CEO ក្រុមហ៊ុន Apple នឹង​បរិច្ចាគ​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ទាំង​អស់​​ទៅ​អង្គការ​សប្បុរសធម៌​

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Apple លោក​ Tim Cook គ្រោង​នឹង​បរិច្ចាគ​ទ្រព្យ​​ទាំង​អស់​ឱ្យ​ទៅ​អង្គការ​សប្បុរសធម៌​។ នេះ​បើ​តាម​ទស្សនាវដ្ដី​សេដ្ឋកិច្ច​អាមេរិក Fortune។ ​​


ទស្សនាវដ្ដី​ Fortune បាន​ឱ្យ​ដឹង​ថា ​ Tim Cook គ្រោង​នឹង​បរិច្ចាគ​ទ្រព្យសម្បត្តិ​ទាំង​អស់​របស់​លោក​ចំនួន ៧៨៥លានដុល្លារ​ ទៅ​អង្គការ​សប្បុរសធម៌ ក្រោយ​​ពី​ចំណាយ​​​ប្រាក់​ ទៅ​លើ​​​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​របស់​ក្មួយ​ប្រុស​អាយុ ១០ឆ្នាំ​រួច​រាល់​។ មូល​ហេតុ​ដែល​ធ្វើ​ឱ្យ​លោក​ មាន​បំណង​បរិច្ចាគ​ទ្រព្យ​សម្បត្តិ​បែប​នេះ​ គឺ​ដោយ​សារ​មើល​ឃើញ​ពី​​សារ​សំខាន់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​​មួយ​ ចំនួន​ ដូច​ជា​ជំងឺ​អេដស៍ ការ​ប្រែប្រួល​អកាសធាតុ​ និង​ការ​គាំ​ទ្រ​ឱ្យ​មាន​សិទ្ធិ​ស្មើ​គ្នា​​​​។ កាល​ពី​ពេល​កន្លង​ទៅ ​បុរស​រូប​នេះ​ធ្លាប់​បាន​ប្រកាស​ជា​សាធារណៈ​ថា លោក​ជា​ភេទ​ទី​បី គឺ​ក្នុង​គោល​បំណង​​ដើម្បី​​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រើសអើង​ភេទ​ផ្ទុយ​ គ្នា​។

​នៅ​ឆ្នាំ​២០១២ លោក Cook បាន​បរិច្ចាគ​ប្រាក់​៥០លាន​ដុល្លារ​ទៅ​ដល់​មន្ទីរពេទ្យ Stanford នៅ​ជិត​ទីស្នាក់ការ​ធំ​របស់ Apple និង​ ២៥លាន​ដុល្លារ​សម្រាប់​មន្ទីរពេទ្យ​កូន​ក្មេង។ លើស​ពី​នេះ លោក​ក៏​បាន​ផ្ដល់​មូលនិធិ​ចំនួន ៥០លាន​ដុល្លារ​ទៅ​ដល់​អង្គការ Product Red ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍​ ជំងឺ​របេង និង​ជំងឺ​គ្រុនចាញ់​ផង​ដែរ។ នេះ​បើ​តាម​សារព័ត៌មាន The Verge។

កន្លង​ទៅ​មាន​​មហាសេដ្ឋី​ជា​ច្រើន​​ដូចជា Warren Buffett, Bill Gates, Mark Zuckerberg និង​នាយក​ក្រុមហ៊ុន Oracle  លោក Larry Ellison ក៏​បាន​ចូល​រួម​បរិច្ចាគ​ទ្រព្យសម្បត្តិ​របស់​ខ្លួន​យ៉ាង​ច្រើន​ទៅ​ដល់​ អង្គការ​សប្បុរសធម៌​ដូច្នេះ​ដែរ៕ ​



ប្រភព Sabay