ស្វែងយល់ពីប្រវត្តិ ពិធីបុណ្យចូលឆ្នាំខែ្មរ ប្រពៃណីជាតិ

 ពិធីបុណ្យចូលឆ្នាំខ្មែរ គឺជាពិធីបុណ្យដ៏ធំមួយនៅកម្ពុជា ក្នុងចំណោមបុណ្យប្រពៃណីជាតិធំៗ ចំនួន៣ ​ដែលរួមមាន៖ បុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ និងបុណ្យអុំទូក បណ្តែតប្រទីព សំពះព្រះខែ អកអំបុក ដែលពិធី​ទាំងនេះ ជា​បុណ្យទំនៀមទម្លាប់ ប្រពៃណីខ្មែរ មានតាំងពី​បុរាណកាល​មក ដែលពិធី​បុណ្យទាំងនេះ ត្រូវបាន​ប្រជាជនខ្មែរ ប្រកាន់ខ្ជាប់ខ្ជួន និងធ្វើការប្រារព្ធ​ឡើង​ជារៀង​រាល់ឆ្នាំ មិនដែលខក​ខាន​ទេ។ ប៉ុន្តែក្នុង​ចំណោម​​បុណ្យធំៗទាំងបីនេះ មានតែបុណ្យ​ចូលខ្មែរ​ទេ ដែលជាបុណ្យ​ធំជាងគេ ​ព្រោះ​ជាឱកាស​ដែល​ប្រជាពលរដ្ឋកម្ពុជា ប្រមូលផលស្រូវ ព្រមទាំងបាន​បញ្ចប់ ការបង្កបង្កើនផលទាំងឡាយ ជាពិសេស​ផ្លាស់ឆ្នាំចាស់​ឆ្លងចូលឆ្នាំថ្មី។

បុណ្យចូលឆ្នាំមានរយៈពេល៣ថ្ងៃ គឺថ្ងៃទី១ ជា​ថ្ងៃមហាសង្ក្រាន្ត ដែលត្រូវជាថ្ងៃ ប្រជាជន​គ្រប់រូប​សែនព្រេន ដើម្បីទទួលទេវតាឆ្នាំថ្មី ហើយថ្ងៃទី២ ជាថ្ងៃ​វ័នប័ត និងថ្ងៃទី៣ ជាថ្ងៃ​ឡើង​ស័ក ហើយ​ក្នុងរយៈ​ពេលបីថ្ងៃនេះ មានការលេងល្បែងប្រជាប្រិយគ្រប់យ៉ាង ហើយក៏មាន​កម្មវិធី​កំសាន្ត ជាច្រើន​ផ្សេងទៀត ដូចជាមានការរាំកំសាន្តនៅតាម​ភូមិស្រុកនានា​ទូទាំងប្រទេ​សកម្ពុជា។

សម្រាប់ឆ្នាំថ្មី ឆ្នាំ២០១៥នេះ ចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៤-១៥​ និង ១៦ ខែមេសា ហើយចូលនៅ​វេលា​ម៉ោង២៖០២នាទី រសៀលថ្ងៃអង្គារទី១៤ ខែមេសា ឆ្នាំ២០១៥។

តើបុណ្យចូលឆ្នាំខ្មែរនេះ មានប្រវត្តិ និងដំណើរការដូចម្តេច? ខាងក្រោមនេះ គឺជាការ​បង្ហាញ​ខ្លះ​ៗ អំពី​បុណ្យចូលឆ្នាំខ្មែរ ៖

