មហាសេដ្ឋី​ Warren Buffett៖ ត្រូវ​វិនិយោគ​​លើ ​៦ ​ចំណុច​​នេះ​ឲ្យ​បាន​ច្រើន​បំផុត ទើប​ជោគជ័យ​ក្នុង​​ជីវិត​! ​​

លោក វ៉ារេន​ ប៊ូហ្វេត​ (Warren Buffett) ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​មហាសេដ្ឋី​ដ៏​ល្បីល្បាញ​នៅ​លើ​ពិភពលោក​។ បច្ចុប្បន្ន​នេះ ​លោក​មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ​ ៧២​ពាន់​លាន​ដុល្លារ​អាមេរិក​។ ​អ្នក​ណា​ក៏​ទទួល​ស្គាល់​ដែរ​ថា មហាសេដ្ឋី​រូប​នេះ​​មាន​ជំនាញ​ខាង​ផ្នែក​វិនិយោគ​លើ​វិស័យ​ផ្សេងៗ ​ហើយ​តែង​ទទួល​ជោគជ័យ​ជាបន្តបន្ទាប់​។ ​

នៅ​ពេល​នេះ​ លោក​បាន​ចែករំលែក​ចំណេះដឹង​របស់​លោក​​ អំពី​យុទ្ធសាស្ត្រ​ដ៏​សំខាន់​ ក្នុង​ការ​វិនិយោគ​​ ដើម្បី​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​ជីវិត​។ ខាងក្រោម​នេះ គឺជា​​ចំណុច​សំខាន់ៗ​ ដែល​លោក​អ្នក​ត្រូវ​វិនិយោគ​ឲ្យ​បាន​ច្រើន​បំផុត​ក្នុង​ជីវិត​ តាមតែ​អាច​ធ្វើ​ទៅ​បាន​៖

១) ​ធ្វើ​ឲ្យ​សតិ​​ រាងកាយ​ និង​ ​ស្មារតី​មាន​សុខភាព​ល្អ​
​បើ​តាម​លោក​ វ៉ារេន​ ប៊ូហ្វេត(Warren Buffett)​ ​​បញ្ជាក់​ថា ធាតុ​ទាំង​៣​នេះ គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​សម្រាប់​​មនុស្ស​ទូទៅ​ ដូច្នេះ​ហើយ​ពួកគេ​ត្រូវ​តែ​វិនិយោគ​​ឲ្យ​បាន​ច្រើន​បំផុត​។​ វា​មិនមែន​ជា​ការ​លំបាក​ខ្លាំង​នោះ​ឡើយ​ ពោល​គឺ​គ្រប់គ្នា​អាច​ធ្វើ​បាន។

ទី១ សតិ​​៖ ​ត្រូវ​អាន​សៀវភៅ​ កាសែត និង ឯកសារ​ផ្សេងៗ​ជាប្រចាំ​ ដើម្បី​ឲ្យ​អ្នក​មាន​យល់​ដឹង​អំពី​រឿង​រ៉ាវ​ជាច្រើន​ដែល​បាន​កើតឡើង​ ​ព្រោះ​វា​អាច​ជួយ​អ្នក​ឲ្យ​មាន​លទ្ធភាព​​ឆ្លើយតប​ទៅ​នឹង​ស្ថានការណ៍​ជាក់ស្តែង​។

ទី២ រាងកាយ៖ កុំ​មាន​ភាព​ខ្ជិលច្រអូស​ឲ្យ​សោះ ក្នុង​ការហាត់ប្រាណ​ ដើម្បី​ឲ្យ​រាងកាយ​របស់​អ្នក​មាន​ភាព​រឹងមាំ​ និង សុខភាព​ល្អ។ អ្នក​មិនអាច​មាន​លទ្ធភាព ធ្វើ​ការងារ​អស្ចារ្យ​អ្វី​បាន​ឡើយ ប្រសិនបើ​រាងកាយ​មាន​ភាព​ទន់ខ្សោយ​។

