កម្ពុជា លត់​ហ្វីលីពីន 3 - 1 នៅថៃ



ក្រុម​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​ ២២ ​ឆ្នាំ បាន​លត់​ក្រុម​ជម្រើស​ជាតិ​ហ្វីលីពីន​អាយុ​ក្រោម​២២ឆ្នាំ ក្នុង​លទ្ធផល ៣-១ នៅ​ល្ងាច​ថ្ងៃ​អង្គារ​នេះ ដើម្បី​​បំបែក​កំណត់​ត្រា​មិន​ដែល​ឈ្នះ​របស់​ខ្លួន នៅ​ក្នុង​ការ​ប្រកួត​ជម្រុះ​ប្រចាំ​ពូល​G នៃ​ពាន​រង្វាន់ AFC U-23 Championship 2016 ដែល​ធ្វើ​នៅ​កីឡដ្ឋាន Rajamangala Stadium ទីក្រុង​បាងកក ប្រទេស​ថៃ។

បើទោះ​បី​ជា​ការ​ឈ្នះ​នេះវា​យឺត​ពេល​ចំពោះ​ U22 កម្ពុជា ក្នុង​ការ​ទទួល​បាន​ឱកាស​ទៅ​វគ្គ​បន្ត ព្រោះ​បាន​ចាញ់​ក្រុម​ម្ចាស់​ផ្ទះ​ថៃ​ដ៏​គួរ​ឲ្យ​សោក​ស្តាយ ២-១ ក្នុង​ការ​ប្រកួត​បើក​ឆាក និង​បន្ត​ចាញ់​ក្រុម​ U22 ​កូរ៉េខាង​ជើង ៤-១ នា​ការ​ប្រកួត​ជម្រុះ​លើក​ទី​ ២ ប៉ុន្តែ​ការ​ឈ្នះ U22 ​ហ្វីលីពីន ៣-១ ក្នុង​ការ​ប្រកួត​បង្រ្គប់​កិច្ច​លើក​ទី​៣​ចុង​ក្រោយ ​នេះ​វា​ជា​លទ្ធ​ផល​ដ៏​ល្អ​ ដើម្បី​លួង​លោម​ដល់​អ្នក​ទស្សនា​ជាជន​​រួមជាតិ ដែល​បាន​ខំ​តាម​ដាន និង​លើក​ទឹក​ចិត្ត​រហូត​មក ពិសេស​ជួយ​ឲ្យជម្រើស​ជាតិ​កម្ពុជា ​​គេច​ផុត​ពី​ពាក្យ​និយាយ​បែប​រិះ​គន់​ថា «ស្ពាយ​តែ​បទ​ពិសោធ​ត្រឡប់​មក​ផ្ទះ​​វិញ»។

បន្ថែម​លើ​នេះ ការ​ឈ្នះ​លើក​នេះ​ក៏​បាន​លប់​បំបាត់​នូវ​ការ​បរាជ័យ​យ៉ាង​អាម៉ាស់​ក្រោម​ ថ្វី​ជើង​ជម្រើស​ជាតិ​ហ្វីលីពីន ក្នុង​លទ្ធ​ផល ៨-០ ​នា​ការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់ AFC Challeng Cup 2014 នៅ​លើ​ទឹក​ដី​​ហ្វីលីពីន កាល​ពី​ថ្ងៃ​២៤ ខែមីនា ឆ្នាំ​២០១៣ ផង​ដែរ ​ជាពិសេស​ក្រុម​ U22 កម្ពុជា ទទួល​​បាន​ប្រាក់​លើក​ទឹក​ចិត្ត​ចំនួន ១ ម៉ឺនដុល្លារ​ពី​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា ពេល​ពួក​គេ​វិល​ត្រឡប់​មក​ដល់​មាតុ​ប្រទេស​វិញ។

