ចង់​​ស្វែងរក​គូ​អនាគត​ អ្នក​គួរតែ​រៀបការ​​ជា​មួយ​បុរស ឬ នារី​ដែល​​​​មាន​​លក្ខណៈ​សម្បត្តិ​ទាំង ១៧​ យ៉ាង​នេះ



ការ​ជ្រើសរើស​អ្នកណា​ម្នាក់​មក​​ធ្វើ​ជា​ដៃគូ​ជីវិត​របស់​អ្នក​មិនមែន​ជា​ រឿង​មួយ​ស្រួល​នោះ​ឡើយ ព្រោះ​ថា​បើ​អ្នក​ជ្រើសរើស​ខុស​​ អ្នក​អាច​នឹង​មិនអាច​កសាង​សុភមង្គល​មួយ​បាន​ឡើយ តែ​បើ​អ្នក​ជ្រើសរើស​ត្រូវ​វិញ​នោះ​​ អ្នក​នឹង​ទទួល​បាន​ភាព​ថ្កុំថ្កើង​នៅ​ក្នុង​គ្រួសារ​ជាក់​ជា​មិន​ខាន។ ខាងក្រោម​នេះ​ជា​​លក្ខណសម្បត្តិ​​ទាំង ១៧ ដែល​អ្នក​គួរ​ជ្រើសរើស​អ្នកណាម្នាក់​មក​ធ្វើ​ជា​គូ​អនាគត​របស់​អ្នក។​

១ គោរព​​ជំនឿ​របស់​អ្នក​ និង ឲ្យ​តម្លៃ​អ្នក​
នៅ​ក្នុង​ជីវិត​ស្នេហា មនុស្ស​ដែល​អ្នក​ស្រលាញ់​មិន​ចាំបាច់​​យល់ស្រប​​គ្រប់​រឿង​ដែល​អ្នក​មាន​នោះ ​ឡើយ ប៉ុន្តែ​ជីវិត​គូស្នេហ៍​ដែល​មាន​តម្លៃ​គឺ​ជា​គូស្នេហ៍​ដែល​ចេះ​ឲ្យ​តម្លៃ និង គោរព​គ្នា​ទៅវិញ​ទៅ​មក​។ តើ​អ្នក​អាច​ប្រាប់​បាន​ទេ​ថា អ្នក​ពិត​ជា​អាច​​​រៀបការ​ជា​មួយ​មនុស្ស​ដែល​មិន​អាច​ឲ្យ​តម្លៃ​អ្នក​ សូម្បីតែ​បន្តិច?

២) ប្រែក្លាយ​ជីវិត​អ្នក​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​
​នេះ​ជា​រឿង​សំខាន់​ ​បើ​អ្នក​កត់សម្គាល់​ឃើញ​ថា នារី​ ឬ បុរស​ដែល​អ្នក​ស្រលាញ់​តែងតែ​ជួយ​ជ្រោមជ្រែង​អ្នក​ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​ ម្នាក់​មាន​មុខមាត់​កាន់តែ​ខ្ពស់ មាន​ភាព​រីកចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ គូស្នេហ៍​នោះ​មិនមែន​ជា​មនុស្ស​ដែល​ចាំ​តែ​រិះគន់ ឬ បន្តុះបង្អាប់​​នៅ​ពេល​ដែល​អ្នក​ធ្វើ​ខុស ឬ អសមត្ថភាព​នោះ​ទេ តែ​ជា​អ្នក​ដែល​ព្យាយាម​ប្រែក្លាយ​ភាព​អវិជ្ជមាន​ទៅ​ជា​រឿង​ល្អ​បាន។

