រឿង​ដ៏​អាថ៌កំបាំង​បំផុត​​​​ចំនួន ៩ នៅ​ជុំវិញ​ពិភពលោក​ ដែល​​​​គ្មាន​អ្នក​ណា​អាច​​បកស្រាយ​បាន​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ

​នៅ​លើ​ពិភពលោក​យើង​នេះ​មានរឿង​ចម្លែកៗ​ជាច្រើន​ដែល​មនុស្ស​យើង​មិន​អាច​​ដឹង​ ហើយ​វា​ស្ថិត​នៅ​ក្នុង​ភាព​អាថ៌កំបាំង​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​។ ក្នុង​ចំណោម​រឿង​​ដ៏​អាថ៌កំបាំង​ទាំង​នោះ TheBNEWS សូម​បង្ហាញ​ប្រិយ​មិត្ត​នូវ​​រឿង​ដ៏​អាថ៌កំបាំង​បំផុត​​ចំនួន ៩ ជុំវិញ​​ពិភពលោក​​ដែល​មាន​ជា​បន្តបន្ទាប់​ដូច​ខាងក្រោម​នេះ៖

១) ភ្លៀង​ពណ៌​ក្រហម​ ( Red Rain)
​កាលពី​ឆ្នាំ ២០០១ គឺ​មាន​ភ្លៀង​ពណ៌​ក្រហម​​ដ៏​ធំ​មួយ​​បាន​ធ្លាក់​នៅ​រដ្ឋ Kerala នៃ​ភាគ​ខាងជើង​ប្រទេស​​ឥណ្ឌា​​ពី​ខែ​កក្កដា ដល់​ខែ កញ្ញា។  សារព័ត៌មាន រដ្ឋាភិបាល​​​ឥណ្ឌា​ និង​អ្នកស្រាវជ្រាវ​មួយ​ចំនួន​បាន​បញ្ចេញមតិ​ផ្សេងៗ​គ្នា​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​រឿង​នេះ​​ក្លាយទៅជា​អាថ៌កំបាំង​ជា​រៀង​រហូត​​គ្មាន​អ្នកណា​បកស្រាយ​បាន​ពី​មូលហេតុ​របស់​វា​ឲ្យ​ពិតប្រាកដ​។​

២) អណ្ដាតភ្លើង​ឆាបឆេះ​ខ្លួន​​នារី​ម្នាក់​ដោយ​គ្មាន​មូលហេតុ​ (Spontaneous Combustion)
Jeannie Saffin បាន​ស្លាប់​ដោយ​អណ្ដាតភ្លើង​ឆាបឆេះ​រោល​ពេញ​​ខ្លួន​របស់​​នាង​ដោយ​គ្មាន​មូលហេតុ​កាលពី​ថ្ងៃ​ទី ១៥ ខែ​កញ្ញា ឆ្នាំ ១៩៨២ នៅ​ប្រទេស​អង់គ្លេស​​។ ឪពុក​របស់​នាង​​​​បាន​និយាយ​ថា នៅ​ក្នុង​ថ្ងៃ​កើត​ហេតុ​ គាត់​បាន​ឃើញ​អណ្ដាត​ភ្លើង​ដ៏​ចម្លែក​មួយ​​​មាន​រាង​ជា​ដៃ​មនុស្ស​ហោះ​ទៅ​ដុត​កូន​ស្រី​របស់​លោក។

ភាព​អាថ៌កំបាំង​ត្រង់​ថា កូន​ស្រី​របស់​លោក​អត់​មាន​ស្រែក យំ ហើយ​សូម្បី​តែ​រើ​បម្រាស់​ក៏​គ្មាន​ដែរ​​នៅ​ពេល​ភ្លើង​ឆេះ​ ហើយ​ភ្លើង​នោះ​ក៏​មិន​បាន​ឆេះ​លំនៅឋាន​របស់​លោក​នោះ​ដែរ លើកលែង​តែ​ខ្លួន​ប្រាណ​កូន​ស្រី​របស់​លោក។​​ ទោះបី​ជា​មាន​ការ​ស៊ើបអង្កេត​ពី​​ប៉ូលិស មូលហេតុ​​ពិតប្រាកដ​នៅ​តែ​​បន្ត​ជា​ភាព​​អាថ៌កំបាំង​ដដែល​។​

