មូលហេតុ៤ ​យ៉ាង​​ដែលធ្វើអោយយុវវ័យ​​​មិន​សូវ​អាន​សៀវភៅ

យុវវ័យ​ខ្មែរ​​មិន​និយមការ​​អាន​សៀវភៅ​ទេ ​ដែល​​រូបភាព​នេះ​​អាច​ខុស​​គ្នា​ខ្លាំង​​ពី​​​​​យុវវ័យ​រស់​​នៅ​តំបន់​​ អឺរ៉ុប។ ​មាន​មូល​ហេតុ​​មួយ​ចំនួន​ដែល​​យុវវ័យ​​ខ្មែរ​​មិន​សូវ​និយម​អាន​សៀវភៅ។

១. គ្មាន​ពេល​ទំនេរ​គ្រប់​គ្រាន់

យុវជន ផល អៀងហេង​និស្សិត​ខ្មែរ​ សិក្សា​ជំនាញ​​វិស្វកម្ម​ផលិតផល​ នៃ​មហាវិទ្យាល័យ​មហា​សារ៉ាខាម​ នៅ​ព្រះ​រាជាណាចក្រ​ថៃ​បាន​ឱ្យ​ដឹង​ថា​ខ្លួន​​មិន​សូវ​អាន​សៀវភៅ​ទេ​ ព្រោះ​រវល់​នឹង​ការងារ​រៀន​សូត្រ។ អៀងហេង​ក៏​បាន​បន្ត​ថា​ «​ខ្ញុំ​អាន​សៀវភៅ​ណា​ដែល​មាន​ក្នុង​មេរៀន​ខ្ញុំ​ប៉ុណ្ណោះ​ ហើយ​មិន​សូវ​បាន​អាន​ក្រៅ​មេរៀន​ទេ​  បើ​មាន​ពេល​ទំនេរ​ខ្ញុំ​គេង​ច្រើន​ជាង​ ព្រោះ​ខ្ញុំ​ចំណាយ​ពេល​ច្រើន​ណាស់​សម្រាប់​ រៀន​មេរៀន​ដែល​ចាំ​បាច់​ត្រូវ​តែ​រៀន!»។

ចំណែក​យុវតី​ សូ ពុទ្ធាវង្ស និស្សិត​ផ្នែក​ទំនាក់​ទំនង​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ​កម្ពុជា​ បាន​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា នាង​មិន​សូវ​មាន​ពេល​អាន​ទេ ព្រោះ​រវល់​នឹង​ការងារ​រៀន​សូត្រ​នឹង​ធ្វើ​ការ​។ «​ធ្វើ​ការ​ផង​រៀន​ផង ដូច្នេះ​បើ​ចំណាយ​ពេល​ទំនេរ​យក​ទៅ​អាន​សៀវភៅ​​ មិន​អាច​ទ្រាំ​ទ្រ​រួច​ទេ!»។ ​វង្ស​បាន​បន្ថែម។

២. ទើប​តែ​ចាប់​ផ្ដើម​អាន

«​កាល​មុន​ខ្ញុំ​មិន​ដែល​ចាប់​អារម្មណ៍​រឿង​អាន​សៀវភៅ​បន្ថែម​ទេ! ទើប​តែ​ចូល​មហាវិទ្យាល័យ​ទើប​ចាប់​ផ្ដើម តែ​ខ្ញុំ​ក៏​អាន​មិន​សូវ​បាន​ច្រើន​ដែរ​»។ តឹក​ សៀក​លី​ យុវតី​មក​ពី​សាកល​វិទ្យាល័យ​ ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​បាន​ថ្លែង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​និស្សិត​ផ្នែក​​រដ្ឋបាល​សាធារណៈ​​រូប​នេះ​ក៏​​នៅ​តែ​ គាំ​ទ្រ​និង​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​និង​យុវជន​ដទៃ​ឱ្យ​បណ្ដុះ​គំនិត​ក្នុង​ ការ​អាន​សៀវភៅ​ព្រោះ​ថា អាន​កាន់​តែ​ច្រើន​ ដឹង​ក៏​កាន់​តែ​ច្រើន​ ពិភព​លោក​ក៏​នៅ​ក្នុង​ដៃ​ដែរ។

