ឆ្លង​កាត់​ដំណាក់​កាល​៤​យ៉ាង​នេះ​រួច ​អ្នក​​​អាច​​រៀប​ការ​រស់​នៅ​ជាមួយ​គ្នា​ដោយ​សុខសាន្ត​បាន

ស្រលាញ់​គ្នា​ជា​ការ​ងាយ​ទេ តែ​ការ​ដែល​រក្សា​ចំណង​ស្នេហា​របស់​អ្នក​ឲ្យ​បាន​យូរ​អង្វែង​​ទៅ​វិញ​ទេ​ ដែល​​ជា​ការ​លំបាក​នោះ។ គិត​​​ទៅ​​ពាក្យ​ថា ​”ស្នេហា” ​មួយ​ម៉ាត់​នេះ​ មិន​មែន​ងាយ​ស្រួល​ទេ។ បើ​អញ្ចឹង​​​ដើម្បី​អាច​រក្សា​​ស្នេហា​មួយ​​ឲ្យ​បាន​​ល្អ តើ​យុវវ័យ​​គួរ​តែ​​ធ្វើ​អ្វី​ខ្លះ​ទៅ ដើម្បី​បង្ហាញ​ថា​​អ្នក​​ទាំង​ពីរ​​ពិត​ជា​អាច​​រស់​នៅ​ជាមួយ​គ្នា​បាន?
មាន​​យុវវ័យ​​ខ្លះ​​ឲ្យ​​យោបល់​​​ដូច​ខាង​​ក្រោម៖
​​ ​
១. ឆាប់​ខឹង​​តែ​លួង​ឆាប់​ត្រូវ​គ្នា​វិញ
​ កញ្ញា​ សុជាតា អាយុ​២៥ឆ្នាំ ជា​បុគ្គលិក​នៃ​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ ​AMK បាន​ប្រាប់​ពី​ទស្សនៈ​​របស់​ខ្លួន​ទាក់​ទង​ទៅ​នឹង​ចំណុច​នេះ​ថា អ្នក​ខ្លះ​​ស្រលាញ់​គ្នា​ តែ​ឃើញ​ឧស្សាហ៍​ឈ្លោះ​គ្នា​ណាស់​ តែ​មិន​ចេះ​បែក​គ្នា​សោះ​ ​ដោយ​សារ​តែ​ពួក​គេ​មាន​ចរិត​ឆាប​​ឆេវឆាវ​ ឆាប់​ខឹង​គ្នា។

សុជាតា បន្ត​ថា៖ “មិត្តភ័ក្តិ​ខ្ញុំ​ម្នាក់​ក៏​មាន​រឿង​អញ្ចឹង​ដែរ​ ស្រលាញ់​គ្នា​ជាង​៣ឆ្នាំ​ហើយ​ ឈ្លោះ​គ្នា​ញឹក​ញាប់​ណាស់​​។ ពេល​ខ្ញុំ​សួរ​ថា​ បើ​ឈ្លោះ​គ្នា​យ៉ាង​ហ្នឹង​ម៉េច​មិន​​បែក​គ្នា​ហ្មង​ទៅ ចាំ​បាច់​​នៅ​ទ្រាំ​ដល់​ណា​ទៀត​ បើ​​នៅ​ជាមួយ​គ្នា​ មិន​ចុះ​សម្រុង​គ្នា​អញ្ចឹង ប៉ុន្តែ​គេ​ប្រាប់​ខ្ញុំ​ថា​ បាន​អី​បែក​គ្នា​កើត​ បើ​​​សង្សារ​​​​គេ​​ពូ​កែ​លួង​សឹង​អី ហើយ​គ្នា​ក៏​ជា​មនុស្ស​ចិត្ត​ទន់​ទៀត​ ​ឲ្យ​តែ​ឈ្លោះ​គ្នា​មិន​ដែល​ខឹង​គ្នា​បាន​យូរ​នោះ​ទេ”។

២. មិន​ចេះ​មើល​ងាយ​គ្នា​ ទោះ​ឈ្លោះ​គ្នា​បែក​ផ្សែង​ក៏​ដោយ
ចំណុច ​ខាង​លើ​ជា​ការ​លើក​ឡើង​របស់​​យុវជន ឆោម សុភ័ក្រ​ អាយុ​២៤ឆ្នាំ និស្សិត​ច្បាប់​​នៃ​សាកល​វិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា និយាយ​ថា៖ “ទោះ​បី​ជា​​យើង​ស្រលាញ់​គ្នា​យូរ​ប៉ុណ្ណា​ក៏​ដោយ​ តែ​បើ​សិន​ជា ចូល​ចិត្ត​រំលើក​បើក​កកាយ មើល​ងាយ​គ្នា​​​អញ្ចេះ​អញ្ចុះ ​ពេល​ដែល​មាន​រឿង​ឈ្លោះ​គ្នា​ នោះ​បញ្ជាក់​ថា​​ ​ស្នេហា​របស់​អ្នក​មិន​អាច​​គង់វង្ស​​​យូរ​អង្វែង​បាន​ទៀត​ទេ។ ខ្ញុំ​ស្រលាញ់​សង្សារ​​​ត្រង់​ចំណុច​ហ្នឹង​។ គាត់​មិន​ដែល​ចេះ​មើល​ងាយ​ខ្ញុំ​​សូម្បី​តែ​ម្ដង ទោះ​បី​ជា​ពួក​យើង​មាន​បញ្ហា​ឈ្លោះ​គ្នា​យ៉ាង​ណា​ក៏​ដោយ”។ សុភ័ក្រ បន្ថែម​យ៉ាង​ដូច្នេះ។