នៅ​ក្នុង​ការ​ប្រកួត​បង្រ្កប់​កិច្ច ជាមួយ​ក្រុម​មិន​ដែល​ស្គាល់​រស​ជាតិ​ឈ្នះ​ដូច​គ្នា ហ្វីលីពីន នៅ​ថ្ងៃ​អង្គារ​នេះ លោក Lee Tae Hoon គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា មិន​បាន​ប្រើ​យុទ្ធ​សាស្រ្ត​លេង​បែប​ទប់​ដូច​ពេល​កម្ពុជា​ចាញ់​ថៃ និង​កូរ៉េខាង​ជើង នោះ​ទេ គឺ​លោក​​ផ្លាស់​ប្តូរ​ទម្រង់​លេង​បែប​វាយ​លុក​វិញ​ម្តង ហើយ​​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង ចាន់ វឌ្ឍនាកា ដែល​ធ្លាប់​រក​បាន​ ២ ​គ្រាប់​ ដើម្បី​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ឈ្នះ​ក្រុម​ជម្រើស​ជាតិ​ម៉ាកាវ ៣-០ ក្នុង​ការ​ប្រកួត​ជម្រុះ​ជា​បឋម​ជើង​ទី​ ១ ​ប្រចាំ​ទ្វីប​អាស៊ី នៃ​ពាន​រង្វាន់​បាល់​ទាត់​ពិភព​លោក FIFA World Cup Russia 2018 នៅ​ពហុកីឡដ្ឋាន​ស្តាត​ចាស់ ​កាល​ពី​ថ្ងៃ​ទី​ ១២ ខែមីនា ឆ្នាំ​ ២០១៥ ​កន្លង​មក​នេះ​រក​បាន​ ២ ​គ្រាប់​តែ​ម្នាក់​ឯង។

គ្រាប់​បាល់​ទី​ ១ ​របស់ ចាន់ វឌ្ឍនាកា បាន​កើត​មាន​ឡើង​នៅ​នាទី​ទី​ ៥ តាម​រយៈ​ការ​ទាត់​បាល់​ហ្វ្រី​ឃីត​យ៉ាង​ល្អ​របស់​គេ ហើយ​នៅ​នាទីទី​ ១០ វឌ្ឍនាកា បាន​អូស​បាល់​ចូល​តំបន់​គ្រោះ​ថ្នាក់​របស់​ហ្វីលីពីន យ៉ាង​លឿន រួច​បាន​ទាត់បញ្ជូល​ទី​បាន​យ៉ាង​ល្អ​បំផុត។ បន្ថែម​លើ​នេះ​ការ​ទាត់​បាល់​ជ្រុង​បាន​យ៉ាង​ល្អ​របស់​គេ បាន​ជួយ​ឲ្យ​ខ្សែ​ការពារ សឿយ វិសាល តែត​បាល់បញ្ចូល​ទី​បាន​១​គ្រាប់​ទៀត នៅ​នាទីទី​ ១៦ ដើម្បី​ជួយ​ឲ្យ​កម្ពុជា នាំ​មុខហ្វីលីពីន ៣-០ នៅ​តង់ទី​១។

យ៉ាងណា​មិញ សម្រាប់​ការ​ប្រកួត​នៅ​តង់​ទី​២ កម្ពុជា បាន​គ្រប់​គ្រង​បាន​យ៉ាង​ច្រើន ប៉ុន្តែ​ក្រុម​មួយ​នេះ​មិន​បាន​រក​គ្រាប់​បាល់​បន្ថែម​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ​ការ​ធ្វេស​ប្រហែស​នៅ​តំបន់​ការពារ ក្នុង​ការ​ប្រកួត​ម៉ោង​បន្ថែម​ ៩០+៣ បាន​ធ្វើ​ឲ្យ​ខ្សែ​ប្រយុទ្ធ​ទើប​ដាក់ឲ្យ​ចូល​លេង Arboleda Fitch ​អូស​បាល់​ដាច់​តែ​ឯង រួច​បាន​ស៊ុត​បាល់​ផុត​​ដៃ​អ្នក​ចាំ​ទី អ៊ុំ សេរីរ័ត្ន បញ្ចូល​ទី​បាន​យ៉ាង​ល្អ ដើម្បី​ជួយ​ឲ្យ​ហ្វីលីពីន បំបែក​ពង​មាន់ និង​ចាញ់​ក្រុម​កម្ពុជា ក្នុង​លទ្ធ​ផល ៣-១៕

ប្រភព Postkhmer