ប្រព័ន្ធ ResearchKit របស់ Apple នឹងធ្វើអោយ មានការផ្លាស់ប្តូរ ក្នុងវិស័យ វេជ្ជសាស្ត្រ

apple researchkitនៅក្នុងព្រឹត្តិការណ៍ ប្រកាសពី នាឡិកាឆ្លាតវៃ Apple Watch នាយកប្រតិបត្តិ Apple លោក Tim Cook បានបង្ហាញ ពីប្រព័ន្ធថ្មី ឈ្មោះ ResearchKit ដែលអាច អោយអ្នកអភិវឌ្ឍកម្មវិធី បង្កើត កម្មវិធី សំរាប់ ប្រមូលទិន្នន័យសុខភាព របស់ អ្នកជំងឺ តាមរយៈកម្មវិធីនៅលើ iPhone។ Apple បានសហការណ៍ជាមួយ វិទ្យាស្ថានវេជ្ជសាស្ត្រល្បីៗ ហើយបាន បង្កើតកម្មវិធីចំនួន 5 ដោយប្រើ ResearchKit នេះ គឺ កម្មវិធី តាមដានសុខភាពបេះដូង MyHeart Counts, កម្មវិធីតាមដានអ្នកជំងឺញ័រសាច់ដំុ Parkinson mPower, កម្មវិធីតាមដាន អ្នកជំងឺទឹកនោមផ្អែម GlucoSuccess, កម្មវិធីតាមដាន អ្នកជំងឺមហារីកសុដន់ Share The Journey, និង កម្មវិធីតាមដាន អ្នកជំងឺហឺត Ashma Health

ResearchKit-apps
បើតាម Apple បានអោយដឹងថា អ្នកជំនាញវេជ្ជសាស្ត្រ បច្ចុប្បន្ន ពឹងផ្អែក ទៅលើ ក្រដាស់ និងព័ត៌មាន មានកំរិត ក្នុងការ សិក្សា និងស្វែងរក វិធីព្យាបាលជំងឺ។ េនះ គឺដោយសារ តែ ចំនួនអ្នកជំងឺ បានចូលរួមសិក្សា មានចំនួនតិច (Small Sample Size) ហើយ រយៈពេល ប្រមូលទិន្នន័យនីមួយៗ គឺមានចន្លោះពេលយូរៗ… មិនបានជាប់លាប់។ ដោយយល់ឃើញ ពីភាពលំបាកនេះ ទើប Apple បង្កើត ប្រព័ន្ធកូដ ResearchKit នេះឡើង ដើម្បីអោយ អ្នកជំនាញវេជ្ជសាស្ត្រ ដូចជា ក្រុមគ្រូពេទ្យជាដើម អាចសិក្សា កាន់តែងាយស្រួលឡើង ពីមូលហេតុនៃជំងឺ និងមានទិន្នន័យគ្រប់គ្រាន់ ដើម្បីស្វែងរក ការព្យាបាល។

បើតាម Bloomberg បានអោយដឹងថា ក្រោយពេល ប្រកាសពីប្រព័ន្ធនេះ បាន 24 ម៉ោង មានមនុស្ស រាប់ពាន់នាក់ បានដោនឡូដ កម្មវិធីនេះ នឹងចុះឈ្មោះ ចូលរួម ក្នុងការសិក្សា។ សកលវិទ្យាល័យ Stanford មានការ រីករាយយ៉ាងខ្លាំង នៅពេល រកឃើញថា មាន មនុស្សជាង 11 ពាន់នាក់ បានចុះឈ្មោះ ចូលរួមក្នុងការសិក្សា ពីសុខភាពបេះដូង តាមរយៈកម្មវិធី MyHeart Counts របស់ខ្លួន។ Stanford បានអោយដឹងថា បើតាមពីមុន បើចង់បាន ចំនួនមនុស្សបិុននេះ គឺត្រូវចំណាយពេល 1 ឆ្នាំ និងត្រូវប្រើ មណ្ឌលវេជ្ជសាស្ត្រ ជាង 5០ ទូទាំងប្រទេស ទើបបាន។

បច្ចុប្បន្ន អ្នកដែលអាចចូលរួម ក្នុងការសិក្សានេះបាន មានតែ ប្រជាជន នៅអាមេរិក និងអង់គ្លេស តែប៉ុណ្ណោះ ហើយបើតាម Apple គេ នឹងបើក អោយ អ្នកជំងឺ នៅប្រទេសផ្សេងៗ អាចចូលរួម នាពេលអនាគត៕

ប្រភព: Bloomberg