​នារី​ម្នាក់​ចាក​ចេញ ប៉ុន្តែ​កំហុស​តូចៗ ៩​យ៉ាង ក៏​អាច​ធ្វើ​ឲ្យ​នាង​ដក​ចិត្ត​ពី​បុរស​ដែល​ខ្លួន​ស្រលាញ់​ដែរ។

 

4

 

​១. មិន​មាន​ពេល​វេលា​គ្រប់​គ្រាន់​សម្រាប់​នាង

 

ការងារ​អាច​ធ្វើ​ឲ្យ​អ្នក​រវល់​ដោះ​ដៃ​មិន​រួច ព្រោះ​គិត​ដល់​អនាគត​វែង​ឆ្ងាយ ប៉ុន្តែ​ក៏​ត្រូវ​ចែក​រំលែក​ពេល​វេលា​ខ្លះ​សម្រាប់​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ដែរ។ ពេល​មាត់​នាង​និយាយ​ថា​មិន​អី​ទេ គឺ​ជា​ពេល​ត្រូវ​ព្រួយ​បារម្ភ​បំផុត ព្រោះ​នាង​ចាប់​ផ្ដើម​ធុញ​ទ្រាន់​នឹង​ភាព​ឯកា… ​​មាន​សង្សារ​ប្រៀប​ដូច​គ្មាន។

 

២. មិន​យល់​ពី​ចិត្ត​នាង

 

ធ្លាប់​ដឹង​ទេ​ថា​មនុស្ស​ស្រី​ដែល​អ្នក​ស្រលាញ់​ចូល​ចិត្ត​អ្វី… មិន​ចូល​ចិត្ត​អ្វី… ត្រូវ​ការ​អ្វី​ខ្លះ។ បើ​អ្នក​មិន​យល់​ពី​ចិត្ត​នាង​ទេ ស្នេហា​មួយ​នេះ​ក៏​មិន​អាច​រលូន​ទៅ​មុខ​បាន​ដែរ។ ចង់​ឲ្យ​នាង​យល់​ចិត្ត​អ្នក លុះ​ត្រា​តែ​អ្នក​ចេះ​ស្វែង​យល់​ចិត្ត​នាង​ដែរ។

៣. ធ្វើ​ឲ្យ​នាង​ខ្លាច

 

ភាសា​ផ្អែមល្ហែម ការ​យក​ចិត្ត​ទុក​ដាក់ គឺ​ជា​ឱសថ​បំប៉ន​ដ៏​ល្អ​បំផុត សម្រាប់​បង្កើន​វត្តមាន​អ្នក​ក្នុង​ចិត្ត​មនុស្ស​ស្រី។ បុរស​មួយ​ចំនួន​ចង់​គ្រប់​គ្រង​មនុស្ស​ស្រី​ដែល​ខ្លួន​ស្រលាញ់ ចង់​ធ្វើ​ជា​ម្ចាស់​គ្រប់​ពេល រហូត​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​ថា​ខ្លាច ដែល​អាច​ឈាន​រហូត​ដល់​ការ​ចាក​ចេញ។

 

៤. ចាត់​ទុក​អ្នក​ផ្សេង​សំខាន់​ជាង​នាង

 

មនុស្ស​ស្រី​ចង់​បាន​លេខ​មួយ​ក្នុង​ចិត្ត​បុរស​ដែល​ខ្លួន​ស្រលាញ់​ជានិច្ច ហើយ​ចង់​ឲ្យ​គេ​ចាត់​ទុក​នាង​ជា​មនុស្ស​សំខាន់​គ្រប់​វេលា។ នៅ​ពេល​មួយ​ដែល​អ្នក​ចាប់​ផ្ដើម​មើល​ឃើញ​អ្នក​ផ្សេង​ល្អ​ជាង ហើយ​ជម្រុះ​នាង​ទៅ​លេខ​ពីរ នាង​ប្រាកដ​ជា​មិន​អាច​ទទួល​យក​បាន​ឡើយ។

 

៥. ភ្លេច​គិត​ពី​អារម្មណ៍​នាង

 

3

 