៣) ផ្តល់​ទំនុកចិត្ត​​ឲ្យ​គ្នា​ទៅវិញ​ទៅ​មក​

អ្នក​ប្រហែល​ជា​ចូលចិត្ត​ឆែង​សារ​ទូរស័ព្ទ ឬ ចូលចិត្ត​​យក​លេខ Account ចូល​បើក​មើល​ Facebook ​គូស្នេហ៍​របស់​​​ដើម្បី​ចង់​ដឹង​ថា តើ​គេ​ពិត​ជា​ស្មោះ​នឹង​អ្នក​ឬ​យ៉ាងណា? នេះ​ជា​រឿង​ខុសឆ្គង​មួយ​ព្រោះ​ថា វា​ជា​ការ​បង្ហាញ​កាយវិការ​មិន​ទុកចិត្ត​គ្នា​មួយ។ ​យ៉ាងណាមិញ ទំនុកចិត្ត​ក្នុង​ចំណង​គូស្នេហ៍ គឺ​ជា​ភាព​ស្មោះត្រង់​មិន​លាក់លៀម ឬ លេង​ល្បែង​ស្នេហា​ត្រីកោណ​​នេះ​ឯង បើ​មិន​ដូច្នេះ​ទេ​ ទន្សាយ​ក៏​រួច ត្រីរ៉ស់​ក៏​រួច​។

៤) ស្រលាញ់​អ្នក និង ទទួល​យក​អ្វី​​​គ្រប់យ៉ាង​ដែល​អ្នក​មាន​
នារី ឬ បុរស​ដែល​​អ្នក​ស្រលាញ់ គួរតែ​ជា​មនុស្ស​​ម្នាក់​ដែល​ស្រលាញ់​អ្នក និង ទទួល​យក​អ្វីៗ​គ្រប់​យ៉ាង​ដែល​អ្នក​មាន ជា​ពិសេស​មិន​ចូលចិត្ត​កកូរកកាយ​រឿង​អតីតកាល​របស់​អ្នក​តែម្តង។ មួយ​វិញ​ទៀត បុរស​ ឬ នារី​ម្នាក់​នោះ​គួរតែ​ជា​មនុស្ស​ដែល​មិន​​​ព្យាយាម​កែប្រែ​អ្នក​ទៅ​តាម​ អ្វី​ដែល​ខ្លួន​ចង់​បាន​នោះ​ឡើយ ពោល​គឺ​​ទទួល​ស្គាល់​​នូវ​អ្វី​ដែល​អ្នក​មាន​​តាំង​ពី​អតីតកាល រហូត​ដល់​​​ថ្ងៃ​នេះ។

៥) ធ្វើ​ឲ្យ​អ្នក​ញញឹម​គ្រប់ពេល​

សញ្ញាណ​គូស្នេហ៍​ដ៏​ល្អ​មួយ​គឺ​ការ​ផ្តល់​ភាព​រីករាយ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ​នៅ​ពេល​បាន​ជួប​មុខ​គ្នា។ នេះ​មិនមែន​ជា​គូស្នេហ៍​ដែល​ពាក់​មុខ​យក្ស​ដាក់គ្នា ចូលចិត្ត​និយាយ​រឿង​រ៉ាង​ឥតប្រយោជន៍ ឬ ​ឆ្កើះ​​យក​រុងរឿង​​អវិជ្ជមាន​​​រៀងៗ​ខ្លួន​នោះ​ទេ តែ​ជា​ការ​ផ្តល់​នូវ​ស្នាម​ញញឹម​​ឲ្យ​គ្នា។ អ្វី​ដែល​កាន់​តែ​ពិសេស​ជាង​នេះ​ទៀត​​នោះ គឺ​មិន​ចូលចិត្ត​ជាប់​ពាក់ព័ន្ធ​​នឹង​ស្នេហា​ត្រីកោណ​តែម្តង។