Photo by LookingTODAY

មានរឿងនិទានមួយ​បានតំណាល​ថា កាលពីព្រេងនាយ មានបុត្រា របស់សេដ្ឋី ដែលជាកុមារម្នាក់ ឈ្មោះ​ធម្មបាល​កុមារ ជា​អ្នក​មាន​​ចំណេះវិជ្ជា​ជ្រៅជ្រះ និងមានបញ្ញាវៀងវៃ ចេះចប់​នូវគម្ពីរត្រៃវេទ​តាំងពី​អាយុ​បាន ៧ឆ្នាំ។ សេដ្ឋី​បិតា​ បាន​កសាងប្រាសាទ​ឲ្យ​នៅ​ទៀប​ដើម​ជ្រៃ​មួយ​ធំ នៅ​ឆេ្នរ​ទនេ្ល ​ជា​ទី​លំនៅ​នៃ​បក្សី​ទាំង​ឡាយ​ ធម្មបាល​កុមារ​នោះចេះ​ស្តាប់​ភាសាបក្សីទាំង​ឡាយទាំង​ពួង​ផង ហើយ​បានក្លាយ​ជា​អាចារ្យ​ សមែ្តង​មង្គលផេ្សងៗ​ដល់​មនុស្ស​ ដែលធ្វើឱ្យមនុស្សលោក កោត​សរសើរ​ដល់ធម្មបាលកុមារ ថាជាអ្នកប្រាជ្ញ និងជាអ្នកមានបុណ្យផង។

ដំណឹងនេះ ក៏បានលេចឮដល់ កបិលមហាព្រហ្ម ដែលជាអ្នកមានអំណាច នៅក្នុងចក្រវាឡទាំងមូល។ ព្រះព្រហ្ម ចង់ដឹងយ៉ាងខ្លាំង ពីប្រាជ្ញារបស់ធម្មបាលកុមារ ទ្រង់ក៏ចុះពីឋានសួគ៌មក ដើម្បីល្បងប្រាជ្ញា ជា​មួយធម្មបាលកុមារ ពេល​នោះ​កបិលមហាព្រហ្ម បានដាក់ប្រសា្ន ៣ «ខ» ដល់ធម្មបាលកុមារ ដោយ​សន្យា​​ទុក​ថា បើ​ដោះ​ប្រស្នា​បាន​ នឹង​កាត់ក្បាល​បូជាដល់ធម្មបាលកុមារ​ តែ​បើដោះ​មិន​រួច​នឹង​កាត់​ក្បាល​ធម្មបាល​កុមារ​វិញ។ ធម្មបាល​កុមារ​សុំ​ឲ្យ​ពន្យារ​ពេល​ចំនួន ៧​ថៃ្ង​សិន ​ដើម្បី​គិតដោះស្រាយ​ប្រស្នា​។

លុះ​កន្លង​ទៅ ៦​ថៃ្ង​ហើយ​ក៏​នៅ​តែ​គិត​មិន​ឃើញ​ ដឹង​ខ្លួន​ថា​ព្រឹក​នេះខ្លួន​នឹងត្រូវ​ស្លាប់ ដោយ​អាជ្ញា​កបិល​មហាព្រហ្ម​ជា​ប្រាកដ​ហើយ​។ ដូចេ្នះ ​គួរ​តែ​រត់ទៅ​លាក់​ខ្លួនពួន​អាត្មា​ឲ្យស្លាប់ដោយ​ខ្លួន​ឯង​ប្រសើរ​ជាង ទើប​ចុះ​ពី​ប្រា​សាទ​ទៅ​ដេក​ពួន​នៅក្រោម​ដើមត្នោត​មួយ​គូ។ដើម​ត្នោត​នោះសត្វឥន្រី្ទ​ញី​ឈ្មោល​ធ្វើ​សំបុក អាស្រ័យ​នៅ វេលា​យប់​ឥន្រី្ទ​ញី​សួរ​ឥន្រ្ទី​ឈ្មោល​ថា ព្រឹកនេះ​យើង​បាន​អាហារ​ពី​ណា​ស៊ី? ឥន្រី្ទ​ឈ្មោល​ឆ្លើយ​ថា យើង​នឹង​ស៊ី​សាច់​ធម្មបាល​កុមារ ដែល​ត្រូវ​កបិលមហាព្រហ្ម​សម្លាប់ ព្រោះ​ដោះ​ប្រស្នា​មិន​រួច។ ឥន្រី្ទ​ញី​សួរ​ថា ប្រស្នា​នោះ​ដូច​មេ្តច​ ? ឥន្រី្ទ​ឈ្មោល​ឆ្លើយ​ថា : វេលា​ព្រឹក​សិរី​សួសី្ត​ស្ថិត​នៅ​ទីណា ? ត្រូវ​ឆ្លើយ​ថា នៅ​មុខ ហេតុ​នេះ​ទើប​មនុស្ស​​ទាំងឡាយ​ត្រូវ​យក​ទឹក​លប់​មុខ ខ​១, ថៃ្ង​ត្រង់​សិរី​ស្ថិត​នៅ​ត្រង់ណា ? ត្រូវ​ឆ្លើយ​ថា នៅ​ទ្រូង​ ហេតុ​នោះ​ទើប​មនុស្ស​ត្រូវ​យក​ទឹក​លាង​ទ្រូង ខ​២, វេលា​ល្ងាច​សិរី​ស្ថិត​នៅ​ទី​ណា ? ត្រូវ​ឆ្លើយ​ថា នៅ​ជើង​ ហេតុ​នេះ ទើបមនុស្ស​ទាំង​ឡាយ​ត្រូវ​យក​ទឹក​លាង​ជើង ខ៣​។ ធម្មបាល​កុមារ​បាន​ឮ​ដូចេ្នះ ក៏​ត្រឡប់​ទៅ​ប្រាសាទ​វិញ។

