បន្ទាប់ពីទូរសព្ទខ្មែរដំបូងបានប្រកាសបង្ហាញរូបរាងជាផ្លូវការ និងទទួលការចាប់អារម្មណ៍ប្រិយមិត្តមួយចំនួន Sabay បានសាកសួរនៅតាមបណ្តាហាងលក់ទូរសព្ទមួយចំនួនពីទូរសព្ទខ្មែរ ប៉ុន្តែពួកគេហាក់បង្ហាញពីភាពស្ទាក់ស្ទើរពីវត្តមានរបស់ទូរសព្ទមួយនេះ ខណៈព័ត៌មានទូរសព្ទខ្មែរនៅតែជាអាថ៌កំបាំង។
លោក សុខ លី ម្ចាស់ហាងលក់ទូរសព្ទសុខលី បានឲ្យដឹងថា កន្លងទៅលោកបានទទួលព័ត៌មានដែលចុះផ្សាយជាហូរហែពីទូរសព្ទខ្មែរតាមរយៈបណ្ដាញព័ត៌មានផ្សព្វផ្សាយនានា ជាពិសេសនៅលើបណ្ដាញសង្គម Facebook។ ប៉ុន្តែរហូតមកដល់ពេលនេះ លោកនៅតែមិនបានទទួលព័ត៌មានជាក់លាក់ពីទូរសព្ទខ្មែរនេះទេ ហើយក្រុមហ៊ុនដែលអះអាងដែលបានបង្កើតទូរសព្ទខ្មែរនេះក៏មិនទាន់មានការផ្សព្វផ្សាយឬទាក់ទងអីនោះដែរ។
“ខ្ញុំមិនទាន់ឃើញទូរសព្ទខ្មែរហ្នឹងរូបរាងយ៉ាងម៉េចផង ដោយក្រុមហ៊ុនដែលអះអាងបង្កើតទូរសព្ទខ្មែរនោះក៏មិនដែលទំនាក់ទំនងអីដែរ”។
លោកថា ព័ត៌មានពីទូរសព្ទខ្មែរនេះហាក់មិនមានព័ត៌មានណាគួរឲ្យទុកចិត្តនៅឡើយទេ។ “ខ្ញុំមិនដឹងថាទូរសព្ទដែលគេអះអាងនោះជាទូរសព្ទខ្មែរពិតប្រាកដឬយ៉ាងម៉េចនោះទេ”។ លោកបន្ថែមជាមួយចម្ងល់។
ចំណែកលោក សុធី ម្ចាស់ហាងលក់ទូរសព្ទនៅម្តុំឃ្លាំងរំសេវក៏ឲ្យដឹងដែរថា ទូរសព្ទខ្មែរនេះហាងលោក នៅមិនទាន់មានលក់ទេ។
“ខ្ញុំមិនទទួលបានព័ត៌មានគួរឲ្យទុកចិត្តពីទូរសព្ទខ្មែរនេះទេ។ ក្រុមហ៊ុនដែលអះអាងផលិតទូរសព្ទខ្មែរនេះក៏មិនទាន់ផ្តល់ព័ត៌មានឬផ្សព្វផ្សាយឲ្យទូលំទូលាយពីទូរសព្ទខ្មែរនេះដែរ”។
លោកថា លោកក៏ចាប់អារម្មណ៍ពីទូរសព្ទខ្មែរនេះដែរ តែក៏ត្រូវមើលលើតម្រូវការទីផ្សារតើមានសក្ដានុពលកម្រិតណាសម្រាប់ការនាំយកមកលក់។
ក្រុមហ៊ុន Jezetek Khmer Comservice ដែលបានអះអាងពីការផលិតទូរសព្ទខ្មែរដំបូងគេបានបើកសម្ពោធរូបរាងទូរសព្ទខ្មែរ C2 កាលពីពេលថ្មីៗនេះ ដោយអះអាងជាស្នាដៃបង្កើតឡើងដោយកូនខ្មែរ។
ទូរសព្ទខ្មែរ C2 ត្រូវបានរចនាឡើងប្រកបដោយលក្ខណៈសម្បត្តិដ៏គួរឲ្យចាប់អារម្មណ៍មួយចំនួនដូចជា ដើរដោយប្រព័ន្ធប្រតិបត្តិការ Android 4.2, CPU Quad Core 1.5 GHz Cortex-A7, អេក្រង់ ៥ អ៊ីង, RAM 2 GB និងអង្គចងចាំ 32 GB។ ទូរសព្ទដ៏ទំនើបនេះមានកាមេរ៉ាក្រោយ 13 Mega Pixel និង កាមេរ៉ាមុខ 5 Mega Pixel និងដែលមានពុម្ព និងក្ដារចុចអក្សរខ្មែររួចជាស្រេច។
យ៉ាងណា Sabay នឹងទាក់ទងក្រុមហ៊ុននេះសម្រាប់ព័ត៌មានបន្ថែមជុំវិញការដាក់លក់នៅតាមទីផ្សាររបស់ទូរសព្ទខ្មែរនេះ។
ចុះប្រិយមិត្តបានឃើញនិងបានប្រើប្រាស់ទូរសព្ទខ្មែរនេះហើយឬនៅ? បើដឹងអីខ្លះជួយប្រាប់ប្រិយមិត្តយើងផង។