៦) មិន​ចាក់ចេញ​ពី​អ្នក​នៅ​ពេល​ដែល​អ្នក​ជួប​បញ្ហា​លំបាក
លក្ខណៈ​សម្បត្តិ​​មួយ​ទៀត​​របស់​នារី ឬ បុរស​ដែល​អ្នក​គូរ​រៀបការ​ គឺ​​ជា​មនុស្ស​ដែល​មិន​បោះបង់​អ្នក​ចោល ឬ ទុក​ឲ្យ​អ្នក​នៅ​ទីទាល់​ម្នាក់​ឯង​នៅ​ពេល​ដែល​អ្នក​ជួប​បញ្ហា​លំបាក។ ​នារី ឬ បុរស​នោះ​ ក៏​គួរតែ​​ជា​អ្នក​ដែល​ជួយ​លើកទឹកចិត្ត​ឲ្យ​អ្នក​​​ខំ​​ប្រឹង​ងើប​ឡើង​វិញ ហើយ​​បើ​សិន​ជា​​​អ្នក​ស្រក់​​ទឹកភ្នែក​ក៏​​សុខចិត្ត​ស្រក់​​ទឹក​ភ្នែក​ជា​ មួយ​អ្នក​ដែរ។

៧) ​ចំណាយ​ពេល​ជា​មួយ​អ្នក​ជា​រឿង​អាទិភាព​​​
បើ​អ្នក​សង្កេត​ឃើញ​ថា នារី ឬ បុរស​ដែល​អ្នក​ស្រលាញ់ ​លះបង់​ពេលវេលា​ជា​ច្រើន​​ដើម្បី​​មើល​ថែ​អ្នក​ច្រើន​ជាង​សកម្មភាព​​​ផ្សេងៗ ​ទៀត​ក្រៅ​ពី​ការងារ​​នោះ ​អ្នក​គួរតែ​សម្រេចចិត្ត​យក​ធ្វើ​ជា​គូ​អនាគត​ទៅ។ ហេតុ​អ្វី​បាន​ជា​ការ​ចែក​រំលែក​ពេល​វេលា​​ឲ្យ​គ្នា​សំខាន់​ខ្លាំង​ម្ល៉េះ? ព្រោះ​ថា គ្មាន​ចំណង​ស្នេហា​ណាមួយ​នៅ​លើ​លោក​យើង​នេះ​ អាច​មាន​ដង្ហើម​ស្ថិតស្ថេរ​ដោយសារ​តែ​គ្មាន​ពេល​វេលា​ថ្នាក់ថ្នម​ជា​មួយ​ គ្នា​នោះ​ឡើយ​។

៨) ​ផ្តល់​ពេលវេលា​គ្រប់គ្រាន់​ឲ្យ​គ្នា​ទៅវិញ​ទៅ​មក

ជា​ការ​ពិត​ អ្នក​មិនមែន​​ចេះ​តែ​នៅ​ជា​មួយ​គ្នា​គ្រប់ពេល​វេលា​នោះ​ទេ ពោល​គឺ​អ្នក​ត្រូវ​ការ​ពេល​វេលា​ជា​ច្រើន​ទៀត​ដូច​ជា ​ពេល​វេលា​ធ្វើ​ ជួបជុំ​មិត្តភក្ដិ ចូលរួម​កម្មវិធី​ផ្សេង​។ល។ ជា​ដើម។ នេះ​ជា​អ្វី​ដែល​អ្នក​គួរតែ​យល់​ពី​បញ្ហា​នេះ​ដើម្បី​​ផ្តល់​ពេលវេលា​សមគួរ​ ដល់​គូស្នេហ៍​របស់​អ្នក​អាច​ចែក​រំលែក​ពេលវេលា​​ទាំង​នេះ​ខ្លះ។ មនុស្ស​ត្រូវ​ការ​សេរីភាព​ បើ​អ្នក ឬ គូស្នេហ៍​អ្នក​បាន​ព្យាយាម​បំបិទ​សេរីភាព​នេះ មិន​យូរ​មិន​ឆាប់​ស្នេហា​នឹង​ដល់​ផ្លូវ​បំបែក​ជា​មិន​ខាន។​​​