ព្រឹក​ឡើង​កបិល​មហាព្រហ្ម ​ក៏​មក​សួរ​ប្រស្នា​ពីធម្មបាល​កុមារ ហើយក៏ឆ្លើយ​ដោះស្រាយ តាម​ដែល​បាន​ឮ​មក កបិលមហាព្រហ្ម ហៅ​ទេពធីតា​ទាំង ៧​នាក់ ​ដែលជាបាទ​បរិចាវិកា​ព្រះឥន្រ្ទ មក​ប្រាប់​ថា ឥឡូវ​បិតា​ត្រូវ​កាត់​ក្បាល​បូជា​ធម្មបាលកុមារ តែ​បើ​ដាក់​ក្បាល​នោះ​លើ​ផែនដី ក៏​នឹង​កើត​ជា​ភ្លើង​ឆេះ​ទាំង​លោក​ធាតុ បើ​បោះ​ទៅ​លើអាកាស​ភ្លៀង​ក៏​រាំង ​បើ​ចោលក្នុងមហាសមុទ្រទឹក​ក៏​រីង​ស្ងួត​ហួត​អស់ ដូចេ្នះ​សូម​ឲ្យ​កូន​ទាំង ៧​នាក់ យកពាន​មក​ទទួល​ក្បាល។ ថា​ហើយ​ក៏​កាត់​ក្បាល​ហុចទៅ​ឲ្យ នាង​ទុង្សា​ជា​កូន​ច្បង នាង​ទុង្សាក៏​យក​ពាន​ទៅ​ទទួល​ក្បាល​បិតា ហើយ​ហែ​ប្រទក្សិណ​​ភំ្នព្រះសុមេរុ ៦០​នាទី​ហើយ​ក៏ អញ្ជើញ​ទៅ​ប្រតិស្ឋានទុក ក្នុង​មណ្ឌល​​នៅ​ក្នុង​គុហាគន្ធមាលី ភំ្នកៃលាស បូជា​គឿ្រង​ទិព្វ​ផេ្សងៗ ព្រះ វិស្សកម្មទេវបុត្រ ក៏​និមិត្ត​រោង​ទព្វ​ដ៏ ហើយ​ដោយ​កែវ ៧​ប្រការ ឈ្មោះ​ថា "ភគវតីសភា" ឲ្យ​ជា​ទីប្រជុំ​នៃ​ទេវតា លុះ​ដល់​គម្រប់ ១ឆ្នាំជាសង្រ្កាន្ត​នាង​ទេពធីតា​ទាំង ៧​ ក៏​ផ្លាស់​វេនគ្នាមក​អញ្ជើញ ក្បាល​កបិល​មហា​ព្រហ្ម ចេញ​មក​ហែ​ប្រទក្សិណ ភំ្នព្រះសុមេ​រុ​រាល់ៗ​ឆ្នាំ​ហើយ​ត្រឡប់​ទៅ​ស្ថាន​ទេវលោក​វិញ។

