៥ ចំណុច​ដែល​មហាសេដ្ឋី​អាស៊ី​លោក​ Li Ka-Shing​ ចង់​បាន​បំផុត​ពី​សហគ្រិន​​ក្មេងៗ

ប្រិយមិត្ត​អ្នកអាន​ពិត​ជា​បាន​ធ្លាប់​ស្គាល់​​លោក​ Li Ka-Shing រួច​ហើយ​នៅ​ពេល​កន្លង​មក​ ដែល​លោក​​បាន​គ្រង​តំណែង​​ជា​មហាសេដ្ឋី​មាន​ជាងគេ​បំផុត​របស់​ហុងកុង ប្រចាំ​តំបន់​​អាស៊ី​​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​នៅ​ពេល​កន្លងមក។

ជា​មួយ​ទ្រព្យសម្បត្តិ​ប្រមាណ ២៨,៨ ពាន់​លាន​ដុល្លារ​ លោក​គឺ​ជា​កូន​អ្នកក្រ​ម្នាក់​ដែល​មាន​ប្រវត្តិ​​​តស៊ូ​ក្នុង​ជីវិត​មិន​ ធម្មតា​​រហូត​បាន​ក្លាយ​ជា​មហាសេដ្ឋី​ទាំង​មិន​បាន​រៀន​ចប់​ថ្នាក់​ អនុវិទ្យាល័យ​ផង។ ឥឡូវ​នេះ​សាកល្បង​ស្វែង​យល់​ពី​ដំបូន្មាន​របស់​មហាសេដ្ឋី​វ័យ ៨៦ ​រូប​នេះ​ ថា​តើ​មាន​អ្វី​ខ្លះ​​ចែក​រំលែក​ដល់​សហគ្រិន​ជំនាន់​ថ្មី?​​​​​​

១) ជួយ​ចេញ​ថ្លៃ​អាហារ​ឲ្យ​អ្នកណា​ម្នាក់​ដែល​ជោគជ័យ​ជាង​អ្នក​

តាម​ការ​បញ្ជាក់​លោក Li Ka-Shing អត្ថន័យ​នៅ​ក្នុង​ចំណុច​នេះ​គឺ​ថា អ្នក​គួរ​តែ​ចេញ​ថ្លៃ​អាហារ​ដល់​អ្នកណា​ម្នាក់​ដែល​សំខាន់​ជាង​អ្នក​ជា​ ពិសេស​​បុគ្គល​ដែល​ជួយ​ឲ្យ​អ្នក​ជោគជ័យ​យ៉ាង​ហោច​ណាស់​បាន​ម្តង​ដែរ​ក្នុង​ មួយ​ខែ។ ជា​គោលការណ៍ ការ​​​ចំណាយ​របស់​អ្នក​នឹង​ទទួល​បាន​មក​វិញ​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ ទំនាក់ទំនង​ល្អ កិត្តិយស និង ឱកាស​នានា​ដែល​បុគ្គល​ទាំង​នោះ​អាច​ធ្វើ​ឲ្យ​អ្នក​មាន​ពន្លឺ​ជីវិត​ល្អ​ ប្រសើរ​ជាង​មុន។ ​

២) រៀនសូត្រ​ជានិច្ច​

«អ្នក​​គូរ​ដាក់​ខ្លួន​ជា​​កណ្ដៀរ​ស៊ី​ស្លឹក​សៀវភៅ​ដែល​មិន​ចេះ​ស្កប់»។ នេះ​ជា​ការ​លើកឡើង​របស់​លោក Li Ka-Shing ។ លោក​បាន​បន្ត​ថា អ្នក​នឹង​ទទួល​​បាន​ចំណេះដឹង​​ជា​ច្រើន​ចេញ​ពី​ការ​អាន​​សៀវភៅ អត្ថបទ និង ព័ត៌មាន​នានា ហើយ​បម្លែង​វា​ឲ្យ​ទៅ​ជា​​​ទ្រព្យធន​ដ៏​វិសេស​​ធ្វើ​ជា​អាហារ​​ដល់​ខួរក្បាល ​របស់​អ្នក។