ស្រដៀង គ្នា​នេះ​ដែរ កញ្ញា​  សូ ​ដាលី​ ជា​និស្សិត​នៃ​វិទ្យាស្ថាន​ភាសាបរទេស​បាន​ឱ្យ​ដឹង​ថា សម្រាប់​កញ្ញា​ឪពុក​កញ្ញា បាន​ទិញ​សៀវភៅ​​ឱ្យ​កញ្ញា​ដើម្បី​បណ្ដុះ​ការ​អាន មិន​មែន​ទើប​តែ​ចាប់​ផ្ដើម​ឡើយ។ ដាលី​ក៏​បាន​បន្ត​ទៀត​ថា​ សៀវភៅ​នៅ​ស្រុក​ខ្មែរ​មិន​ទាន់​មាន​ច្រើន​ទេ​បណ្ណាល័យ​ មាន​តិច​ ដូច្នេះ​អ្នក​ដែល​នៅ​ឆ្ងាយ​ពី​បណ្ណាល័យ​គេ​​មាន​ការ​ពិបាក​ ម្យ៉ាង​ទៀត​ សិស្ស​ភាគ​ច្រើន​មិន​សូវ​ត្រូវ​បាន​ជំរុញ​ឱ្យ​អាន​ទេ តែ​ពួក​គេ​ពឹង​ផ្អែក​​លើ​គ្រូ​ច្រើន​ជាង​ប្រឹង​អាន​ប្រឹង​ស្រាវជ្រាវ​ដោយ​ ខ្លួន​​ឯង។ ​

៣. បរិបទ​ខ្មែរ​និង​អឺរ៉ុប
​​​
«ពេល​ខ្លះ​ខ្ញុំ​ឃើញ​ពួក​អឺរ៉ុប​អាន​សៀវភៅ​គ្រប់​ទី​កន្លែង​ មិន​ថា​ដើរ​លេង​ឬ​ជិះ​ឡាន​ក្រុង​ទេ ខ្ញុំ​ក៏​ចង់​បណ្ដុះ​ទម្លាប់​បែប​នេះ​ដែរ​ តែ​ពេល​ដែល​ធ្វើ​ទៅ​មាន​អារម្មណ៍​ថា​ ក្រសែ​ភ្នែក​ដែល​គេ​មើល​មក​គិត​ថា​ខ្ញុំ​ជោរ​ទៅ​វិញ!»  នេះ​ជា​ការ​លើក​ឡើង​របស់​ យុវជន ឡេង ភក្ដី​ ជា​និស្សិត​នៃ​សាកល​វិទ្យាល័យ​ អាស៊ី​អឺរ៉ុប។ ភក្ដី​បាន​សម្ដែង​​ការ​​ខក​ចិត្ត​ថា ការ​មិន​ទាន់​ជ្រាប់​ច្បាស់​ពី​សារៈសំខាន់​ក្នុង​ការ​អាន​សៀវភៅ​របស់​មនុស្ស ​ភាគ​ច្រើន​ បាន​ធ្វើ​ឱ្យ​យុវជន​រូប​នេះ​ រា​រែក​ក្នុង​ការ​បណ្ដុះ​ការ​អាន​ឱ្យ​បាន​ច្រើន​ បែរ​ជា​ត្រូវ​គេ​ចំអក​ចំពោះ​ការ​អាន​សៀវភៅ​គ្រប់​ទី​កន្លែង​ទៅ​វិញ​។