៩) កោត​សរសើរ​អ្នក ​​​
នារី ឬ បុរស​ដែល​អ្នក​គូរ​រៀបការ​គួរតែ​ជា​មនុស្ស​ដែល​កោតសរសើរ និង បង្ហាញ​អារម្មណ៍​រីករាយ​នៅ​ពេល​ដែល​អ្នក​ជោគជ័យ ទោះបី​ជា​អ្នក​បាន​តែង​ខ្លួន​ស្អាត​ក្តី ឬ មិន​តែង​ខ្លួន​ក្តី។ គូស្នេហ៍​ដែល​បង្ហាញ​អារម្មណ៍​យកចិត្ត​ទុកដាក់​កោតសរសើរ​ឲ្យ​គ្នា​ទៅវិញ​ទៅ​ មក​​នេះ​គឺ​ជា​ឱសថ​ទិព្វ​បណ្ដុះ​គ្រាប់ពូជ​ស្នេហា​ឲ្យ​ដុះ​លូតលាស់​យូរ​ អង្វែង​បាន។

​១០) គោរព​ពាក្យសន្យា

នៅ​ក្នុង​ចំណង​ស្នេហា ការ​គោរព​ពាក្យសន្យា​ គឺ​ជា​រឿង​សំខាន់​មួយ​ដែល​គូស្នេហ៍​ទូទៅ​មាន​ការ​ប្រុងប្រយ័ត្ន​បន្តិច។ ​នៅ​ពេល​ដែល​អ្នក​សង្កេត​ឃើញ​ថា នារី ឬ បុរស​ដែល​អ្នក​ស្រលាញ់​បាន​គោរព​សន្យា ​មិន​យក​លេស ឬ ដោះសា​ច្រើន នេះ​ជា​​អ្វី​ដែល​អ្នក​គិតពិចារណា​​ដើម្បី​​ជ្រើសរើស​ធ្វើ​ជា​​គូ​អនាគត។ ​យ៉ាងណាក៏ដោយ​ អ្វី​ដែល​​គូស្នេហ៍​របស់​អ្នក​សន្យា​មិន​ប្រាកដ​ថា ​ធ្វើ​​បាន​ ១០០% នោះ​ទេ ពោល​គឺ​មាន​ហេតុ​ផល​ខ្លះ​ដែល​​អ្នក​គួរតែ​អនុគ្រោះ​​ និង យោគយល់​ផង​ដែរ ដែល​ការ​យោគយល់​នេះ​ហើយ​ជា​ត្រើយ​នៃ​សុភមង្គល​របស់​អ្នក។

១១) ស្រលាញ់​គ្រួសារ​អ្នក
អ្នក​ត្រូវ​សង្កេត​មើល​ដែរ​​នៅ​ត្រង់​ចំណុច​នេះ ព្រោះ​ថា​ពេល​ខ្លះ​​គូស្នេហ៍​អ្នក​​គ្រាន់តែ​និយាយ​​ឲ្យ​ផុត​ពី​មាត់​ថា ស្រលាញ់​គ្រួសារ​របស់​អ្នក​។ បើ​សិន​ជា​អ្នក​សង្កេត​​ឃើញ​ថា គូស្នេហ៍​របស់​អ្នក​ព្យាយាម​គេចវេស ឬ មិន​ចង់​ជួប និង​ ​មិន​សូវ​ឲ្យ​តម្លៃ​គ្រួសារ​អ្នក​ជា​ពិសេស​ឪពុក​ម្តាយ​​របស់​អ្នក​ទេ​នោះ វា​ដាក់​ដល់​ដំណាក់កាល​មួយ​ដែល​អ្នក​ត្រូវ​ពិចារណា។ តើ​បើ​អ្នក​សង្កេត​ឃើញ​​ថា គូស្នេហ៍​អ្នក​ពិត​ជា​​​ស្រលាញ់​គ្រួសារ​អ្នក ដូច​ស្រលាញ់​អ្នក​ពិតប្រាកដ​មែន​នោះ អាច​ជ្រើសរើស​ជា​​គូ​អនាគត​បាន។