៣. ហ៊ាន​ឆ្លើយ​សំនួរ​ ដែល​​គូ​សង្សារ​មួយ​ចំនួន​​​​​ពិបាក​​ឆ្លើយ​
ភាព ​ស្មោះ​ត្រង់​ពិត​ជា​សំខាន់​ខ្លាំង​ណាស់ ទោះ​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ។ យ៉ាង​ណា​មិញ​ ស្នេហា​ក៏​អញ្ចឹង​ដែរ។ លើក​ឡើង​ពី​បញ្ហា​នេះ លោក ហ៊ុល កុសល អាយុ​២៦ឆ្នាំ ដែល​ទើប​តែ​រៀប​ការ​កាល​ពី​ខែ​មីនា​កន្លង​ទៅ​នេះ បាន​ប្រាប់​ត្រង់​ៗ​ថា៖ “កាល​ពី​មុន​ខ្ញុំ​​រៀប​ការ​ ប្រពន្ធ​របស់​ខ្ញុំ​ក៏​សម្ភាស​ខ្ទេច​ខ្ទី​អស់​គ្មាន​សល់​ដែរ។ សំនួរ​មួយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​​ស្ទាក់​ស្ទើរ​មិន​ដឹង​ថា​ត្រូវ​ឆ្លើយ​ថា​ ម៉េច​នោះ​ គឺ​នៅ​ពេល​ដែល​​នាង​សួរ​ថា តើ​ខ្ញុំ​ធ្លាប់​ដែល​ប៉ះ​ពាល់​ខ្លួន​នារី​ណា​ពី​មុ​ន​មក​ឬ​​ទេ?”។
“ទម្រាំ​តែ​ដាច់​ចិត្ត​ថា​ឆ្លើយ​ប្រាប់​នាង​តាម​ត្រង់​ ខ្ញុំ​គិត​ហើយ​គិត​ទៀត​ ថា​​គួរ​តែ​និយាយ​តាម​ត្រង់​ ឬ ​ក៏​លាក់​មិន​ឲ្យ​ដឹង។ ចុង​ក្រោយ​​ក៏​ប្រាប់​ប្រពន្ធ​ខ្ញុំ​តាម​ត្រង់​ទាំង​អស់ ​តែ​​នាង​មិន​ត្រឹម​តែ​មិន​ប្រកាន់​ទេ ថែម​ទាំង​សរសើរ​ពី​ខ្ញុំ​ថា​ ជា​បុរស​ស្មោះ​ត្រង់​ ហ៊ាន​ទទួល​ខុស​ត្រូវ​មែន”។ កុសល ថ្លែង​តាម​ត្រង់​យ៉ាង​ដូចនេះ។

៤. ​បញ្ជាក់​ពី​ក្ដី​ស្រលាញ់​របស់​អ្នក​ដល់​គូ​សង្សារ
​ ​​​​អ្នក​ខ្លះ​មាន​ទស្សនៈ​ថា បើ​ស្រលាញ់​នរណា​ម្នាក់​ ដាច់​ខាត​មិន​ត្រូវ​​បញ្ចេញ​ក្ដី​ស្រលាញ់​ខ្លាំង​ពេក​ទេ កុំ​ឲ្យ​គេ​ដឹង​ចិត្ត។ “បើ​ស្រលាញ់​ មិន​ត្រូវ​ឲ្យ​គេ​ដឹង​ចិត្ត” តើ​ពាក្យ​មួយ​ឃ្លា​នេះ​ ពិត​ជា​ត្រឹម​ត្រូវ​មែន​ឬ?
យុវជន ហៀក ប៊ុនឃៀង អាយុ​២៣ឆ្នាំ និស្សិត​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​ បាន​បញ្ចេញ​ទស្សនៈ​ផ្ទាល់​ខ្លួន​ថា៖ “អ្នក​ខ្លះ​គេ​គិត​បែប​នេះ​មែន តែ​ខ្ញុំ​មិន​យល់​ដូច្នេះ​នោះ​ទេ។ បើ​យើង​ស្រលាញ់​នរណា​ម្នាក់​ត្រូវ​តែ​បង្ហាញ​ក្ដី​ស្រលាញ់​​នោះ​ដល់​គេ មិន​ថា​តាម​រយៈ​កាយវិការ ឬ​ពាក្យ​សម្ដី​​នោះ​ទេ ព្រោះ​មនុស្ស​ស្រលាញ់​គ្នា​ មិន​ត្រូវ​មាន​រឿង​លាក់​បាំង​ជាមួយ​គ្នា​ជា​ដាច់​ខាត។ បើ​ធ្វើ​បែប​នេះ​បាន​​មែន​ ​ស្នេហា​របស់​អ្នក​នឹង​ផ្អែម​ល្ហែម​ខ្លាំង​ឡើងៗ​ជា​មិន​ខាន​ឡើយ”៕