សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​នឹង​ប្ដូរ​ទីតាំង​ថ្មី​ក្នុង​តំបន់​ជ្រោយចង្វារ​ត្រើយ​ខាងកើត

លោក ថៃ នរៈ​សត្យា បាន​ឲ្យ​ដឹងថា ក្រសួង​គ្រោង​នឹង​ផ្លាស់ប្តូរ​ទីតាំង​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ទៅកាន់​តំបន់​ជ្រោយចង្វារ​ត្រើយ​ខាងកើត​រាជធានី​ភ្នំពេញ​វិញ។ លោក​អះអាងថា ទីតាំង​ថ្មី​នេះ  មាន​ទំហំ​ផ្ទៃដី​ធំ​ទូលាយ​ជាង ២ ទៅ៣ហិច​តា ហើយ​ថា គម្រោង​នេះដែរ ទទួលបាន​ការគាំទ្រ​ពី​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ។ ដោយឡែក​ចំពោះ​ទីតាំង​ចាស់​របស់​សាកលវិទ្យាល័យ​នេះ នឹង​ប្រើ​សម្រាប់​ពង្រីក​សារមន្ទី​ជាតិ ។

សាកលវិទ្យាល័យ​ភូមិន្ទ វិចិត្រសិល្បៈ (ស.ភ.វ.ស) ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ១៩៦៥ ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ។ RUFA មាន​មហាវិទ្យាល័យ​ចំនួន ៥ និង​មជ្ឈមណ្ឌល​មួយ រួមមាន មហាវិទ្យាល័យ​បុរាណវិទ្យា មហាវិទ្យាល័យ​ស្ថាបត្យកម្ម និង​នគ​រោ​ប​នី​យ​វិទ្យា មហាវិទ្យាល័យ​សិល្បៈ​សូន​រូប មហាវិទ្យាល័យ​តូរ្យតន្ត្រី និង​មហាវិទ្យាល័យ​សិល្បៈ​នាដ​សាស្ត្រ។

អ្នកនាំពាក្យ និង​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ លោក ថៃ នរៈ​សត្យា បាន​ពន្យល់​ពី​មូលហេតុ​នៃ​ការផ្លាស់ប្តូរ​ទីតាំង​ថ្មី​នេះ​ថា ក្រសួង​មានបំណង​ពង្រីក​ទីតាំង​សាលា នាពេល​បច្ចុប្បន្ននេះ។ ហើយ​ថា ក្រសួង​មាន​ផែនការ​ផ្លាស់ប្តូរ​ទីតាំង​សាកលវិទ្យាល័យ​នេះ យូរ​មកហើយ។

ក្នុងនាម​អាជ្ញាធរ​ដែលមាន​អំណាច​អាណាព្យាបាល​ក្នុងការ គ្រប់គ្រង​សាកលវិទ្យាល័យ​ភូមិន្ទ វិចិត្រសិល្បៈ (RUFA) លោក​ថា ទីតាំង​សាលា​សព្វថ្ងៃ​មាន​ទីធ្លា​តូចចង្អៀត ហើយ​សារមន្ទីរ​ជាតិ​សព្វថ្ងៃ​ក៏មាន​លក្ខណៈ​តូចចង្អៀត​ដែរ ដូចនេះ​ទើប​ក្រសួង​សម្រេច​ផ្លាស់ប្តូរ​ទីតាំង​សាកលវិទ្យាល័យ ដើម្បី​យក​ដី​ពង្រីក​ទីធ្លា​សារមន្ទីរ​ជាតិ ។

«នៅ​សារមន្ទីរ​ជាតិ​សព្វថ្ងៃ​មាន​វត្ថុ​បុ​រណ​ជាច្រើន​ដែល​មិនមាន​កន្លែង ដាក់តាំង​ត្រឹមត្រូវ ដូច្នេះ ការពង្រីក​សារមន្ទីរ​ជា​រឿង​ចាំបាច់ ។ ហើយ ការផ្តល់​ទីតាំង​ថ្មី​សម្រាប់​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ថ្មី​នេះ សាលា​រាជធានី​ភ្នំពេញ​បាន​ជួយ​ដោះស្រាយ​ដី​ប្រមាណ ២ទៅ៣ហិកតា ដែលមាន​ចម្ងាយ​ជាង៥គីឡូម៉ែត្រ​ពី​ភ្នំពេញ»។ នេះ​ជាការ​បញ្ជាក់​របស់លោក ថៃ នរៈ​សត្យា។

បើតាម​អ្នកនាំពាក្យ​រូបនេះ ទីតាំង​ថ្មី​របស់ RUFA នឹងមាន​លក្ខណៈ​ល្អប្រសើរ​ជាង​មុន ទាំង​បន្ទប់​សិក្សា ការិយាល័យ​ធ្វើការ ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​សាលា។
តែ​យ៉ាងណា លោក ថៃ នរៈ​សត្យា មិនទាន់​អាច​បញ្ជាក់​ពី​ថវិកា​ដែល​នឹងត្រូវ​ចំណាយ​ក្នុង គម្រោង​ពង្រីក​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ក៏ដូចជា​សារមន្ទីរ​ជាតិ​នោះទេ។
លោក​ថា៖«យើង​ទាន់​រៀបចំ​ប្លង់​រួច ដូចនេះ​គម្រោង​នេះ យើង​មិនទាន់​អាច​សរុប​ចំនួន​ថវិកា ដែល​នឹងត្រូវ​ចំណាយ​បានទេ»៕
By thmeythmey.com