១២) ទទួល​ខុសត្រូវ និង ទទួលស្គាល់​កំហុស​របស់​ខ្លួន

គ្មាន​អ្នកណា​ម្នាក់​ល្អ​ឥតខ្ចោះ​នោះ​ទេ​នៅ​លើ​លោក​យើង​នេះ ហេតុដូច្នេះ​ហើយ​មាន​ពេល​ខ្លះ​គូស្នេហ៍​របស់​អ្នក​ប្រព្រឹត្ត​ទង្វើ​មិន​ គប្បី​មួយ​ចំនួន។ យ៉ាងណាមិញ បើ​នារី ឬ បុរស​ដែល​អ្នក​ស្រលាញ់​បាន​​​ទទួល​ខុសត្រូវ និង ទទួល​ស្គាល់​កំហុស​របស់​​ខ្លួន ហើយ​បាន​សុំ​អភ័យទោស​​ពី​អ្នក​នោះ​ វា​មិនមែន​ជា​រឿង​មួយ​ដែល​អ្នក​មិន​អាច​លើកលែង​ទោស​បាន​នោះ​ដែរ​។ តែ​បើ​​គូស្នេហ៍​អ្នក​​មាន​កំហុស​ហើយ តែ​នៅ​តែ​មិន​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន​ទៀត​នោះ វា​ល្មម​គ្រប់គ្រាន់​ធ្វើ​ឲ្យ​អ្នក​ដក​ខ្លួន​ចេញ​ដែរ។

១៣) យកចិត្ត​ទុកដាក់​ស្តាប់​អ្វី​ដែល​អ្នក​និយាយ
ភាព​រឹង​ទទឹង មិន​ស្តាប់​មតិយោបល់ ឬ គំនិត​របស់​គូស្នេហ៍​​ក្នុង​ទំនាក់ទំនង​​ប្រចាំ​ថ្ងៃ​ នេះ​សញ្ញាណ​អាក្រក់​មួយ​នៅ​ក្នុង​ចំណង​​គូស្នេហ៍។ ផ្ទុយ​ទៅវិញ​បើ​គូស្នេហ៍​របស់​អ្នក​ជា​មនុស្ស​ចូលចិត្ត​ស្តាប់​ហេតុ​ផល​របស់ ​អ្នក ចែក​រំលែក​បទពិសោធន៍​ជា​មួយ​គ្នា បង្ហាញ​ចំណាប់​អារម្មណ៍​ឲ្យ​គ្នា នោះ​ជា​សក្ខី​​ភាព​មួយ​បញ្ជាក់​ថា អ្នក​កំពុង​មាន​គូស្នេហ៍​ដ៏​ល្អ​មួយ​រូប​សម្រាប់​គូ​អនាគត​ហើយ។

១៤) មាន​ទស្សនវិស័យ​រួម​ជា​មួយ​អ្នក​នៅ​ពេល​អនាគត​

ថ្វីត្បិត​តែ​នាង ឬ បុរស​ដែល​អ្នក​ស្រលាញ់​មិន​​ធ្លាប់​ដើរ​ជា​មួយ​អ្នក​ពី​មុន​មក​ក្តី តែ​បើ​អ្នក​ទាំងពីរ​បាន​ចាប់​ដៃ​គ្នា​​ហើយ​សម្លឹង​មើល​អនាគត​រួមគ្នា​មួយ​ ហើយ​នោះ វា​ជា​​ចំណុច​ល្អ​​មួយ​នៅ​ក្នុង​ការ​ចាប់​ផ្តើម​កសាង​​គ្រួសារ​​​។ គម្រោង​ហិរញ្ញវត្ថុ ការងារ ការ​កំណត់​ទំហំ​គ្រួសារ​ជា​ដើម ​បើ​អ្នក​ទាំងពីរ​មាន​ចំណុច​រួម​នេះ​ហើយ​​នោះ វា​ស័ក្ដិសម​សម្រាប់​ចាប់ដៃ​គ្នា​បាន​ហើយ។

