ថ្មីៗនេះ TheBNEWS ទើបបានចុះផ្សាយអំពីរបៀបមើលដឹងថា កាស Earpots របស់ iPhone 5S ពិតឬក្លែងក្លាយដើម្បី ជៀសវាងមិត្តអ្នកអានមានការភាន់ច្រឡំ ឬចាញ់បោកគេ។ ចំណែកទំព័រនេះវិញ BNEWS សូមបង្ហាញរបៀបមើលខ្លះៗដើម្បីដឹងថា ខ្សែកាស iPhone 5S ពិតឬក្លែងក្លាយ។
១) ជារឿងធម្មតាទេ រាល់ខ្សែសាកថ្ម iPhone 5S គឺមានគុណភាពខ្ពស់ជាង របស់ក្លែងក្លាយ ទើបគេអាចសម្គាល់លើចំណុចនេះបាន។ ប្រភេទប្លាស្ទិកលើខ្សែសាកថ្មក្លែងក្លាយអន់ ដូច្នេះប្រើឆាប់ដាច់រហែកភាគច្រើននៅត្រង់កឌុយប្រទាក់ Lightning (Lighting Connector) តែម្ដង (ដូចរូបខាងក្រោម)។ ដោយឡែកសាច់ខ្សែហ្សីន (Original) វិញគឺមិនងាយដាច់រហែកដូចនេះទេ។
២) ក្បាលឌុយ (Lightning Connector) នៅលើខ្សែសាក iPhone 5S ក្លែងក្លាយគឺអន់គុណភាព ឆាប់ឆ្កូត រដិបរដុប ការរចនាមិនបានស្អាត ដូច ក្បាលឌុយហ្សីនទេ។
៣) ធ្មេញ ឬអ្នកខ្លះហៅថាម្ជុលនៅលើក្បាលឌុយ (Lighting Connector) ពិតមានពណ៌ទង់ដែងស្រស់ ដោយឡែករបស់ក្លែងក្លាយមានពណ៌ស្លេកៗ មិនបានដិតល្អដូចរបស់ពិតទេ។
៤) ទម្រង់ប្លាស្ទិកដែលត្រូវបានរចនានៅលើក្បាលឌុយ Lighting Connector គឺមានលក្ខណៈស្តង់ដារត្រឹមត្រូវហាប់ណែន ចំណែកនៅលើរបស់ក្លែងក្លាយគឺមិនដូច្នោះទេ។
៥) សង្កេតមើលសាច់ពណ៌នៅលើត្រង់ USB របស់ខ្សែសាកក្លែងក្លាយ មិនដូចរបស់ពិតទេ ពោលគឺដូចនឹងការប្រៀបធៀបកាស Earpors ដែរ។ សាច់ពណ៌របស់ពិតគឺពណ៌សម្បកពងមាន់ស្រាល ហើយរបស់ក្លែងក្លាយពណ៌សបែបស៊ីជម្ពូ។
៦) ខ្សែសាកថ្ម iPhone 5S ក្លែងក្លាយខ្លះ គ្រាន់តែមើលភ្លាមឃើញភ្លាមទៅលើការរចនា គឺមិនបានត្រឹមត្រូវតាមស្តង់ដារ ដូចរបស់ពិតទេ។ ជាក់ស្ដែងក្នុងរូបឃើញថា ក្បាលឌុយនៅលើខ្សែសាកថ្មក្លែងក្លាយមានទំហំធំ និងវែងជាង ហើយផលិតឡើងដោយមិនសូវយកចិត្តទុកដាក់ទេ គឺវៀច មិនត្រង់ដូចរបស់ពិតឡើយ៕
សូមបញ្ជាក់ថា ទាំងនេះគ្រាន់តែចំណុចវិនិច្ឆ័យខ្លះៗប៉ុណ្ណោះ នៅមានលក្ខណៈចំណាំផ្សេងៗទៀតសម្រាប់សំគាល់ខ្សែសាក iPhone ប្រភេទ Lightning ថាពិត ឬក្លែងក្លាយ៕
ពី : thebnews.com