បុរស​ជា​ច្រើន​មិន​យល់​ពី​ចិត្ត​មនុស្ស​ស្រី ហើយ​ចង់​ឲ្យ​នាង​ធ្វើ​អ្វី គិត​អ្វី​ដូច​ខ្លួន​ជា​និច្ច។ មនុស្ស​ផ្សេង​គ្នា តែង​មាន​ការ​គិត​ខុស​គ្នា កុំ​ថា​ឡើយ​ម្នាក់​ជា​ប្រុស ឯ​ម្នាក់​ទៀត​ជា​ស្រី។ មនុស្ស​ស្រី​ឆាប់​ខឹង តែ​ចិត្ត​ទន់ជ្រាយ… មាត់​ចង់​ឈ្នះ តែ​ក្នុង​បេះដូង​នាង​បាន​ចុះ​ចាញ់​រួច​ទៅ​ហើយ។ យល់​ពី​អារម្មណ៍​នាង ចេះ​យក​ចិត្ត​នាង​ដាក់​ក្នុង​ចិត្ត​អ្នក​រួច​គិត​ឡើង​វិញ នោះ​ក្ដី​ស្រលាញ់​នឹង​គ្មាន​ថ្ងៃ​សាបសូន្យ។
​​

៦. មិន​បង្កើន​ជំនឿ​ចិត្ត

 

បើ​ដាក់​ចិត្ត​ថា​ស្រលាញ់​ហើយ ហេតុ​អ្វី​ត្រូវ​ប្រច័ណ្ឌ​នាង​គ្រប់​ពេល តាម​ហួងហែង​ទាំង​គ្មាន​ហេតុផល? គួរ​បង្កើន​ជំនឿ​ចិត្ត ទើប​មនុស្ស​ពីរ​នាក់​អាច​ដើរ​រួម​ផ្លូវ​គ្នា​ដោយ​គ្មាន​ឧបសគ្គ។ គិត​ច្រើន សង្ស័យ​ច្រើន នាំ​ឲ្យ​ចិត្ត​នៅ​មិន​ស្ងប់ ហើយ​ក៏​អាច​ធ្វើ​ឲ្យ​នាង​ធុញ​ទ្រាន់​ដូច​គ្នា។​

 

៧. កំសាក​មិន​ជឿ​ជាក់​លើ​អនាគត

 

អនាគត​នៅ​វែង​ឆ្ងាយ អ្វីៗ​មើល​មិន​ឃើញ ប៉ុន្តែ​បុរស​មួយ​ចំនួន​បែរ​ជា​ទន់​ខ្សោយ​ចុះ​ចាញ់​ទាំង​កណ្ដាល​ផ្លូវ។ នារី​ភាគ​ច្រើន​បំផុត​ស្រលាញ់​មនុស្ស​ប្រុស​ដែល​រឹង​មាំ តស៊ូ​ជម្នះ​ឧបសគ្គ បើ​ទោះ​បី​ដឹង​ថា​​ពិបាក​នឹង​កើត​ឡើង​យ៉ាង​ណា​ក្ដី។

 

៨. ចាត់​ទុក​ខ្លួន​ឯង​ជា​មនុស្ស​អស្ចារ្យ

 

ទស្សនៈ​របស់​មនុស្ស​ម្នាក់ មិន​ប្រាកដ​ថា​ត្រូវ​រហូត​នោះ​ទេ គួរ​ចេះ​ទទួល​យក​គំនិត​គេ​ខ្លះ​ទើប​ជា​ការ​ល្អ។ បើ​អ្នក​ច្រាន​ចោល​រាល់​គំនិត​របស់​នារី​ដែល​ខ្លួន​ស្រលាញ់ នោះ​នាង​អាច​គិត​ថា​ខ្លួន​ប្រៀប​ដូច​ជា​មនុស្ស​គ្មាន​បាន​ការ។

 

៩. មើល​មិន​ឃើញ​តម្លៃ​នាង

 

នាង​ចង់​បាន​ការ​សរសើរ​នៅ​ពេល​ធ្វើ​ល្អ​ដាក់​អ្នក និង​ចង់​ឲ្យ​អ្នក​មើល​ឃើញ​ពី​អ្វី​ដែល​នាង​ធ្វើ។ ប្រសិន​បើ​អ្នក​មិន​ចេះ​ផ្ដល់​តម្លៃ​ទេ ទង្វើ​របស់​នាង​ហាក់​ដូច​ជា​គ្មាន​ន័យ និង​ចាប់​ផ្ដើម​បាក់​ទឹក​ចិត្ត ចាប់​ផ្ដើម​អស់​អារម្មណ៍​បន្ត​ផ្លូវ​ដើរ​រួម​គ្នា៕