ទី៣ ស្មារតី៖ ស្មារតី​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ សម្រាប់​គ្រប់គ្នា​ ព្រោះ​បើ​អន់​ផ្នែក​ស្មារតី​ មានន័យ​ថា ​អ្នក​មិន​ហ៊ាន​ធ្វើអ្វី ឬ ប្រឈម​នឹង​បញ្ហា​ដែល​កំពុង​កើតឡើង​បាន​នោះ​ទេ។ ដូច្នេះ​ហើយ​ ដើម្បី​ពង្រឹង​ស្មារតី​ឲ្យ​ល្អ អ្នក​គួរតែ​ព្យាយាម​បួងសួង​ គិត​រឿង​ល្អៗ ឬ អគុណ​ទៅដល់​នរណា​ម្នាក់​ ដែល​អាច​ផ្តល់​កម្លាំង​ចិត្ត​ធំធេង (បើ​ទោះ​បី​ជា​ស្ថិត​ក្នុង​សាសនា​ណា​ក៏​ដោយ)។ ​ការ​ធ្វើ​បែបនេះ ពិត​ជា​អាច​ជួយ​កាត់បន្ថយ​ភាព​ភ័យ​ខ្លាច​ និង ធ្វើ​ឲ្យ​អារម្មណ៍​ស្ងប់​ល្អ​។ ​

២) អភិវឌ្ឍ​ទម្លាប់​វិជ្ជមាន​ប្រចាំថ្ងៃ​

​​សកម្មភាព​របស់​មនុស្ស​ គឺ​កើត​ចេញ​ពី​ការ​គិត។ បើ​គិត​វិជ្ជមាន​ សកម្មភាព​ប្រាកដ​ជា​មាន​ភាព​វិជ្ជមាន តែ​បើ​គិត​អវិជ្ជមាន​ ​ប្រាកដជា​​មាន​សកម្មភាព​អវិជ្ជមាន​ដែរ​ហើយ ។​ដូច្នេះ​​ អ្នក​ត្រូវ​ព្យាយាម​បង្កើត និង​ ពង្រីក​រាល់​ទម្លាប់​វិជ្ជមាន​ទាំងអស់​ ដើម្បី​ឲ្យ​អ្នក​អាច​ទទួល​បាន​លទ្ធផល​​ជា​វិជ្ជមាន​ធំធេង​នៅ​ពេល​អនាគត​។​ វា​ជា​ចំណុច​ដ៏​សំខាន់​មួយ​ ដែល​លោក​ វ៉ារេន​ ប៊ូហ្វេត(Warren Buffett)​​ ណែនាំ​ឲ្យ​វិនិយោគ​ជា​ដាច់ខាត ព្រោះ វា​ពិត​ជា​មាន​ប្រយោជន៍​យ៉ាង​ខ្លាំង​សម្រាប់​ជីវិត​។

៣) បន្ត​ការរៀនសូត្រ​
​ការរៀនសូត្រ​ គឺ​គ្មាន​ថ្ងៃ​ចប់​​នោះ​ទេ បើ​ទោះបីជា​រៀន​ចប់​ថ្នាក់​បណ្ឌិត​ក៏​ដោយ​។ ​មានន័យថា អ្នក​ត្រូវ​តែ​វិនិយោគ​ទន់​ឲ្យ​បាន​ច្រើន​លើ​ការរៀនសូត្រ ទោះបីជា​ស្ថិត​ក្នុង​វ័យ​ណា និង ពេលវេលា​ណា​ក៏​ដោយ ពោល​គឺ​ត្រូវ​ព្យាយាម​ធ្វើ​វា​ឲ្យ​បាន​ច្រើន ​តាម​លទ្ធភាព​ដែល​អាច​ទៅរួច​។ ​គ្មាន​នរណា​ម្នាក់ អាច​ជោគជ័យ​ក្នុង​ពិភពលោក​​ពោរពេញ​ដោយ​ការប្រកួតប្រជែង​ ដោយ​គ្មាន​ចំណេះ​ដឹង​នោះ​ឡើយ​។