ឈ្មោះទេពធីតាមហាសង្រ្កាន្ត និង គឿ្រងអាភរណៈ ថ្ងៃ ទេពធីតាមហាសង្រ្កាន គ្រឿងអាភរណៈ

ថ្ងៃអាទិត្យ ទុង្សាទេវី សៀតផ្កាទទឹម​​ គ្រឿងប្រដាប់បទុមរាគ ភក្សាហារផ្លែឧទុម្ពរ អាវុធស្តាំ​​កងចក្រ ឆ្វេងសង្ខ័ពាហានៈគ្រុឌ។

ថ្ងៃច័ន្ទ គោរាគទេវី សៀតផ្កាអង្គាបុស្ស គ្រឿងប្រដាប់មុក្តា ភក្សាហារប្រេង អាវុធស្តាំព្រះខ័ន អាវុធឆ្វេង ឈើច្រត់ ពាហនៈ ខ្លា។

ថ្ងៃអង្គារ រាគ្យសាទេវី សៀតផ្កាឈូក គ្រឿងប្រដាប់មោរ៉ា ភក្សាហារលោហិត អាវុធស្តាំត្រីសូល៍ អាវុធ ឆេ្វងធ្នូ ពាហនៈ អស្សតរ។

ថ្ងៃពុធ មណ្ឌាទេវី សៀតផ្កាចំប៉ា គ្រឿងប្រដាប់ពិទូរ្យ ភក្សាហារទឹកដោះសប្បិ អាវុធស្តាំម្ជុល អាវុធឆ្វេងឈើច្រត់ ពាហនៈ លា។

ថ្ងៃព្រហស្បតិ៍ កិរិណីទេវី សៀតផ្កាមណ្ឌា គ្រឿងប្រដាប់មរកត ភក្សាហារសណ្តែក ល្ង អាវុធស្តាំកង្វេរ អាវុធឆ្វេងកាំភ្លើង ពាហនៈដំរី ។

ថ្ងៃសុក្រ កិមិរាទេវី សៀតផ្កាចង្កុលណី គ្រឿងប្រដាប់ បុស្សរាគ័ម ភក្សាហារចេកណាំវ៉ា អាវុធស្តាំ ព្រះខ័ន ឆេ្វងពិណ ពាហនៈ ក្របី។

ថ្ងៃសៅរ៍ មហោទរា សៀតផ្កាត្រកៀត គ្រឿងប្រដាប់នីលរត័ន៍ ភក្សាហារសាច់ទ្រាយ អាវុធស្តាំ កងចក្រ ឆេ្វងត្រីសូល៍ ពាហនៈក្ងោក។

ទំនៀមចូលឆ្នាំ៖ ទំនៀម​​ពិធី​​ចូល​ឆ្នាំ​​ប្រព្រឹត្ត​​ទៅ​​ចំនួន ៣ថ្ងៃ។ ថ្ងៃ​ដំបូង​ជា​ថ្ងៃមហាសង្ក្រាន្ត ថ្ងៃទី២ ជាថ្ងៃ​វ័ន​បត ថ្ងៃទី៣ ជាថ្ងៃ​ឡើង​ស័ក។ ឯ​ការ​កំណត់​ខែ ថ្ងៃ ម៉ោង នាទី​ដែល​ឆ្នាំ​ចាស់​ត្រូវ​ផុត​កំណត់ ហើយ​ទេព្តា​ឆ្នាំ​ថ្មី​ត្រូវ​ចុះ​មក​ទទួល​តំណែង​ពី​ទេព្តា​ឆ្នាំ​ចាស់​នោះ គេ​អាច​ដឹង​បាន​យ៉ាង​ទៀង​ទាត់ ដោយ​អាស្រ័យ​តាម​ក្បួន​ហោរាសាស្ត្រ​បែប​បុរាណ ​គឺ​ក្បួន​មហាសង្ក្រាន្ត​ នេះឯង។

