ទូរទស្សន៍ជាតិបារាំង ប៉ុស្តិ៍លេខ៥TV5Monde ដែលធ្វើការផ្សព្វផ្សាយទូរទាំងពិភពលោក ត្រូវបានអាក់ខានការផ្សាយរបស់ខ្លួនទាំងស្រុង កាលពីយប់ថ្ងៃពុធ ទី ៨មេសា ដោយសារតែមានជនមិនស្គាល់មុខមួយក្រុម ជាចោរព័ត៌មានវិទ្យា បានចូលទៅបំផ្លាញ ប្រព័ន្ធផ្សព្វផ្សាយរបស់ទូរទស្សន៍នេះ។ ក្រៅពីបង្អាក់កម្មវិធីផ្សាយ ក្រុមចោរបានចូលទៅបញ្ឈប់ដំណើរការរបស់គេហទំព័រអ៊ីនធើនែត របស់ទូរទស្សន៍បារាំងទៀតផង។ ក្រុមចោរដែលបានធ្វើប្រតិបត្តិការនេះ បានអះអាងថា ពួកគេជាបក្សពួករបស់ក្រុមជីហាតរដ្ឋអ៊ីស្លាម។
នៅល្ងាចថ្ងៃពុធ ទី ៨ មេសា ម៉ោងប្រមាណជា ១០យប់ ទូរទស្សន៍ជាតិបារាំងប៉ុស្តិ៍លេខ៥ TV5 Monde ដែលមានកម្មវិធីផ្សាយទូទាំងពិភពលោក ត្រូវបានរងការវាយប្រហារ តាមប្រព័ន្ធព័ត៌មានវិទ្យា ដោយជនមិនស្គាល់មុខមួយក្រុម ប៉ុន្តែគេដឹងយ៉ាងច្បាស់ថា ជាមនុស្សរបស់ក្រុមជីហាតរដ្ឋអ៊ីស្លាម។
លោកYves Bigot អគ្គនាយកស្ថានីយ៍ទូរទស្សន៍ បានធ្វើសន្និសីទកាសែតភ្លាមៗក្រោយហេតុការណ៍នេះ។ យោងតាមប្រសាសន៍របស់លោក ក្រុមចោរព័ត៌មានវិទ្យា បានចូលទៅវាយបំផ្លាញប្រព័ន្ធផ្សព្វផ្សាយរូបភាពរបស់ទូរទស្សន៍។ អស់រយៈពេលជាច្រើនម៉ោង ទូរទស្សន៍មានតែកញ្ចក់ខ្មៅ គ្មានរូបគ្មានសំឡេងអ្វីទាំងអស់។ ក្រៅពីកាត់ផ្តាច់ការផ្សាយ ក្រុមចោរបានចូលទៅគ្រប់គ្រងទាំងស្រុង លើគេហទំព័រអ៊ីនធើនែតរបស់ទូរទស្សន៍ ព្រមទាំងទំព័រ Facebook និងទំព័រ Tweeters របស់ទូរទស្សន៍នេះទៀតផង។
នៅលើទំព័រFacebook ក្រុមចោរបានប្តូររូបថត ដោយបានដាក់រូបថតរបស់ពួកជីហាតអ៊ីស្លាម។ បន្ទាប់មកទៀត ពួកចោរបានចែករំលែកឯកសារ ទាក់ទិននឹងប្រវត្តរូបសង្ខេបរបស់នាយទាហានបារំាងមួយចំនួន ដែលបានចូលរួមបេសកកម្មនៅតំបន់ដើមបូព៌ា ក្នុងការកម្ទេចពួកជីហាត។ លោក នាយកទូរទស្សន៍បានបន្ថែមថា នៅលើទំព័រ Facebook ក៏ដូចជា Tweeters ពួកចោរបានសរសេរសារ បង្ហោះថា នេះជាការតបស្នង នូវអ្វីដែលរដ្ឋាភិបាលាបារាំងបានធ្វើទៅលើក្រុមជីហាតរដ្ឋអ៊ីស្លាម។ ពួកបានវាបានគំរាមថា ពួកវានឹងសងសឹកលើរដ្ឋាភិបាលរបស់លោកហូឡង់ ដែលបានបញ្ជូនទាហានទៅធ្វើសង្រ្គាមនៅអ៊ីរ៉ាក់ និងនៅស៊ីរី។ សារមួយចំនួនទៀតបានសរសេរថា ពួកវានឹងមិនទុកឲ្យក្រុមគ្រួសារ របស់ទាហានដែលបានចូលរួមបេសកកម្មនៅដើមបូព៌ាទាំងអស់ រស់នៅបានសុខទេ។
ប៉ុន្មានម៉ោងក្រោយមក នៅក្នុងវេលាយប់ រំលងចូលថ្ងៃព្រហស្បតិ៍ ក្រុមអ្នកជំនាញបានដណ្តើមយក ទំព័រ Facebook និង Tweeters មកកាន់កាប់បានវិញ។ ប៉ុន្តែរហូតមកដល់ព្រឹកថ្ងៃព្រហស្បតិ៍ កម្មវិធីផ្សាយរបស់ទូរទស្សន៍ នៅមិនទាន់ដំណើរបានល្អជាដូចធម្មតាទេ។ ទូរទស្សន៍អាចគ្រាន់តែចាក់ផ្សាយកម្មវិធីមួយចំនួនតូច ដែលបានថតទុករួចមកហើយ ឯការផ្សាយផ្ទាល់ និងកម្មវិធីព័ត៌មាន នៅមិនទាន់អាចដំណើរការបាននៅឡើយទេ ហើយនៅតំបន់ខ្លះ គេមិនអាចបើកមើលប៉ុស្តិ៍ទូរទស្សន៍នេះ បាននៅឡើយដែរ។ លោកនាយកទូរទស្សន៍បានបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយរបស់ទូរទស្សន៍ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលគេត្រូវចំណាយពេល អាចច្រើនថ្ងៃដើម្បីជួសជុល មុននឹងអាចវិលមករកភាពប្រក្រតីឡើងវិញ។
សូមបញ្ជាក់ផងដែរថា ទូរទស្សន៍ TV5 Monde គឺជាបណ្តាញទូរទស្សន៍អន្តរជាតិជាភាសាបារាំង ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៤។ ទូរទស្សន៍នេះ ធ្វើការផ្សព្វផ្សាយនៅពាសពេញពិភពលោក ដោយមានផ្ទះប្រមាណជា ២៥៧លានគ្រួសារ ដែលបើកមើលឃើញប៉ុស្តិ៍ទូរទស្សន៍នេះ។ TV5 Monde គឺជាបណ្តាញទូរទស្សន៍អន្តរជាតិ ធំបំផុតលំដាប់ទីពីរ បន្ទាប់ពីបណ្តាញទូរទស្សន៍ MTV របស់អាមេរិក៕