ចំណុច​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​ពិបាក​ថា តើ​ត្រូវ​ចាប់​ផ្តើម​ពី​កន្លែង​ណា? យ៉ាងណាមិញ មហាសេដ្ឋី​រូប​នេះ​បាន​ណែនាំ​ថា អ្នក​​គួរ​តែ​ស្វែង​រក​ដៃគូ ឬ មិត្តភក្ដិ​ល្អ​ដែល​​មាន​ចំណង់​ចំណូល​ចិត្ត​ដូច​អ្នក ព្រោះ​បុគ្គល​ប្រភេទ​នេះ​អាច​ចែក​រំលែក​ចំណេះដឹង​បាន​យ៉ាង​ល្អ និង មាន​ឆន្ទៈ​ដូចគ្នា​ទៀត​ផង។ ក្រៅ​ពី​នេះ ត្រូវ​សិក្សា​រៀនសូត្រ​នៅ​តាម​វគ្គ​ខ្លីៗ សន្និសីទ​ សិក្ខាសាលា​នានា ដើម្បី​ពង្រឹង​ទំនាក់ទំនង​ជា​មួយ​មនុស្ស​ថ្មីៗ​កាន់តែ​ច្រើន​ឡើង។​​​​

៣) រៀនសូត្រ​​ឲ្យ​ចេះ​ពី​​សិល្បៈ​នៃ​ការ​លក់​

មហាសេដ្ឋី Li Ka-Shing បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា៖ «រាល់​សហគ្រិន​ទាំងអស់​ ត្រូវ​មាន​គ្រឹះ​ដ៏​រឹងមាំ​មួយ​ នោះ​គឺ​ ជា​បុគ្គល​ដែល​ពូកែ​លក់​នេះ​ឯង»។ ហេតុដូច្នេះ​ហើយ​ អ្នក​ត្រូវ​មាន​ជំនាញ​មួយ​គឺ​ការ​លក់​ តែ​បើ​មិន​មាន​ទេ ត្រូវ​តែ​រៀន​ពី​សិល្បៈ​នៃ​ការ​លក់​នេះ​។ ​​​

លោក​បន្ត​ថា បើ​គ្មាន​បទពិសោធន៍​ការងារ​ក្រៅ​មួយ​តូចតាច ឬ ក៏​ធ្វើ​ការ​លក់រាយ​នៅ​តាម​តូប និង ផ្សារ​នានា​គឺ​ជា​​កន្លែង​ដ៏​​ល្អ​ដើម្បី​ធ្វើ​តេស្ដ​សាកល្បង​សមត្ថភាព​លក់​ របស់​អ្នក។ ​បន្ទាប់​មក​ត្រូវ​តាមដាន​មើល៍​ថា តើ​អ្វី​​ទៅ​ធ្វើ​ឲ្យ​ការ​លក់​របស់​អ្នក​​មាន​ដំណើរការ និង មិន​ដំណើរ​ការ​បាន​ល្អ?​​ តែ​បើ​មិន​ដឹង​ថា​ត្រូវ​លក់​អ្វី គឺ​ត្រូវ​ចាប់​ផ្តើម​រៀន​លក់​ពី​អ្វី​ដែល​អ្នក​ចូលចិត្ត​បំផុត។

៤) ​ដាក់​គម្រោង​ឲ្យ​ច្បាស់លាស់​​រាល់​កិច្ចការ​ដែល​​​ត្រូវ​ធ្វើ

«ជីវិត​ដ៏​ជោគជ័យ គឺ​ជា​ជីវិត​ដែល​មាន​គម្រោង​ច្បាស់លាស់»។ នេះ​ជា​ដំបូន្មាន​របស់​លោក Li Ka-Shing ដែល​អាច​ធ្វើ​ឲ្យ​សហគ្រិន​ម្នាក់​ក្លាយ​ជា​អ្នក​មាន​​ទ្រព្យសម្បត្តិ​ដ៏​ ស្តុកស្តម្ភ​នៅ​ពេល​អនាគត​​​ជា​ពិសេស​លើ​ការងារ​អាជីវកម្ម​តែម្តង។