តើ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​របស់​ខ្មែរ​យើង​ត្រូវ​លើ​ខែ​ណា ? ថ្ងៃ​ណា ? ចាប់​ពី​ត្រឹម​សម័យ​ក្រុង​នគរធំ​ឡើង​ទៅ​ខ្មែរ​យើង​ប្រើ​ចន្ទគតិ (ដំណើរ​ព្រះចន្ទ) ទើប​កំណត់​យក​ខែ​មិគ​សិរ​ជា​ខែ​ចូល​ឆ្នាំ ហើយ​ជា​ខែទី​១ ខែកត្តិក ជា​ខែ​ទី១២។ លុះ​ក្រោយ​មក​ទើប​គេ​និយម​ប្រើ​សុរិយគតិ (ដំណើរ​ព្រះអាទិត្យ) ជា​សំខាន់​វិញ ​ហើយ កំណត់​ចូលឆ្នាំ​ក្នុង​ខែចែត្រ (ខែទី៥) ដែល​ជា​ឆ្នាំ​កំណត់​ព្រះអាទិត្យ​ចូល​កាន់​មេ​រាសី ហើយ​ថ្ងៃ​ចូល​ឆ្នាំ

រ​មែង​ត្រូវ​លើថ្ងៃ​ទី១៣ នៃខែមេសា (ចេត្រ) រៀង​រាល់ឆ្នាំ ប៉ុន្តែ​យូរៗ​ទៅ​មាន​ភ្លាត់​ម្តងៗ ចូល​ឆ្នាំ​ក្នុង​ថ្ងៃទី១៤ ក៏មានខ្លះដែរ ដូចជាឆ្នាំសកល២០១៤នេះជាដើម។ មហាសង្ក្រាន្ត​ដែល​ប្រើ​របៀប​គន់គូរ​តាម​សុរិយគតិ​មាន​ឈ្មោះ​ថា «សាមញ្ញសង្ក្រាន្ត» (ព្រះអាទិត្យ​ដើរ​ត្រង់​ពី​លើ​ក្បាល​ជា​សង្ក្រាន្ត)។ មហាសង្ក្រាន្ត​ដែល​ប្រើ​របៀប​គន់​គូរ​តាម​ចន្ទ​គតិ​ហៅថា «អាយន្តសង្ក្រាន្ត» (ពេល​ដែល​ព្រះអាទិត្យ​ដើរ​បញ្ឈៀង​មិន​ត្រង់​ពី​លើ)។ គេ​នៅ​ប្រើ​ចន្ទ​គតិ​អែប​គ្នា នឹ​ង​សុរិយគតិ​ដែរ ព្រោះ​ចន្ទគតិ​មាន​ទំនាក់ទំនង​នឹង​ពុទ្ធប្បញ្ញត្តិ​ច្រើន។ ចំណែក​ឯ​ថ្ងៃចូល​ឆ្នាំ​​​​​​​តាម​ចន្ទគតិ​ មិន​បាន​ទៀង​ទាត់​ជា​ថ្ងៃ​ណា​មួយ​ទេ ជួន​កាល​ចូល​ឆ្នាំ​ក្នុង​វេលា​ខ្នើត ជួនកាល​ទៀត​ក្នុង​វេលា​រនោច​​ទៅ​វិញ។ ប៉ុន្តែ​នៅ​ក្នុង​រវាង​១​ខែ គឺ​មិន​មុន​ថ្ងៃ ៤​កើត ខែ​ចេត្រ និង​មិន​ហួស​ថ្ងៃ ៤​កើត ខែ​ពិសាខ​ទេ ដូចនេះ​សង្ក្រាន្ត​ខ្លះ​ធ្លាក់​ទៅ​ក្នុង​ខែ​ពិសាខ​ក៏​មាន។