៤) ​ព្យាយាម​បង្កើត​ទំនាក់ទំនង​ជាមួយ​បុគ្គល​ជោគជ័យ​
​​ដើម្បី​ងាយស្រួល​ ក្នុង​ការ​ស្វែងរក​ផ្លូវ​ទៅកាន់​ជោគជ័យ​ក្នុង​ជីវិត​ អ្នក​ត្រូវ​តែ​​​សិក្សា និង ស្វែងយល់​អំពី​ បទពិសោធន៍​ និង យុទ្ធសាស្ត្រ​ផ្សេងៗ​ដែល​មនុស្ស​ជោគជ័យ​បាន​ហែល​ឆ្លង​។ ដូច្នេះ​ហើយ អ្នក​គួរតែ​ព្យាយាម​បង្កើត​ទំនាក់ទំនង​​ជាមួយ​មនុស្ស​ ទាំងនោះ​ឲ្យ​បាន​ច្រើន​ តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន​ ព្រោះ​វា​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​។

៥) ​ចំណាយ​ពេល​ដើម្បី​ស្គាល់​ថា ខ្លួន​ជា​នរណា
​​​មាន​មនុស្ស​មិន​តិច​នោះ​ទេ ដែល​ព្យាយាម​ស្គាល់​ និង យល់​ពី​​អ្នកដទៃ​ ប៉ុន្តែ​ពេល​ពួកគេ​មិន​ស្គាល់​ច្បាស់​ថា ខ្លួន​ឯង​ជា​នរណា​នោះ​ទេ។ ប្រសិនបើ​ សូម្បី​តែ​ខ្លួន​ឯង​ អ្នក​មិនទាន់​ស្គាល់​ច្បាស់​ផង ​វា​ពិត​ជា​មាន​ការ​លំបាក​ខ្លាំង​ណាស់​ ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត​​។ ការ​ស្គាល់​ច្បាស់​អំពី​ខ្លួន​ឯង​ មានន័យថា​យល់​ថា អ្វី​ដែល​ខ្លួន​ខ្លាំង និង ខ្សោយ​។ ដូច្នេះ​ហើយ​ ត្រូវ​ព្យាយាម​ចំណាយ​ពេលវេលា​ឲ្យ​បាន​ច្រើន​​ ដើម្បី​ស្វែងយល់​អំពី​ខ្លួន​ឯង​។

៦) ធ្វើ​អ្វី​ដែល​ខ្លួន​ពេញ​ចិត្ត​
​ឆាកជីវិត​របស់​មនុស្ស​ គឺ​ខ្លី​ណាស់​ ដូច្នេះ​ហើយ​អ្នក​គួរ​តែ​ព្យាយាម​ធ្វើ​អ្វី​ដែល​ ខ្លួន​ពេញ​ចិត្ត​។ វា​ជា​ចំណុច​ដ៏​សំខាន់​មួយ​ដែល ជួយ​ឲ្យ​អ្នក​អាច​រស់នៅ​ក្នុង​ជីវិត​មួយ​ប្រកបដោយ​ ស្នាម​​ញញឹម​ និង ជោគជ័យ​។ ​កាលណា​អ្នក​ធ្វើ​អ្វី​ដែល ​ខ្លួន​មិន​ពេញ​ចិត្ត​ ​នោះ​អ្នក​នឹង​រស់នៅ​ជាមួយ​នឹង​ភាព​ធុញទ្រាន់​ និង អស់សង្ឃឹម​។ ដូច្នេះ​ គួរ​ធ្វើ​អ្វី​ដែល​អ្នក​ពេញ​ចិត្ត​ ហើយ​ទាំងនេះ​គឺ​ជា​អ្វី​ដែល​លោក Warren Buffett បាន​អនុវត្ត​កន្លង​មក​។

​ប្រែ​សម្រួល​៖ រស្មី​

ប្រភព៖​ www.inc.com