យុវជន សុខ ដាវីឌ ជា​អតីត​សិស្ស​វិទ្យាល័យ​ បូរី​១០០​ខ្នង​ប៉ុន្តែ​ បច្ចុប្បន្ន​កំពុង​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​បាន​ឱ្យ​ដឹង​ថា​ នៅ​ទឹក​ដី​អាមេរិក​យុវវ័យ​ចូល​ចិត្ត​ការ​អាន​ព្រោះ​ វា​អាច​ជា​កាតព្វកិច្ច​មួយ​ដែល​គ្រូ​នៅ​ទី​នោះ​ប្រគល់​សៀវភៅ​​ឱ្យ​សិស្ស​ ម្នាក់​មួយ​ក្បាល​ ដើម្បី​យក​ទៅ​អាន​នៅ​ផ្ទះ​​​ ខុស​​កាល​ពី​នៅ​ខ្មែរ​ដាវីឌ​មិន​សូវ​ចូល​ចិត្ត​ការ​អាន​ប៉ុន្មាន​ទេ​ បើ​អាន​គឺ​អាន​នៅ​​តែ​ក្នុង​ថ្នាក់​ប៉ុណ្ណោះ​ ​ចំណែក​រឿង​អាន​នៅ​ផ្ទះ​ដោយ​ខ្លួន​​ឯង​គឺ​កម្រ​ណាស់​។ ​សិស្ស​នៃ​មហាវិទ្យាល័យ ​Middle​sex Community(MCC) ​រូប​នេះ​ក៏​បាន​បន្ថែម​ទៀត​ថា​ ​ឪពុក​​ម្ដាយ​ក៏​ជា​ផ្នែក​មួយ​ដែរ​ នៅ​ទី​នោះ​ម្ដាយ​ឪពុក​បង្រៀន​ឱ្យ​កូន​ៗ​ចេះ​អាន​តាំង​ពី​នៅ​តូច​ៗ ចំណែក​នៅ​ខ្មែរ​វិញ​ ​ពេល​កូន​ធំ​ទើប​ពួក​គេ​ចាប់​ផ្ដើម​ស្វែង​រក​សៀវភៅ​អាន​ដោយ​ខ្លួន​ឯង​ ​នេះ​គឺ​ជា​​ចំណុច​មួយ​ដែល​យុវវ័យ​ខ្មែរ​មិន​សូវ​និយម​ការ​អាន​។

៤. មិន​មែន​ចេះ​តែ​អាន និង​មាន​Smart Phone

ប៉ៃ បូរមី​ សិស្ស​នៃ​វិទ្យាស្ថាន​ភាសាបរទេស​បាន​ឱ្យ​ដឹង​ថា រូប​នាង​ផ្ទាល់​ អាន​សៀវភៅ​រើស​ណាស់​មិន​មែន​ចេះ​តែ​អាន​ទេ​។ បូរមី​ក៏​បាន​ប្រាប់​ទៀត​ថា​ សៀវភៅ​ដែល​ចាំ​បាច់​ត្រូវ​តែ​អាន​គឺ​បាន​អាន​ហើយ​ ប៉ុន្តែ​​សៀវភៅ​សម្រាប់​អាន​កំដរ​​អារម្មណ៍​ពេល​ទំនេរ​ពី​ការ​សិក្សា​គឺ មិន​ងាយ​អាន​ទេ ទាល់​តែ​ចាប់​អារម្មណ៍​ខ្លាំង​មែន​ទែន​ទើប​អាន។

យុវជន សម្បត្តិ​ សុផាត ​ជា​សិស្ស​ថ្នាក់​ទី​១២ នៃ​វិទ្យាល័យ​ បូរី​១០០​ខ្នង បាន​ប្រាប់​ថា ទោះ​រវល់​ឬ​ទំនេរ​ក៏​មិន​ដែល​អាន​ដែរ​។​ សុផាត​ប្រាប់​ថា សុខ​ចិត្ត​លេង​អ៊ីនធើណេត​វិញ បើ​ជួប​អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ក៏​អាន តែ​បើ​មិន​ជួប​ក៏​មិន​បាន​អាន​ដែរ។ បន្ថែម​ពី​លើ​នេះ​ ​សិស្ស​ត្រៀម​ប្រឡង​បាក់ឌុប​រូប​នេះ​ក៏​បាន​និយាយ​ថា «គេ​និយម​អាន​តាម​ទូរសព្ទ​អស់​ហើយ មិន​ដឹង​ថា​គេ​អាន​ឬ​ក៏​លេង​ហ្គេម​ទេ!»។

នេះ​គឺ​ជា​ការ​លើក​ឡើង​របស់​ យុវវ័យ ៨ រូប​​​ប៉ុណ្ណោះ​ ដូច្នេះ​បើ​មាន​ហេតុ​ផល​ផ្សេង​​ប្រិយមិត្ត​អាច​បន្ថែម​ក្នុង​ប្រអប់​បញ្ចេញ​ មតិ​បាន​..!

sabay.com.kh