ការរៀបចំបុណ្យចូលឆ្នាំ៖ ចំពោះ​ពិធី​ផ្សេងៗ ​ខ្មែរ​យើង​មាន​រៀបចំ​តាម​ប្រពៃណី​ដូច​ត​ទៅ នៅ​ពេល​មុន​ចូល​ឆ្នាំ​គេ​នាំ​គ្នា​ប្រុង​ប្រៀប រក​ស្បៀង​អាហារ​សំអាត​ផ្ទះ​សម្បែង រែក​ទឹក​ដាក់​ពាង រក​អុស​ទុក ​កាត់​សំលៀក​បំពាក់​ថ្មីៗ​ជា​ដើម ។ ថ្ងៃ​ចូល​ឆ្នាំ​មក​ដល់​គេ​រៀប​គ្រឿង​សក្ការៈ​បូជា​ សម្រាប់​ទទួល​ទេវតា​ថ្មី​ មាន បាយ​សី​មួយ​គូ, ស្លា​ធម៌​១​គូ ធូប​៥, ទៀន​៥, ទឹកអប់​១​គូ, ផ្កា​ភ្ញី, លាជ, ទឹក​មួយ​ផ្តិល និងភេសជ្ជៈនំនែក ផ្លែ​ឈើ​គ្រប់​មុខ​។ ចំណែក​ផ្ទះ​សម្បែង​គេ​តុបតែង​រំលេច​ដោយ​អំពូលអគ្គីសនីខ្សែ​តូចៗ​ចំរុះ​ពណ៌ ឬ​ចង្កៀង​គោមគ្រប់​ពណ៌​សម្រាប់​ទទួល​ទេវតា​ថ្មី​។ លុះ​ដល់​វេលា​កំណត់​ទេវតាថ្មី​ចុះ​មក​ហើយ គេ​នាំ​កូន​ចៅ​អង្គុយ​ជុំ​គ្នា នៅ​ជិត​កន្លែង​រៀប​គ្រឿង​សក្ការៈ​នោះ ហើយ​អុជ​ទៀន ធូប​បាញ់​ទឹកអប់ បន់​ស្រន់​សុំ​សេចក្តី​សុខ​ចំរើន​គ្រប់​ប្រការ​ពី​ទេវតាថ្មី។ ចំពោះ​គ្រឿង​សក្ការៈ ​និង​ក្រយា​ស្ងោយ​ដាក់​ថ្វាយ​ទេព្តោ​នោះ គេ​និយម​តំរូវ​តាម​ចិត្ត​ទេវតា​ដែល​នឹង​ត្រូវ​ចុះ​ក្នុង​ឆ្នាំ​នីមួយៗ​។ ឧទាហរណ៍ : បើ​ទេវតា​ដែល​ត្រូវ​ចុះ​មក​នោះ​សោយ​ល្ង សណ្តែក គេ​ដាក់​សណ្តែក ល្ង ថ្វាយ...ឯ​ពិធី ៣​ថ្ងៃ​នៃ​ថ្ងៃ​ចូល​ឆ្នាំ​នោះ​គឺ :

· ថ្ងៃទី១ : គេ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត ។ ពេល​ល្ងាច​គេនាំ​គ្នា​ជញ្ជូន​ខ្សាច់​សាង​វា​លុក​ចេតិយ​នៅ​ជុំវិញ​ព្រះវិហារ ឬនៅ​ជុំវិញ​ដើម​ពោធិ៍ណា​មួយ​នៅ​ក្នុង​វត្ត​នោះ។ នៅ​ពេល​ព្រលប់​គេ​ប្រគេន​ភេសជ្ជៈ​ដល់​ព្រះសង្ឃ និមន្ត​លោក​ចំរើនព្រះបរិត្ត និង​សំដែង​ធម្ម​ទេសនា។