លោក​និយាយ​ថា សហគ្រិន​គួរតែ​ផ្ដោត​យកចិត្ត​ទុកដាក់ និង ផ្តល់​ឲ្យ​អ្នកដទៃ​នូវ​ជំហាន​ជាក់លាក់​ជា​ច្រើន​​​ដែល​ជា​គម្រោង​ការងារ​ របស់​ខ្លួន និង ត្រូវ​​ធានា​ថា គម្រោង​ទាំង​នោះ​ត្រូវ​បាន​អនុវត្ត​បាន​យ៉ាង​ជោគជ័យ​ទើប​អ្នក​អាច​សម្រាក​ បាន។ ​ពេល​ខ្លះ​​គម្រោង​តែមួយ​មុខ​ក៏​មិន​អាច​ធ្វើ​ឲ្យ​អ្នក​ជោគជ័យ​​ទាំងស្រុង​ នោះ​ដែរ អ្នក​ត្រូវ​មាន​ធនធាន​​មនុស្ស​គ្រប់គ្រាន់​ ស្វែង​យល់​ពី​ចំណុច​ខ្វះ​ខាត​​ និង ឧបសគ្គ​ដទៃ​ទៀត រួម​​​ទាំង​ការ​យកចិត្ត​ទុកដាក់​​ដល់​សុខទុក្ខ​របស់​បុគ្គលិក​គឺ​ជា​កូនសោ​​ ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ។ ​



៥) រស់​នៅ​ឲ្យ​មាន​ច្បាប់​វិន័យ​ត្រឹមត្រូវ និង មាន​មោទនភាព​នូវ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​


ចំពោះ​ចំណុច​នេះ មហាសេដ្ឋី Li Ka-Shing បាន​ផ្តល់​ដំបូន្មាន​ដូច្នេះ​ថា៖ «គ្មាន ​ឡើយ​ភាព​ខ្មាសអៀន ឬ ភាព​អាម៉ាស់​សម្រាប់​សហគ្រិន​វ័យក្មេង។ សហគ្រិន​វ័យក្មេង​រមែង​ធ្វើការ​ថ្លោះធ្លោយ មើល​មិន​បាន​គ្រប់​ជ្រុងជ្រោយ មិន​សូវ​មាន​បទពិសោធន៍​ខ្ពស់ តែ​វា​ជា​រឿង​ធម្មតា​​នោះ​ទេ!»

លោក​បាន​​ពន្យល់​ថា ភាព​បរាជ័យ​គឺ​ជា​រឿង​សាមញ្ញ​សម្រាប់​សហគ្រិន​ តែ​អ្វី​ដែល​សំខាន់​គឺ​ត្រូវ​ធ្វើ​ឲ្យ​ការ​បរាជ័យ​នោះ​ក្លាយ​ជា​បទពិសោធន៍​ របស់​អ្នក។ អ្នក​ត្រូវ​​ដាស់សតិ​ខ្លួន​ឯង និង មាន​ទម្លាប់​មួយ​​ដ៏​ល្អ​​ក្នុង​ការ​ធ្វើ​ឲ្យ​​មហិច្ឆតា​​របស់​អ្នក​ដែល​បាន ​​លើកឡើង​ត្រូវ​​សម្រេច​បាន​ជា​ផ្លែផ្កា។ ​​អ្នក​នឹង​មាន​មោទនភាព​​ចំពោះ​ខ្លួន​ឯង នៅ​ពេល​ដែល​សមិទ្ធផល​របស់​អ្នក​​ផុស​ចេញ​ជា​រូបរាង​ឡើង នេះ​ហើយ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​កាន់តែ​មាន​​ទឹកចិត្ត​ធ្វើ​អាជីវកម្ម៕




ប្រភព៖​ Lifehack