តើលោកអ្នកធ្លាប់បាត់បង់ទឹកចិត្ត លែងចង់ធ្វើអ្វីផ្សេងៗបន្ទាប់ពីជួបរឿងមិនល្អ ដូចជាបញ្ហាបរាជ័យនានាដែរឬទេ? ហើយពេលបាត់បង់ទឹកចិត្ត កើតទុក្ខ គ្មានអ្នកណាជួយលើកទឹកចិត្ត តើប្រិយមិត្តមានអារម្មណ៍យ៉ាងណា? បើគ្មានអ្នកណាជួយជម្រុញទឹកចិត្តទេ នៅចាំកើតទុក្ខដល់ណា ម៉េចក៏មិនលើកទឹកចិត្តខ្លួនឯងវិញទៅ? ដើម្បីឱ្យប្រិយមិត្តយល់ដឹងពីការលើកទឹកចិត្តខ្លួនឯង គេហទំព័រ Everyday សូមលើកយកចំណុច 8 សម្រាប់លោកអ្នកមកអនុវត្តតាម។
១, ចាប់ផ្ដើមធ្វើអ្វីដែលសាមញ្ញ និងនៅជិតមនុស្សល្អៗ៖
កិច្ចការសាមញ្ញងាយៗ និងនៅក្បែរមនុស្សដែលល្អៗ អាចឱ្យលោកអ្នកស្វាងគំនិត និងចាប់ផ្ដើមធ្វើឱ្យកិច្ចការផ្សេងៗដោយវិធីសាមញ្ញ តែសប្បាយចិត្ត។
២, រក្សាទំនាក់ទំនងល្អជាមួយមនុស្សល្អឱ្យបានច្រើន៖
លោកអ្នកត្រូវបង្កើន និងរក្សាទំនាក់ទំនងជិតស្និទ្ធ និងល្អជាមួយនឹងមនុស្សល្អឱ្យបានច្រើន ព្រោះថាមនុស្សល្អៗអាចជួយជម្រុញឱ្យលោកអ្នកធ្វើកិច្ចការផ្សេងៗកាន់តែល្អជាងមុន។
៣, រៀនជានិច្ច៖
អ្វីៗនៅជុំវិញខ្លួនសុទ្ធតែជាមេរៀនទាំងអស់។ លោកអ្នកអាចសិក្សាវត្ថុទាំងនោះ ឬក៏អានសៀវភៅល្អៗ។ គំនិតដែលបានមកពីការសិក្សារបស់ជុំវិញខ្លួន និងការអានសៀវភៅល្អៗ អាចជាទុនដ៏សំខាន់ក្នុងការបង្កើត និងអនុវត្តគម្រោងណាមួយ។
៤, រក្សាភាពសុទិដ្ឋិនិយមជានិច្ច៖
មនុស្សដែលមានសុទិដ្ឋិនិយមក្នុងខ្លួន ជាមនុស្សដែលរីករាយបំផុត។ ពេលដែលលោកអ្នករីករាយ មិនថាឧបសគ្គនោះយ៉ាងម៉េចទេ លោកអ្នកប្រាកដជាអាចដោះស្រាយបានទាំងអស់។
៥, ឈប់គិតពីរឿងឥតប្រយោជន៍៖
ចំណាយពេលគិតរឿងឥតប្រយោជន៍មិនជួយលោកអ្នកទេ តែវាកាន់តែធ្វើឱ្យលោកអ្នកស្មុគ្រស្មាញទៅវិញ។
៦, ស្គាល់ខ្លួនឯងច្បាស់៖
មនុស្សដែលមិនស្គាល់ខ្លួនឯងច្បាស់ មិនអាចមានថាមពលលើកទឹកចិត្តខ្លួនឡើយ។
៧, កត់សម្គាល់ពីការអភិវឌ្ឍកិច្ចការ៖
រាល់កិច្ចការដែលបានធ្វើ លោកអ្នកត្រូវកត់ត្រាវាទុក។ លទ្ធផលល្អអាចធ្វើឱ្យលោកអ្នកសប្បាយចិត្ត និងកាន់តែធ្វើឱ្យល្អជាងមុនទៀត។ ឯលទ្ធផលអវិជ្ជមានវិញអាចធ្វើឱ្យលោកអ្នកស្វែងយល់ពីចំណុចអវិជ្ជមានទាំងនោះ និងខិតខំកែច្នៃវាឱ្យល្អឡើងវិញ។
៨, ជួយអ្នកដទៃ៖
ការចែករំលែកគំនិតល្អៗ ជួយទុក្ខធុរៈអ្នកដទៃ និងជួយលើកទឹកចិត្តអ្នកដែលមានបញ្ហា អាចធ្វើឱ្យលោកអ្នកបានយល់ពីតម្លៃនៃការលើកទឹកចិត្ត និងខិតខំធ្វើឱ្យខ្លួនឯងមានអារម្មណ៍ល្អថែមទៀត។
ក្រៅពីចំណុចទាំង 8 ខាងលើ ប្រិយមិត្តទាំងអស់គ្នាប្រាកដជាមានវិធីសាស្ត្រផ្សេងៗទៀតជាមិនខានដើម្បីលើកទឹកចិត្តខ្លួនឯងនោះ។ ហើយត្រូវចាំថា “បើគ្មានអ្នកណាលើកទឹកចិត្តយើងទេ យើងត្រូវចេះលើកទឹកចិត្តខ្លួនឯង” ហើយមិនត្រូវបាក់ទឹកចិត្តឡើយ បើសិនជាជួបនឹងបញ្ហាជីវិតផ្សេងៗនោះ។ ចូរបង្កើនភាពសប្បាយក្នុងជីវិត និងកាត់បន្ថយភាពសោកសៅឱ្យអស់ពីជីវិត៕