១៥) មិន​ហុតទឹកសម្លឹងកាក​

អ្នក​ប្រហែល​ជា​ធ្លាប់​ឮ​គេ​និយាយ​ថា បុរសៗ​ភាគ​ច្រើន​បាន​ខ្លួន​ប្រាណ​គេ​ហើយ​បោះបង់​ចោល​​ទៅវិញ។ យ៉ាងណាមិញ សម្រាប់​បុរសៗ​ដែល​គិត​គូរ​ពី​អនាគត​​នេះ​មិនមែន​ស្រលាញ់​នារី ម្នាក់​ដោយសារ​កត្តា​មួយ​នេះ​នោះ​​ឡើយ ហើយ​នារី​ក៏​ដូច្នេះ​ដែរ​មិនមែន​ស្រលាញ់​បុរស​ម្នាក់​ដោយសារ​តែ​បុរស​នោះ​​ មាន​លុយ​ចាយ​ហូរហៀរ បាន​បុណ្យស័ក្ដិ​ខ្ពស់​​​នោះ​ដែរ។ ​គូស្នេហ៍​​ពិត គឺ​ជា​​គូស្នេហ៍​ដែល​​មិន​ប្រាថ្នា​ចង់​បាន​អ្វី​​ពី​គ្នា​ទាំងអស់​ក្រៅ​ពី​ ភក្តី​ភាព។

១៦) ជា​មនុស្ស​ដែល​មាន​ការ​តស៊ូ​ព្យាយាម

ចាត់​ទុក​ថា ជា​រឿង​សំណាង​មួយ​សម្រាប់​អ្នក​ ប្រសិន​បើ​អ្នក​រក​ឃើញ​ថា បុរស ឬ នារី​ដែល​អ្នក​ស្រលាញ់​ជា​មនុស្ស​ដែល​មាន​ការ​ព្យាយាម​​ពុះពារ​គ្រប់​ ឧបសគ្គ។ មនុស្ស​បែប​នេះ​មិនសូវ​​បាន​ច្រើន​នោះ​ទេ ហេតុ​នេះ​បើ​អ្នក​ឲ្យ​តម្លៃ​ទៅ​​គូស្នេហ៍​ដែល​មាន​គុណសម្បត្តិ​បែប​នេះ​មែន គឺ​ប្រសើរ​ជាង​យក​ជីវិត​របស់​អ្នក​ទៅ​ផ្ញើរ​នឹង​មនុស្ស​មួយ​ចំនួន​​ដែល​ គ្មាន​គុណសម្បត្តិ​ទាំង​នេះ។

១៧) ស្មោះត្រង់​នឹង​អ្នក​

ភាព​ស្មោះត្រង់​ជា​រឿង​សំខាន់​បំផុត​មួយ​​នៅ​ក្នុង​ជីវិត​គូស្នេហ៍។ បើ​អ្នក​​សង្កេត​ឃើញថា​គូស្នេហ៍​អ្នក​​លួច​មាន​ស្នេហា​ត្រីកោណ ភូត​កុហក​អ្នក​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ពី​រឿង​មួយ​ទៅ​រឿង​មួយ ឬ អាច​និយាយ​សាមញ្ញ​ថា ក្រឡេចក្រឡុច​ច្រើន​នោះ​​​​ អ្នក​គួរតែ​ដកខ្លួន​ឲ្យ​ហើយ​ទៅ។ យ៉ាងណាមិញ អ្នក​គួរតែ​រៀបការ​ជា​មួយ​នារី ឬ បុរស​ដែល​​ស្មោះត្រង់​នឹង​អ្នក​ទើប​ជា​ការ​ប្រសើរ៕

ប្រភព: BNEWS