· ថ្ងៃទី២ : កូនចៅ​ជូន​សំលៀក​បំពាក់ នំ​ចំណី លុយ​កាក់​ដល់​អ្នក​មាន​គុណ ឪពុក​ម្តាយ ជី​ដូន​ជីតា​ជា​ដើម​។ ជួន​កាល​គេ​ធ្វើ​ទាន ដល់​មនុស្ស​បំរើ ឬ​អ្នកក្រីក្រ​ទៀត​ផង។ ពេល​រសៀល​គេ​នាំ​គ្នា​ទៅ​ពូន​ភ្នំ​ខ្សាច់​ទៀត ហើយ​សូត្រធម៌​អធិដ្ឋាន​ភ្នំខ្សាច់​ដែល​គេ​សន្មត់​ទុក​ដូច​ជាចូឡាមណីចេតិយ ហើយ​និមន្ត​ព្រះសង្ឃ​បង្សុកូល​ចេតិយ​បញ្ជូន​មគ្គផល​ដល់​វិញ្ញាណ​ក្ខន្ធ​បង ឬ ប្អូនដែល​បាន​ស្លាប់​ទៅ។

· ថ្ងៃទី៣ : ពេល​ព្រឹក​និមន្ត​ព្រះសង្ឃ​ឆ្លង​ភ្នំខ្សាច់។ ពេល​ល្ងាច​និមន្ត​ព្រះសង្ឃ​ស្រង់​ទឹក និង​ស្រង់ព្រះពុទ្ធរូប (តាម​ការ​និយម​នៃស្រុក​ខ្លះ)។ នៅ​ក្នុង​ឱកាស​​បុណ្យ​ចូលឆ្នាំ​ថ្មី​នេះ គេ​នាំ​គ្នា​លេង​ល្បែង​ប្រជាប្រិយ​កំសាន្ដ​សប្បាយ​ជា​ច្រើន ដូច​ជា​លេង បោះ​អង្គញ់, ចោល​ឈូង, ទាញ​ព្រ័ត្រ, លាក់​កន្សែង, ចាប់​កូន​ខ្លែង​ជា​ដើម និង​មាន​របាំត្រុដិ (ច្រើន​មាន​នៅខេត្តបាត់ដំបង សៀមរាប និងសព្វថ្ងៃមាននៅភ្នំពេញខ្លះ) ជា​ពិសេស​ទៀត ​គឺ​រាំ​វង់​តែ​អា​ស្រ័យ​ទៅ​តាម​ការ​និយម​ចូលចិត្ត​របស់​មនុស្ស​ម្នាក់ៗ គឺ​ខ្លះ​និយម​នាំ​គ្នា​ដើរ​​កំសាន្ដ​បន្ត ខ្លះ​និយម​ធ្វើ​បុណ្យ​​ទាន​តាម​វត្ត​អារាម។