៣) ការ​បាត់​ខ្លួន​របស់​អតីត​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​ (Harold Disappearance)
​ការ​បាត់​ខ្លួន​របស់​អតីត​នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក Harold Hold កាលពី​ថ្ងៃ​ទី ១៧ ធ្នូ ​ឆ្នាំ ១៩៦៧ នៅ​តែ​ស្ថិត​នៅ​ក្នុង​ភាព​អាថ៌កំបាំង​ដដែល ខណៈ​​ដែល​លោក​ទៅ​ហែល​ទឹក​នៅ​ឆ្នេរ Chiviot Beach។ លោក​បាន​បាត់​ខ្លួន​ភ្លាមៗ  ​បើ​ទោះបី​ជា​​​មាន​កា​រុករក​ពី​កងកម្លាំង​កងទ័ព​ជើងទឹក ក្រុម​អ្នក​រុករក និង ជំនួយ​ពី​កងទ័ព​ជើង​អាកាស​​ដែល​ហោះ​​ក្រវែល​នៅ​តំបន់​បាត់​ខ្លួន​​នោះ​ នៅ​តែ​មិន​​ឃើញ​ដដែល ហើយ​នៅ​ទី​បំផុត​ ករណី​នេះ​បាន​ក្លាយ​ទៅជា​រឿង​ដ៏​អាថ៌កំបាំង​​រហូត​មក​ដល់​សព្វថ្ងៃ​នេះ​។

៤) សាកសព​មនុស្ស​ស្រី​សម័យ​បុរាណ​ (Lady Dais)

​អ្នកវិទ្យាសាស្ត្រ​បាន​រក​ឃើញ​សាកសព​មនុស្ស​ស្រី​សម័យ​បុរាណ​មួយ​ដែល​មាន​អាយុ​ប្រហែល ២ ០០០ ឆ្នាំ​​នៅ​ក្នុង​​ប្រទេស​ចិន​។ នាង​បាន​ស្លាប់​នៅ​អំឡុង​ចន្លោះ​ឆ្នាំ ១៧៨ ទៅ ១៤៥ មុន​គ្រិស្តសករាជ​ទំនង​​​​ដោយសារ​ជំងឺ​គាំង​បេះដូង។ សាកសព​នេះ​ត្រូវ​បាន​រក្សាទុក​ជាមួយ​សារធាតុ​រាវ​ម្យ៉ាង​យ៉ាង​អាថ៌កំបាំង ដែល​អ្នកវិទ្យាសាស្ត្រ​មិន​អា​សន្និដ្ឋាន​ថា​​ជា​​សារធាតុ​​អ្វី​នោះ​ទេ​។​

៥) ការ​ស្លាប់​ដោយសារ​ការ​រាំ​ឥត​ឈប់ (Dancing Plague)
​នៅ​ក្នុង​​ខែ​កក្កដា ១៥១៨ ស្ត្រី​ម្នាក់​ឈ្មោះ Frau Troffea ព្រមទាំង​មនុស្ស ៤០០​នាក់​​ផ្សេង​ទៀត​បាន​រាំ​នៅ​លើ​ផ្លូវ Strasbourg ភាគ​ខាងជើង​ប្រទេស​បារាំង​ដោយ​មិន​ខ្វល់​ពី​អ្វី​ទាំង​អស់ និង រាំ​​អស់​រយៈ​ពេល​មួយ​ខែ​ដោយ​មិន​បាន​ដេកពួន ឬ សម្រាក​អ្វី​ទាំងអស់​។ នៅ​ទី​បំផុត​ពួកគេ​ បាន​បាត់​បង់ជីវិត​នៅ​នឹង​កន្លែង​ខ្លះ​ស្លាប់​ដោយសារ​គាំងបេះដូង ខ្លះ​ស្លាប់​ដោយសារ​ដាច់​សរសៃឈាម​ខួរក្បាល និង ខ្លះ​ទៀត​ស្លាប់​ដោយសារ​អស់កម្លាំង​ ​។ នេះ​គឺជា​រឿង​មួយ​ដែរ​​មិន​មាន​អ្នកណាម្នាក់​ដឹង​ពី​មូលហេតុ​​ពិត​ប្រាកដ​ដែល​ធ្វើ​ឲ្យ​អ្នក​ទាំង​​នេះ​​រាំ​ឥត​ឈប់​រហូត​ដល់​ស្លាប់​នោះ​ឡើយ។​

៦) ដុំ​ថ្ម​​​ចេះ​កិល​​ (Sailing Stones)
​ដុំ​ថ្ម​នៅ​តំបន់ Racetrack Playa រដ្ឋ California អាច​រំកិល​ខ្លួន​ប្តូរ​ទីតាំង​ដោយ​ខ្លួនឯង​មិន​ចាំ​បាច់​មាន​សកម្មភាព​របស់​មនុស្ស ឬ​សត្វ​ទៅ​ប៉ះ​វា​ឡើយ​ ហើយ​បន្សល់​ទុក​​​ដាន​ផ្លូវ​របស់​វា​​យ៉ាង​វែង​អន្លាយ។ អ្នកវិទ្យាសាស្ត្រ​ខ្លះ​អះអាង​ថា ខ្យល់​ខ្លាំង​ដែល​បក​មក​ប៉ះ​វា បាន​ធ្វើ​ឲ្យ​វា​ធ្វើ​ចលនា​រំកិល​ខ្លួន តែ​អ្នក​ខ្លះ​បាន​បដិសេធន៍​ទៅ​នឹង​ការ​បកស្រាយ​នេះ​ ត្បិតអី​ថ្ម​មាន​ទម្ងន់​ធ្ងន់​ ហើយ​ខ្យល់​មិន​អាច​ធ្វើ​ឲ្យ​ថ្ម​កិល​បាន​​នោះ​ទេ​។ ​ដូច​នេះ​ហើយ​ទើប​គេ​ចាត់​ទុក​ថា ករណី​នេះ​គឺ​​ជា​រឿង​ដ៏​​អស្ចារ្យ និង ចម្លែក​ផង​ ដែល​ស្ថិត​នៅ​ភាព​អាថ៌កំបាំង​មក​ដល់​សព្វថ្ងៃ។​

