ក្នុងថ្ងៃបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ត របស់ខ្លួន និស្សិតខ្មែរម្នាក់ គឺកញ្ញា តោ គឹមស៊ី ត្រូវបានគេជ្រើសរើសឲ្យឡើងថ្លែងសុន្ទរកថាទៅកាន់និស្សិតបរទេស និងសាស្ត្រាចារ្យជាង ៧៥០ នាក់នៅសាកលវិទ្យាល័យ (Manhattan University) នៅទីក្រុងញូវយ៉កនៃសហរដ្ឋអាមេរិក និងទទួលបានមេដាយ «The Donald J. Carty Valedictory Medal» ផងដែរ។
«The Donald J. Carty Valedictory Medal» ជាមេដាយធ្វើឡើងសម្រាប់ផ្តល់ដល់និស្សិតដែលជាប់ការប្រឡង សុន្ទរកថា។ សុន្ទរកថាដែលឆ្លងកាត់ការជ្រើសរើសពីគណៈកម្មការជំនាញ និងមានការចូលរួមប្រឡងសរសេរចំណោមនិស្សិតឆ្នើមចំនួន ១៦ នាក់ផ្សេងទៀតលើប្រធានបទសេរី។
ក្រៅពីទទួលបានមេដាយនេះហើយ គឹមស៊ី ក៏ទទួលបាននូវមេដាយពីរផ្សេងទៀតដែលទី ១ ឈ្មោះថា «The Brother John McNamara Medal for Computer Science» និងទី ២ ឈ្មោះថា «The Francis B. Taylor Medal for Excellence in Science and Mathematics»។
«ថ្ងៃដែលខ្ញុំឡើងនិយាយ គឺជាថ្ងៃដែលខ្ញុំសប្បាយចិត្ត និងជាថ្ងៃដែលពិសេសជាងគេក្នុងជីវិតរបស់ខ្ញុំ ហើយខ្ញុំពិតជាមិនដឹងថា ខ្លួនឯងអាចទទួលបានមេដាយទាំងនោះឡើយ ព្រោះគេមិនបានប្រាប់យើងមុនទេ និយាយទៅវាជា surprised medal»។ នេះជាការរៀបរាប់របស់កញ្ញា តោ គឹមស៊ី។
គីមស៊ី ដែលមានពិន្ទុ GPA ខ្ពស់ទៅដល់ ៣,៩០ លើពិន្ទុសរុបចំនួន ៤ បាននិយាយថា៖ «តាមរយៈសារព័ត៌មានដែលសរសេរថា ខ្ញុំជាសិស្សឆ្នើមនោះអាចនឹងឲ្យអ្នកដទៃគិតបែបនោះ ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំមិនហ៊ានទទួលពាក្យសម្តីទាំងនោះឡើយ»។
កញ្ញាតោ គឹមស៊ី |
បើតាម គឹមស៊ី រូបនាងផ្ទាល់ក៏ជួបបញ្ហាការសិក្សារហូតដល់ថ្នាក់ចង់បោះបង់ ជាច្រើនដងដែរ នៅពេលជួបបញ្ហាដោះស្រាយទ្រឹស្តី ឬការងារសិក្សាណាមួយមិនចេញ។ យ៉ាងណាមិញដោយសារការដាស់តឿនដល់ខ្លួនឯងផង និងទទួលការណែនាំពីគ្រូផង ទើបនាងអាចបន្តការខំប្រឹងប្រែងតទៅទៀត។
ក្រៅពីជានិស្សិត គឹមសី ក៏ជាគ្រូបង្រៀនក្រៅម៉ោងម្នាក់នៅសាកលវិទ្យាល័យ (Manhattan University) ផងដែរ ។ គឹមស៊ី ប្រាប់ថា៖ «ខ្ញុំបង្រៀននិស្សិតដូចគ្នាដែលជាសិស្សប្អូន ឬជាសិស្សដែលរៀនដំណាលឆ្នាំគ្នា»។
កញ្ញាបានបន្តថា៖ «គណិតវិទ្យាមិនត្រឹមតែរៀនដើម្បីតែចាំទេ ប៉ុន្តែរៀនដើម្បីយល់ហើយអាចពន្យល់អ្នកដទៃឲ្យយល់ដែរទើបមាន ន័យថាយើងចេះ»។
ទោះបីជា គឹមស៊ី មិនសូវទុកខ្លួនឲ្យនៅទំនេរច្រើន ប៉ុន្តែកញ្ញាក៏មានពេលវេលាខ្លះដើម្បីលម្ហែកាយដែរ។ នៅពេលទំនេរពីការសិក្សា គឹមស៊ី ចូលចិត្តដើរកម្សាន្តនៅតាមសារមន្ទីរវិទ្យាសាស្ត្រ និងកន្លែងដែលអាចផ្តល់ចំណេះដឹងមកវិញ។ បន្ទាប់ពីសកម្មភាពទាំងនោះ គឹមស៊ី ពោលថា៖ «ខ្ញុំចូលចិត្តធ្វើលំហាត់»។
នៅពេលសួរថា «តើកញ្ញាតែងតែធ្វើលំហាត់នៅពេលទំនេរ?»។ គឹមស៊ី បានឆ្លើយតបថា៖ «ការសិក្សាគណិតវិទ្យាត្រូវការការតាមដាន (អនុវត្តធ្វើលំហាត់)។ វាដូចជាយើងមើលរឿងភាគដែរបើយើងមិនបានមើលភាគណាមួយយើង ប្រាកដជាពិបាកយល់»។
និស្សិតរូបនេះបានបន្តថា៖ «គណិតវិទ្យាត្រូវការការអនុវត្ត។ ខួរក្បាលនឹងស្ពឹកនៅពេលយើងមិនបានធ្វើការគិតច្រើន»។
ជានិស្សិតម្នាក់ដែលស្រឡាញ់ និងព្យាយាមជានិច្ចក្នុងការសិក្សារហូតទទួលបានរង្វាន់កិត្តិយសជា បន្តបន្ទាប់លើទឹកដីសហរដ្ឋអាមេរិក កញ្ញា តោ គឹមស៊ី បានផ្តាំផ្ញើទៅកាន់យុវជនទូទៅថា៖ «ខ្ញុំមិនចង់ឲ្យគ្រូដែលខំបង្រៀនខ្ញុំបាក់ទឹកចិត្តទេ។ ខ្ញុំយល់អារម្មណ៍នេះ ខ្ញុំក៏ជាគ្រូដែរ។ ខ្ញុំចង់ឲ្យសិស្សហ៊ានសួរគ្រូ។ ត្រូវក្លាហានក្នុងការសួរ កុំគិតថានោះជាសំណួរមិនល្អ។ នៅពេលដែលអ្នកសួរ អ្នកនឹងបានអ្វីមកវិញជាមិនខាន»៕