វាលុកចេតិយ ពាក្យ​សាម​ញ្ញ​ហៅ​ថា «ពូនភ្នំខ្សាច់»។ ការ​ពូន​ភ្នំនេះ ​​គេ​យក​ខ្សាច់​សុទ្ធ​មក​ចាក់​នៅក​ណ្តា​ល​​​​​​​​​​​ទីធ្លា​ ដែល​គេ​បាន​កំណត់ រួចពូនឱ្យ​ចេញ​ជា​រាង​ចេតិយបែរមុខទៅទិសខាងកើត ហើយ​គេ​សន្មត់​ហៅ​ថា «វាលុកចេតិយ» គឺ​តំណាង​ឱ្យ​ព្រះចូឡាមណីចេតិយ​ដែល​សាង​សម្រាប់​បញ្ចុះ​ព្រះកេសា និង​ព្រះចង្កូមកែវ​នៃ​ព្រះពុទ្ធបរមគ្រូ។ ការពូន​ភ្នំ​នេះ បច្ចុប្បន្ន​តំបន់​ខ្លះ គេ​និយម​ពូន​ភ្នំ​អង្ករនៅសាលា​​ឆាន់ ឬ ក្នុង​ព្រះវិហារ​ផង​ដែរ។ ភ្នំខ្សាច់​ដែល​គេ​ពូន​មិន​មាន​កំណត់​ថា ត្រូវ​មាន​ខ្នាត​តូច​ខ្ពស់​ទាប​ប៉ុណ្ណា​ទេ គឺ​ប្រព្រឹត្ត​ទៅ​តាម​ការពេញ​ចិត្ត​របស់​អ្នក​ស្អាង​។ ប៉ុន្តែ​ចាំ​បាច់​ត្រូវ​មាន​ភ្នំ​មួ​យ​នៅ​កណ្តាល ហើយ​ត្រូវ​មាន​ភ្នំ​តូច​ៗ ៤ ​ព័ទ្ធ​ជុំវិញ​គ្រប់​ទិស​តូច​ទាំង ៤ ។ នៅ​ជុំវិញ​ភ្នំ​ គេ​មាន​ធ្វើរាជ​វ័ត តុប​តែង​លំអ​ស្លឹក​ដូង ស្លឹក​រំសែ​ជា​បួន​ជ្រុង​មាន​ទ្វារចេញ​ចូល​តាម​ទិស​ធំ​ទាំង ៤ ។នៅ​ជុំវិញរាជ​វ័តគេ​មាន​រៀប​រាន​ទេវតា​គ្រប់​ទិស​ទាំង ៨។ នៅ​លើ​រាន​ទេវតា​នីមួយៗ​គេ​រៀប​ស្លាធម៌​មួយ​គូ​,បាយ​សី​មួយ​ថ្នាក់មួយ​គូ, ទៀន​៥, ធូប​៥, ផ្កាភ្ញី និង​អុជ​ទៀន​ធូប​ថ្វាយ។ នៅ​ពី​មុខ​ភ្នំ​ខ្សាច់​ក្រៅ​រាជវ័ត គេ​រៀប​រាន​ធំៗ​បី​ទៀត សំរាប់​ថ្វាយ​ព្រះយម​រាជ ស្ថិត​នៅកណ្តាលខាង​ឆ្វេង​រាន​ព្រះយម​រាជ គឺ​រាន​ព្រះពុទ្ធ​គុណ និង​ខាងស្តាំ​គឺ​រាន​ព្រះពិស្ណុការ រាន​ធំ​ទាំង​បី​នេះ គឺ​គេ​រៀប​គ្រឿង​សក្ការៈ​បូជា​ដូច​រាន​ទេវតា​ដែរ តែ​បាយ​សី​ខ្ពស់​រហូត​ដល់ ៩​ថ្នាក់ និង​មាន​ដាក់​សំលៀកបំពាក់​ឆ្វេងស្តាំ ហើយ​មាន​ដាក់​ក្រយា​ថ្វាយ​សោយ​ទៀត​ផង។

រួមអានិសង្ស

ព្រះបរមសាស្តាទ្រង់បានសំដែងអំពីអានិសង្សដែលបានកសាងបុណ្យកុសល ក្នុងឱកាសដាច់ ឆ្នាំចាស់ ចូលឆ្នាំថ្មី ដោយពិស្តារអ្នកដែលបានផ្ងូត (ងួត) ទឹកឱ្យមាតាបិតា គ្រូឧបជ្ឈាយ៍ អាចារ្យ ឬព្រះសង្ឃក្នុងឱកាសសង្ក្រាន្តនោះ រមែងជាស្តេចម្ចាស់ផែនដីមាន រិទ្ធិដ៏មហិមាសំបូរដោយ រតនៈ៧ប្រការ ដេរដាស​ដោយពពួកនាងនារីសឹងមានរូបឆោមដ៏ល្អ និងសំបូរដោយចតុរង្គសេនា ជាអ្នកបាននូវសេចក្តីសុខ​គ្រប់យ៉ាង៕