៧) រូបភាព​ដ៏​អាថ៌កំបាំង​នៅ​លើ​ក្រណាត់​សូត្រ​ (Shroud of Turin)​

​អ្នក​វិទ្យាសាស្ត្រ​​មិន​អាច​ពន្យល់​ថា​ហេតុ​អ្នី​​បាន​ជា​មាន​​រូបភាព​​រប​ស់​​​បុរស​ម្នាក់​នៅក្រុង Turin ​​ភាគ​ខាងជើង​​​ប្រទេស​អ៊ីតាលី​ដែល​បាន​ស្លាប់​ដោយ​ការ​ឆ្កាង​ធ្វើ​ទារុណកម្ម​នោះ​ មាន​វត្តមាន​នៅ​លើ​ក្រណាត់​សូត្រ​មួយ​នេះ។ កាល​ពី​ឆ្នាំ ១៨៩៨ គេ​បាន​ធ្វើ​ការ​វិភាគ​ម្ដង​ហើយ​ដែរ​ ប៉ុន្តែ​នៅ​តែ​មិន​អាច​រក​មូល​ហេតុ​​ឃើញ។ អ្នក​ខ្លះ​បាន​អះអាង​ថា រូបភាព​នោះ​ជា​រូបភាព​របស់​យេស៊ូគ្រិស្ត​ដែល​ព្រះអង្គ​ធ្លាប់​សោយទិវង្គត​ដោយសារ​ការ​​​យក​ទៅ​ឆ្កាង​នេះ​ដែរ។​  ផ្ទុយទៅវិញ​គ្រី​ស្ត​បរិស័ទ​បាន​អះអាង​ថា​ វា​គឺជា​ក្រណាត់​បញ្ចុះសព​របស់​ព្រះ​យេស៊ូ​គ្រិស្ត​ទៅវិញ​។ ទោះបីជា​បែប​នេះ​ក្តី វា​​នៅតែ​ជា​រឿង​ដ៏​អាថ៌កំបាំង​​ដដែល​​គ្មាន​ចម្លើយ​ពិតប្រាកដ​ណា​មួយ​យក​ជា​ការ​បាន​នោះ​ឡើយ។​

៨) សំឡេង​ដ៏​ចម្លែក​ឮ​ឡើង​​នៅ​រដ្ឋ​ New Mexico (Taos Hum)
​សំឡេង​ដ៏​ចម្លែក​ (Taos Hum) នៅតែ​បន្ត​ភាព​អាថ៌កំបាំង​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ បន្ទាប់​ពី​សំឡេង​នេះ​បាន​បន្លឺ​​ឡើង​នៅ​​ដើម​ទសវត្ស​ទី ៩០ ក្នុង​ក្រុង Taos ភាគ​កណ្ដាល​​​រដ្ឋ New Mexicoសហរដ្ឋអាមេរិក​។ សំឡេង​​ល្វើយៗ​ហាក់បីដូចជា​សំឡេង​​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​​ពី​ចម្ងាយ​លាន់ឮ​ឡើង​ឥត​ដាច់​​ធ្វើ​ឲ្យ​ប្រជាជន​ធុញថប់​ក្នុង​អារម្មណ៍​។ ទោះបី​ជា​​មាន​ការ​ស្រាវជ្រាវ​យ៉ាងណា​ក្តី គេ​នៅតែ​មិន​​ទាន់​ដឹង​ពី​ប្រភព​ច្បាស់លាស់​ពី​​សំឡេង​​​នេះ​នៅឡើយ​ទេ​រហូត​មក​ដល់​ពេល​នេះ​។​

៩) ដុំ​ថ្ម​ Grooved Spheres
​មាន​ថ្ម​មួយ​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ដែល​គេ​ស្គាល់​ថា​ជា Precambrian ដែល​មាន​​អាយុ​កាល​ប្រមាណ២,៨  ពាន់​លាន​ឆ្នាំ​។ អ្វី​ដែល​នៅតែ​ជា​អាថ៌កំបាំង​នោះ​គឺ​​គេ​មិន​ដឹងថា​វា​ជា​អ្វី សម្រាប់​ធ្វើ​អ្វី ហើយ​មក​ពីណា​​នោះ​ទេ​ ទើប​មាន​វត្តមាន​នៅ​លើ​ភពផែនដី​យើង​នេះ៕

 

ប្រែសម្រួល៖ សុខ វាសនា​

ប្រភព៖​ wonderslist