Microsoft ចង់​បុក​ទីផ្សារ​កុំព្យូទ័រ​យួរដៃ​​ប្រើ Windows 10 តម្លៃ​តែ ១៥០ដុល្លារ​ប្រជែង Chromebook របស់ Google


 តាម​របាយការណ៍​ថ្មី​មួយ​ពី​គេហទំព័រ Digitimes ឲ្យ​​ដឹង​ថា ក្រុមហ៊ុន Microsoft កំពុង​ចង់​ដណ្ដើម​ចំណែក​ទីផ្សារ​ជាមួយ​ស៊េរី​កុំព្យូទ័រ Chromebooks របស់​ក្រុមហ៊ុន Google ដោយ​នឹង​ផលិត​កុំព្យូទ័រ Notebook តម្លៃ​ធូរ​ថ្លៃ​ត្រឹមតែ ១៥០ដុល្លារ។ Notebook ថ្មី​របស់​ក្រុមហ៊ុន Software យក្ស​នេះ នឹង​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Windows 10។

របាយការណ៍​ដដែល​​ឲ្យ​ដឹង​ទៀត​​ថា ក្រុមហ៊ុន Microsoft កំពុង​ផលិត​កុំព្យូទ័រ​ប្រភេទ Notebook ថ្មី​ពីរ​ស៊េរី ដែល​មាន​អេក្រង់ ១១,៦អ៊ីញ។ កុំព្យូទ័រ​យួរ​ដៃ​ទាំងពីរ​ម៉ូដែល​នេះ នឹង​បំពាក់​អង្គ​ប្រតិបត្តិ Bay Trail-T CR (BTCR) ផលិត​ដោយ​ក្រុមហ៊ុន Intel និង Elitegroup Computer System។ តម្លៃ​ខ្ពស់​បំផុត​នៅ​លើ​កុំព្យូទ័រ​របស់ Microsoft ត្រូវ​បាន​រំពឹង​ថា ត្រឹមតែ ១៧៩ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

ក្រុមហ៊ុន Microsoft ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ចេញ​លក់ Notebook ធូរ​ថ្លៃ​ទាំងពីរ​ស៊េរី​នេះ នៅ​អំឡុង​ពាក់​កណ្ដាល​ឆ្នាំ២០១៥ ហើយ​អាច​មាន​តម្លៃ​រៀង​គ្នា​គឺ ១៤៩ដុល្លារ និង ១៧៩ដុល្លារ​អាមេរិក៕